មហាសន្និបាត វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដាក់ចេញ​នូវ​សេចក្តីសម្រេចចិត្ត​ចំនួន ៨​ចំណុច​

, , Comment closed

​រាជធានី​ភ្នំពេញ ៖ គណបក្ស​ប្រជាជន​កម្ពុជា​បានបញ្ចប់​​ម​ហា​ស​ន្និ​បា​ត​​វិ​សា​ម​ញ្ញ​របស់ខ្លួន​នៅ​ល្ងាច ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៣ បន្ទាប់ពី​បាន​ចំណាយពេល​អស់ពីរ​ថ្ងៃ ចាប់តាំងពី​ព្រឹក​ថ្ងៃទី​១៦ ខែមីនាដើម្បី​ពិភាក្សា​លើ​កម្មវិធី​នយោបាយ​ថ្មី ដែលជា​របៀបវារៈ​នយោបាយ​ដ៏​សំខាន់បំផុត​របស់​គណ​បក្ស​ក្នុង​ការបម្រើ​ឲ្យ ការឃោសនាបោះឆ្នោត​នាពេលខាងមុខ​។

​ក្នុង​មហាសន្និបាត វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា មានការ​ប្រកាស​គាំទ្រ​បេក្ខភាព​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​នីតិកាល​ទី​៥ នៃ​រដ្ឋសភា និង​នីតិកាល​បន្ដបន្ទាប់​ទៀត​។ មហាសន្និបាត​វិសាមញ្ញ តំណាង​ទូទាំងប្រទេស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​បានបញ្ចប់​ជាមួយ​ការដាក់ចេញ​នូវ​សេចក្តីសម្រេចចិត្ត​ចំនួន ៨ ចំណុច ដែល​ខ្លឹមសារ​ទាំងស្រុង​ដូចតទៅ​៖

១-​មហាសន្និបាត បាន​ឯកភាព​លើ​ការវាយតម្លៃ​លទ្ធផល​នៃ​ការអនុវត្ត​កម្មវិធី​នយោបាយ​គណបក្ស​ពី ឆ្នាំ​២០០៨-២០១២ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០១៣ ដោយបាន​កត់សម្គាល់​ប្រកបដោយ​មោទនភាព ចំពោះ​សមិទ្ធផល​ធំៗ​លើ​គ្រប់​វិស័យ ដែល​រាជរដ្ឋាភិបាល​ក្នុង​នីតិកាល​ទី​៤ ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សម្រេច បាន​ក្នុង​ដំណើរ​ការកសាង និង​ការពារជាតិ​រយៈពេល​ជិត ៥ ឆ្នាំ​មកនេះ​។ សន្តិភាព ស្ថេរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ត្រូវបាន​ថែរក្សា​យ៉ាងរឹងមាំ ប្រជាជន​បានរស់នៅ​យ៉ាង​សុដុមរ​មនា​ក្នុងសង្គម​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ សិទ្ធិសេរីភាព  និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កាន់​បាន​លើកកម្ពស់​។ រាល់​កំណែទម្រង់​រដ្ឋ​ស៊ីជម្រៅ ត្រូវបាន​ជំរុញ​អនុវត្ត​ប្រកបដោយ​ផ្លែផ្កា ជាពិសេស​កំណែទម្រង់​ជលផល តាមរយៈ​ការ​លុប​ឡូ​តិ៍​នេសាទ​ទឹកសាប​ទាំងអស់ ទុក​ជូន​ប្រជាជន ធ្វើការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ និង​កំណែទម្រង់​ដីធ្លី​តាមរយៈ​ការ​នុ​វត្ត “​នយោបាយ​ចាស់ សកម្មភាព​ថ្មី​” លើ​វិស័យ​ដីធ្លី ដែល​បានទទួល​ការអបអរសាទរ និង​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ប្រជាជន និង​គ្រប់​មជ្ឈដ្ឋាន​ក្នុងសង្គម​។ វិស័យសេដ្ឋកិច្ច សម្រេចបាន​កំណើន ៧,៣ ភាគរយ នៅ​ឆ្នាំ​២០១២ ទោះបី​ជាមាន​ឥទ្ធិពល​ពី​វិបត្តិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សកល​ក៏ដោយ​។ គោលដៅ​អភិវឌ្ឍន៍​សហសវត្ស ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​ត្រូវបាន​សម្រេច ដែល​ក្នុងនោះ អត្រា​ភាពក្រីក្រ បាន​ធ្លាក់ចុះ​ពី ២២,៩ ភាគរយ ក្នុង​ឆ្នាំ​២០០៩ មក​នៅត្រឹម​រង្វង់ ២០ ភាគរយ ក្នុង​ឆ្នាំ​២០១១ ហើយ​រំពឹងថា នឹង​ធ្លាក់​ចុះមក​នៅត្រឹម ១៩ ភាគរយ​នៅ​ឆ្នាំ​២០១៣​។ ព្រម​ជាមួយនេះ កិត្យានុភាព និង​កិត្តិនាម​របស់​កម្ពុជា កាន់តែ​បាន​លើក កម្ពស់​លើ​ឆាក​អន្តរជាតិ កម្ពុជា​បាន​ចូលរួម​ដោយ​ស្មើភាព ស្មើ​សិទ្ធិ​ជាមួយ​បណ្តា​ប្រទេស​ក្នុងការ​ដោះស្រាយ​កិច្ចការ​តំបន់ ក៏​ដូច​ពិភពលោក​។ មហាសន្និបាត​គាំទ្រ​ពេញទំហឹង ចំពោះ​ការប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​បន្ត​អនុវត្តន៍ ឲ្យ​បាន​ជោគជ័យ​នូវ​កម្មវិធី​យោ​បាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​២ និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​បច្ចុប្បន្ន​កម្ម​ឆ្នាំ​២០០៩-២០១៣​។​

២- មហាសន្និបាត បានអនុម័ត​សេចក្តីប្រកាស ស្តីពី កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​កសាង និង​ការពារ​មាតុភូមិ​ឆ្នាំ ២០១៣-២០១៨ ដែល​បង្ហាញ​ច្បាស់​នូវ​គោលដៅ​ជា​យុទ្ធសាស្ត្រ បណ្តា​គោលការណ៍​គ្រឹះ និង​គោលនយោបាយ​លើ​គ្រប់​វិស័យ ដើម្បី​បំពេញភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន​ក្នុង​រយៈពេល ៥ ឆ្នាំ​បន្តទៀត​។ ទន្ទឹមនេះ បាន​ពិនិត្យ​វាយតម្លៃ​រាល់​ការងារ ត្រៀម​រៀបចំ​របស់​គណបក្ស​គ្រប់​ថ្នាក់ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ដណ្តើម​ជ័យជម្នះ ក្នុងការ បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ ខាងមុខនេះ​។ មហាសន្និបាត​បញ្ជាក់​ច្បាស់​នូវ​ការចូលរួម​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ក្នុងការ​បោះឆ្នោត​នេះ ក្នុង​ស្មារតី​គោរព​អនុវត្តន៍​យ៉ាង​ម៉ឹងម៉ាត់ តាមច្បាប់​បទបញ្ជា​នីតិវិធី និង​ក្រមសីលធម៌​សម្រាប់​ការបោះឆ្នោត ហើយ​ធ្វើ​សហប្រតិបត្តិការ​យ៉ាង​ស្មោះស្ម័គ្រ​ជាមួយ​គ្រប់​ស្ថាប័ន​ជាតិ គ្រប់​គណបក្សនយោបាយ និង​គ្រប់​មជ្ឈដ្ឋាន​ផ្សេងទៀត ដើម្បី​ធានា​ឲ្យ​ការបោះឆ្នោត​បាន​ប្រព្រឹត្តទៅ ដោយ​ជោគជ័យ​ប្រកបដោយ​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្ត​ធម៌​។​

៣- មហាសន្និបាត​គាំទ្រ​ជា​ឯកច្ឆ័ន្ទ​បេក្ខភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​នីតិកាល​ទី ៥ នៃ​រដ្ឋសភា និង​នីតិកាល​បន្តបន្ទាប់​ទៀត​។ មហាសន្និបាត បញ្ជា​ក់នូវ​ជំហ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ប្រកាន់យក​គោលការណ៍​រៀបចំ​រាជរដ្ឋាភិបាលចម្រុះ ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្រប់​មជ្ឈដ្ឋាន​ស្នេហា​ជាតិ ដោយ​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ ឈរលើ​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ដើម្បី​ពង្រឹងកម្លាំង​មហា​សាមគ្គី​កសាង និង​ការពារ​មាតុភូមិ​។​

៤-​មហាសន្និបាត សំដែង​នូវ​ការគោរព និង​ការកោតសរសើរ​ចំពោះ​ក្រុមការងារ និង​គណៈកម្មាធិការ​គ​ណ​បក្ស​គ្រប់​ថ្នាក់ ព្រមទាំង​មន្ត្រី សមាជិក សមាជិកា គណបក្ស​គ្រប់រូប​ដែល​បានរួម​សាមគ្គី​យ៉ាងរឹងមាំ ជុំវិញ​គណៈកម្មាធិការ​កណ្តាល ផ្សារភ្ជាប់​ជិតស្និទ្ធ​ជាមួយ​ប្រជាជន ប្រឹងប្រែង​ពុះពារ សម្រេច​រាល់​ភារកិច្ច ដែល​គណបក្ស​បាន​ប្រគល់ជូន​ខ្នះខ្នែង ជួយ​កសាង​សមិទ្ធផល​យ៉ាងច្រើន នៅ​មូលដ្ឋាន និង​រួមចំណែក​ដណ្តើមបាន​ជ័យជម្នះ ក្នុងការ​បោះឆ្នោត​ជា​បន្តបន្ទាប់​កន្លងមក ហើយ​ត្រៀម​រាល់​លក្ខណៈសម្បត្តិ​បានល្អ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​។​

៥- មហាសន្និបាត សម្តែង​កតញ្ញូតាធម៌​ដ៏​ជ្រាលជ្រៅ​បំផុត ចំពោះ​ជន​រួ​ជាតិ នៅ​គ្រប់ទិសទី ដែល​បានផ្តល់​ការគាំទ្រ​យ៉ាង​ធំធេង ចំពោះ​បុព្វហេតុ​ដ៏​យុត្ត​ធម៌​របស់​គណបក្ស​ប្រជាជន​កម្ពុជា តាំងពី​ដំណាក់កាល​សង្គ្រោះ​ជាតិ ពី​របប​ប្រល័យពូជសាសន៍ មកដល់​បច្ចុប្បន្ន ហើយ​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា កើនឡើង​ពី​ការបោះឆ្នោត​មួយ​ទៅកាន់​ការបោះឆ្នោត​មួយទៀត ធ្វើ​ឲ្យ​គណបក្ស​កាន់តែ​មានលទ្ធភាព​ក្នុងការ​បំពេញភារកិច្ច​ជូន​ជាតិ និង​ប្រជាជន​។ ព្រម​ជាមួយនេះ មហាសន្និបាត​សម្តែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​បណ្តា​ប្រទេស​ជា​មិត្ត​ជិត​ឆ្ងាយ​សហគមន៍​អន្តរជាតិ និង​សង្គម​ស៊ីវិល ដែល​បាន និង​កំពុងផ្តល់​ការឧបត្ថម្ភ​គាំទ្រ​ដ៏​ថ្លៃថ្លា​ដល់​ប្រជាជន​កម្ពុជា ដើម្បី​បុព្វហេតុ​សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និង​អភិវឌ្ឍន៍​។​

៦- មហាសន្និបាត អំពាវនាវ​ដល់​ជនរួមជាតិ​គ្រប់ទិសទី និង​គ្រប់​មជ្ឈដ្ឋាន​ក្នុងសង្គម សូម​ផ្តល់​ការគាំទ្រ និង​ចូលរួម​អនុវត្តន៍​យ៉ាងសកម្ម​នូវ​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន កម្ពុជា ដើម្បី​រួមគ្នា​បន្ត​ពុះពារ​ជំនះ​រាល់​ឧបសគ្គ និង​រាល់​ការលំបាក​ទាំងឡាយ ក្នុង​ដំណើរ​រីកចម្រើន​របស់​ជាតិ ហើយ​បង្កើត​សមិទ្ធផល​ធំៗ​ថ្មីៗ​ទៀត ក្នុង​បុព្វហេតុ​កសាង​អភិវឌ្ឍន៍ និង​ការពារ​មាតុភូមិ​កម្ពុជា​។​

៧-​ក្នុងឱកាស​នោះដែរ គណៈកម្មាធិការ​កណ្តាល បាន​បោះឆ្នោត​ជ្រើសតាំង​លោក ស៊ីម កា ជា​ប្រធាន​គណៈកម្មាធិការ​ហិរញ្ញវត្ថុ នៃ​គណៈកម្មាធិការ​កណ្តាល​ជំនួស​លោក ជា សុទ្ធ ដែល​បានទទួល​មរណភាព​។​

៨-​មហាសន្និបាត​ប្រគល់​ភារកិច្ច ជូន​គណៈកម្មាធិការ​ក​ណ្តា​ល ដើម្បី​ដឹកនាំ​អនុវត្តន៍​រាល់​សេចក្តីសម្រេចចិត្ត​របស់​មហាសន្និបាត ឲ្យ​ទៅជា​សកម្មភាព​ជាក់ស្តែង របស់​គណបក្ស​ទាំងមូល​ប្រកបដោយ​ជោគជ័យ ដែល​ឆ្លើយតប​ទាំងស្រុង​ទៅនឹង​បំណងប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​ប្រជាជន​យើង​៕

19-m