បាតុភូតធម្មជាតិ​គ្រោះថ្នាក់​ដូចជា ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ បន្ត​វាយលុក​តំបន់​ខ្ពង់រាប​នៅ​កម្ពុជា​

, , Comment closed

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​ បាន​​​ជូ​ន​ដំ​ណឹ​ងពី​ព្យុះភ្លៀង ដែល​អាច​កើតមាន​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៨ ខែមីនា រហូតដល់​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៣ នៅ​តំបន់​ខ្ពង់រាប ដែលជា​តំបន់​សំបូរ​ដោយ​ភ្នំ​។ ក្រសួង​ជំនាញ ក៏បាន​អំពាវនាវ​ឲ្យ​មហាជន បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​។​

 

​សេចក្តីជូនដំណឹង ស្តីពី ស្ថានភាព​អាកាសធាតុ ចុះហត្ថលេខា​ដោយ​លោក លឹម គានហោ នា​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៣ បាន​បញ្ជាក់ថា បន្ទាប់ពី​បានធ្វើ​ការសង្កេត តាមដាន និង​វិភាគ​លើ​ស្ថានភាព​អាកាសធាតុ​រួចមក ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាបជូន​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាបថា ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង សៀមរាប កំពង់ធំ ស្ទឹងត្រែង ក្រចេះ និង​ខេត្តកំពង់ចាម នឹងមាន​បាតុភូតធម្មជាតិ​គ្រោះថ្នាក់​មួយចំនួន ដូចជា ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ ( Thunderstorm ) កើតឡើង​បន្ថែមទៀត​។​

 

សេចក្តីជូនដំណឹង​ដដែល បាន​បញ្ជាក់ថា ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ធ្វើការ​អំពាវនាវ​ដល់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​ខេត្ត ដូច​បាន​ជម្រាបជូន​ខាងលើ សូម​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​។ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន និង​កំពុងធ្វើការ​តាមដាន​ស្ថានភាព​អាកាស​អាតុ​នេះ ជាប់​ជាប្រចាំ និង​ធ្វើ​សេចក្តីជូនដំណឹង​បន្ថែម ក្នុងករណី​ចាំបាច់​៕

19-m