រាជធានីភ្នំពេញ ៖ មន្ដ្រីសុរិយោដីខណ្ឌឫស្សីកែវម្នាក់បានគាបស្លាប់ក្នុងរថយន្ដ កាលពីវេលាម៉ោង០០និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ នៅលើកំណាត់ ផ្លូវជាតិលេខ១ ជិតវត្ដចំប៉ា ក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយរវាងរថយន្ដកុងតឺន័ររបស់ក្រុមហ៊ុន SK និងរថយន្ដម៉ាកឡិចស៊ីស។
ជនរងគ្រោះមានឈ្មោះ លឹម វណ្ណឌី ភេទប្រុស អាយុ៣១ឆ្នាំ ជាមន្ដ្រីសុរិយោដីខណ្ឌឫស្សីកែវ បើករថយន្ដម៉ាកឡិចស៊ីស RX330 ពណ៌ទឹកប្រាក់ និងរថយន្ដម្ខាងទៀតប្រភេទកុងតឺន័រ របស់ក្រុមហ៊ុនSK ។ មុនពេលកើតហេតុ រថយន្ដឡិចស៊ីសបានបើកពីភ្នំពេញទៅកៀនស្វាយ តាម បណ្ដោយផ្លូវជាតិលេខ១។
លុះមកដល់ចំណុចកើតហេតុក៏បានជ្រុលបុកនឹងរ៉ឺម៉កម៉ូតូដែលកំពុង បើកស្របទិសគ្នា ហើយរថយន្ដក៏រេចង្កូតទៅខាងឆ្វេងដៃទៅបុកជាមួយរថយន្ដកុងតឺន័រដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹង បណ្ដាលឱ្យ រថយន្ដឡិចស៊ីសក្រពិត គាបអ្នកបើកបរស្លាប់នៅក្នុងរថយន្ដតែម្ដង អ្នកបើកបររថយន្ដកុងតឺន័ររត់គេចខ្លួនបាត់ ចំណែក អ្នកជិះលើរ៉ឺម៉កចំនួន៩នាក់ក៏រងរបួសផងដែរ ៕