ដោះស្រាយ​បញ្ចប់​ជម្លោះ ក្នុង​ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា ដោយ​ផ្លាស់ប្តូរ​អគ្គនាយក​ថ្មី​

, , Comment closed

​រាជធានី​ភ្នំពេញ ៖ លោក សូរ ឃុន រដ្ឋមន្ត្រី ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ផ្ទេរតំណែង ថ្នាក់ដឹកនាំ​ទូរគមនាគមន៍​កម្ពុជា​កាលពី​ព្រឹក ថ្ងៃទី​១៨ ខែមីនាឆ្នាំ​២០១៣ ដោយ​លោក ឡៅ សារឿន អតីត​អគ្គនាយក​ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា ត្រូវបាន​តម្លើង​ទៅជា អនុរដ្ឋលេខាធិការ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ រីឯ​លោក កិ​ម វិ​ក្រា ដែលជា​អគ្គនាយករង​ត្រូវបានតែងតាំង​ជា អគ្គនាយក ។​

 

​លោក សូរ ឃុន បាន​សាទរ​ចំពោះ​ការចូល​កាន់តំណែង​ថ្មី របស់លោក កិ​ម វិ​ក្រា ក្នុង​អាណត្តិ​ទី​៣ ដោយ​លោក ចាត់ទុកថា សកម្មភាព​នេះ ជា​ដំណោះស្រាយ​ដ៏​ប្រសើរ​បំផុត ស្របតាម​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ។ លោក ឡៅ សារឿន ក៏បាន​ទទួល​តំណែង​មួយ​សមរម្យ តាមរយៈ​ការតែងតាំង របស់​រាជរដ្ឋាភិបាល ឱ្យទៅជា​មន្ត្រី​នយោបាយ​ជា​រៀងរហូត ។​

គួររំលឹកថា កាលពី​ពាក់កណ្តាល​ខែកុម្ភៈ ឆ្នាំ​២០១៣ បុគ្គលិក​ប្រមាណ​២០០​នាក់ ក្នុងចំណោម​បុគ្គលិក ៦០០​នាក់  របស់​ទូរគមនាគមន៍​កម្ពុជា បានធ្វើ​ពហិការ មិន​ចូលធ្វើការ ដោយ​នាំគ្នា​ឈរ​លើក​បដា នៅខាងមុខ​ក្រុមហ៊ុន​ទាមទារ​ឱ្យ​លោក ឡៅ សារឿន គ្រង​តំណែង​ជា​អគ្គនាយក​ក្រុមហ៊ុន អស់​ជាង​រយៈពេល​៥​ឆ្នាំ ឬ​ជិត​ដល់​២​អាណត្តិ ចុះ​ចេញពី​ដំណែង ក្រោម​មូល​ហេតុថា អគ្គនាយក​រូបនេះ ដឹកនាំ​មិនមាន ភាព​រីកចំរើន​។​

ប្រាក់ចំណូល​ថ្លៃ​ឆ្លងកាត់ របស់​ទូរគមនាគមន៍ បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ រយៈពេល​ជិត ៣​ឆ្នាំ​មកនេះ ដោយ​កាលពី​ឆ្នាំ​២០១១ ទូរគមនាគមន៍ ទទួលបាន​ប្រាក់ចំណូល​ពី​ការឆ្លងកាត់​ចំនួន ១៦​លាន​ដុល្លារ (​និយាយ​ជា​តួលេខ​ទាំងមូល​) ហើយ​នៅ​ឆ្នាំ​២០១២ ក៏បាន​ធ្លាក់ចុះ​ត្រឹម ១១​លាន​ដុល្លារ ហើយ​ឆ្នាំ​២០១៣​នេះ រឹតតែ​ធ្លាក់ចុះ កាន់តែច្រើន​ថែមទៀត ។ នេះ​បើតាម​ការលើកឡើង របស់លោក កិ​ម វិ​ក្រា អគ្គនាយក​ថ្មី របស់​ទូរគមនាគមន៍​កម្ពុជា​៕

19-m