លោក ម៉ុង ឫទ្ធី ទទួល​សាងសង់​លំនៅដ្ឋាន​ជូន​ប្រជាពលរដ្ឋ​៤៩​គ្រួសារ នៅ​ភូមិ​កែវផុស ឯ​ថវិកា​ជា​បន្ទុក​របស់​សម្តេច ហ៊ុន សែន​

, , Comment closed

​រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីប្រកាស​របស់​ទីស្តីការគណរដ្ឋមន្ត្រី ចុះហត្ថលេខា​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៣ បាន​បញ្ជា​ឲ្យ​លោក ម៉ុង ឫទ្ធី ជួយ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ចំនួន​៤៩​គ្រួសារ នៅ​ភូមិ​កែវផុស ខេត្ត​ព្រះសីហនុ ដែល​រង​ការឈូសឆាយដី និង​ផ្ទះសម្បែង ដោយ​រៀបចំ​កន្លែង​ស្នាក់នៅ​ជា​បណ្តោះអាសន្ន និង​រៀបចំ​ជាង​សាងសង់​លំនៅដ្ឋាន​ជូន​ប្រជាពលរដ្ឋ​ឡើងវិញ ឯ​ថវិកា​សាងសង់​ជា​បន្ទុក​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​។​

 

​ទាក់ទង​នឹង​បញ្ហា​នេះ លោក ម៉ុង ឫទ្ធី មានប្រសាសន៍ថា លោក​កំពុងតែ​រៀបចំ​កន្លែង និង​សាង​សង់ផ្ទះ​ជូន​ប្រជាពលរដ្ឋ តាម​បញ្ជា​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ដោយឡែក​ប្រមុខ​រាជរដ្ឋាភិបាល ក៏បាន​ចេញ​បញ្ជា​ឲ្យ ប្រធាន​អាជ្ញាធរ​ជាតិ ដោះស្រាយ​ទំនាស់​ដីធ្លី លោក ប៊ិន ឈិន និង​គ្រប់​ក្រសួង ស្ថាប​ន័​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ រួមមាន​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគ​រោ​ប​នីយកម្ម ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ដោះស្រាយ​បញ្ហា​នេះ ឲ្យ​បាន​ត្រឹមត្រូវ​។​

 

សម្តេចនាយក​រដ្ឋមន្ត្រី ក៏បាន​ប្រកាស​និរាករណ៍​សេចក្តីជូនដំណឹង ចុះ​ថៃទី​៧ ខែ​មី​ថុ​នា ឆ្នាំ​២០១១ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពី​ករណី​ទំនាស់​ដីធ្លី​នៅ​ភូមិ​កែវផុស ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ខេត្តកោះកុង បច្ចុប្បន្ន​នៅ​ភូមិ​កែវផុស ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ រវាង​លោក ជៀម ផែន ជាមួយនឹង​ប្រជាពលរដ្ឋ​ចំនួន​៤៩​គ្រួសារ​។ គួរ​បញ្ជាក់ថា កន្លងទៅ​កម្លាំង​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ បាន​ឈូសឆាយ​ដីចម្ការ និង​ដំនាំ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​កែវផុស ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ តាម​ការសម្រេច​របស់​តុលាការ​៕

19-m