ខេត្តកំពង់ចាម ៖ លោក ឃុន រ៉ាន់ ជាប្រធានសាខាគយនិងរដ្ឋាករខេត្តកំពង់ចាម មានជំនាញប្រមូលលុយពីការដឹកជញ្ជូនទំនិញខុសច្បាប់រាប់ទាំងការដឹកជញ្ជូនឈើឆ្លងកាត់ខេត្កកំពង់ចាមដោយគ្មានការយោគយល់ចំពោះឈ្មួញណាម្នាក់ឡើយ។ ប៉ុន្តែសម្រាប់ឈ្មួញមួយចំនួនដែលជាបក្ខពួករបស់គាត់ដែលធ្លាប់មានទំនាក់ទំនងក្នុងការបង់លុយជាប់ជាប្រចាំ អាចរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធ ឬទំនិញខុសច្បាប់ពីព្រំដែនយួន មករាជធានីភ្នំពេញយ៉ាងរលូនល្អមិនដែលមានឧបសគ្គអ្វីឡើយ។
មន្ត្រីតូចតាចមួយចំនួនបានលើកឡើងថា បច្ចុប្បន្ននេះ លោក ឃុន រ៉ាន់ បានលើកបន្តុបតែលេខារបស់គាត់ម្នាក់ឈ្មោះ កូ សាំងស៊ីន ឲ្យចាត់ចែងមន្ត្រីគយចុះដាក់ប៉ុស្តិ៍ជជុះតាមផ្លូវសំខាន់ៗដើម្បីប្រមូលលុយពីការដឹកជញ្ជូនទំនិញរបស់ក្រុមឈ្មួញទាំងទំនិញស្របច្បាប់ និងទំនិញខុសច្បាប់ជាពិសេសគ្រប់ករណីដឹកជញ្ជូនឈើឆ្លងកាត់ខេត្តកំពង់ចាម របស់ឈ្មួញទាំងតូចទាំងធំ ទោះជាឈ្មួញដែលជ្រកក្រោមស្បែកជាកម្លាំងប្រដាប់អាវុធ ក៏លោក កូ សាំងស៊ីន ទទួលភារកិច្ចប្រមូលលុយដុំៗយកទៅជូនលោក ឃុន រ៉ាន់ ផងដែរ ហើយមន្ត្រីគយដទៃទៀត បានត្រឹមតែអង្គុយស្ងាបក្នុងសាខាគយ និងទទួលបានរបបឧបត្ថម្ភបន្តិចបន្តួច។
កន្លងមកលោក កូ សាំងស៊ីន បានអនុវត្តន៍គោលការណ៍របស់លោក ឃុន រ៉ាន់ ត្រង់ដូចបន្ទាត់ក្នុងការចាត់តាំងមន្ត្រីឲ្យចុះដាក់ប៉ុស្តិ៍ជជុះ ក៏ដូចជាការប្រមូលលុយខែពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធឬទំនិញខុសច្បាប់មកពីវៀតណាម តាមច្រកត្រពាំងផ្លុង ច្រកដូង៧ដើម និងច្រកដូនរ័ត្ន ពោលគឺសកម្មភាពដឹកជញ្ជូនទំនិញគេចពន្ធតាមរថយន្តយីឌុបរបស់ក្រុមឈ្មួញធំៗដែលមានខ្នងបង្អែកពេលខ្លះលោក ឃុន រ៉ាន់ បញ្ជាឲ្យមន្ត្រីប្រមូលលុយថ្លៃបាយ ប៉ុន្តែមិនសូវហ៊ានកោសរូសអ្វីទេ។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋដែលដឹកជញ្ជូនគ្រឿងអេតចាយកសិផល ឬការនាំចូលគ្រឿងចក្រមកប្រើប្រាស់ តាមរបៀបគ្រួសារ ក៏ត្រូវលោក ឃុន រ៉ាន់ បង្ក្រាបក្រោមលេសអនុវត្តន៍បទបញ្ជារបស់ថ្នាក់លើ ។
លោក ឃុន រ៉ាន់ ក៏បានចាត់តាំងឲ្យលោក កូ សាំងស៊ីន ប្រមូលលុយពីមន្ត្រីគយដែលជារបបអប្បហារ ដែលជាប្រាក់ភាគរយបានមកពីការពិន័យ ឬបង្ក្រាបទំនិញគេចពន្ធក្រោមរូបភាពថាប្រមូលលុយយកទៅជូនថ្នាក់លើ ហើយរៀងរាល់ចុងខែលោក កូ សាំងស៊ីន ត្រូវមានភារកិច្ចប្រមូលលុយភាគរយ ឬកាត់របបពីមន្ត្រីគយតូចតាចដោយមិនរើសមុខយកទៅប្រគល់ជូនលោក ឃុន រ៉ាន់ ដែលត្រូវឡើងមកប្រជុំនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ដើម្បីរាយការណ៍ពីប្រាក់ចំណូលប្រចាំខែ ក្នុងសប្តាហ៍ទី១ រៀងរាល់ខែ។ មានការបញ្ជាក់ផងដែរថា រថយន្តតូចៗដែលដឹកទំនិញស្របច្បាប់គឺត្រូវបង់ពន្ធនាំចូលពី៤ទៅ៥លានរៀល ប៉ុន្តែសម្រាប់រថយន្តយីឌុបធំៗដែលផ្ទុកលើសទម្ងន់បំផ្លាញផ្លូវស្ពាននិងបង់ពន្ធមិនគ្រប់ ក្នុងមួយរថយន្តប្រមូលពន្ធបានត្រឹមតែ ១ទៅ៣លានរៀលប៉ុណ្ណោះ ។
ចំពោះរថយន្តដឹកជញ្ជូនទំនិញរបស់ឈ្មួញធំៗ នៅច្រកដូនរ័ត្ន ភាគច្រើនជាទំនិញគ្រឿងចាប់ហួយ គ្រឿងអេឡិចត្រូនិក គ្រឿងសំណង់ ប៉ុន្តែការបង់ពន្ធជាក់ស្តែងមានចំនួនតិចតួចប៉ុណ្ណោះ ពុំមានតុល្យភាពទាល់តែសោះ ទៅនឹងសកម្មភាពដឹកជញ្ជូនទំនិញតាមរថយន្តយីឌុប ផ្ទុកលើសទម្ងន់ ។ ត្រង់ចំណុចនេះបានបង្ហាញឲ្យឃើញពីភាពមិនប្រក្រតីនៃការប្រមូលចំណូលពន្ធដែលគេសង្ស័យថា វាហូរចូលហោប៉ៅមន្ត្រីគយពុករលួយ ច្រើនជាងបង់ចូលជាថវិកាជាតិ ហើយនៅមានសកម្មភាពនាំចេញឈើប្រណីតទៅវៀតណាម តាមច្រកត្រពាំងផ្លុង និងច្រកដូង៧ដើម ដែលមានសកម្មភាពមមាញឹកជាងគេ ទាំងយប់ទាំងថ្ងៃ មិនដឹងជាលោក ឃុន រ៉ាន់ ប្រមូលបានផលប្រយោជន៍បានកម្រិតណានោះទេ។
លោក ឃុន រ៉ាន់ អាចក្តោបក្តាប់បានគ្រប់មុខសញ្ញារកស៊ីដឹកជញ្ជូនទំនិញទាំងស្របច្បាប់និងខុសច្បាប់ក៏ដូចជាក្រុមឈ្មួញដែលរកស៊ីដឹកជញ្ជូនឈើឆ្លងកាត់ខេត្តកំពង់ចាម ដែលពេលខ្លះលោក ឃុន រ៉ាន់ មិនបានចេញមុខទៅប្រមូលលុយពីក្រុមឈ្មួញដោយផ្ទាល់នោះទេ គ្រាន់តែគាត់ប្រើប្រាស់លេខាដ៏មានអំណាចម្នាក់ គឺលោក កូ សាំងស៊ីន ឲ្យទៅប្រមូលលុយជំនួស។ លោក ឃុន រ៉ាន់ ត្រូវបានប្រជាពលរដ្ឋ ស្គាល់ច្បាស់ តាមរយៈសកម្មភាពបើករថយន្តប្រដេញឡានដឹកប្រេងគេចពន្ធ ហើយបុកគ្នាផ្ទុះឆេះលើស្ពាន គីហ្សូណា ព្រោះមុនពេលឡើងធ្វើជាប្រធានសាខាគយខេត្តកំពង់ចាម លោក ឃុន រ៉ាន់ ជាប់ឈ្មោះជាមន្ត្រីគយដែលពូកែកាប់ដាវប្រមូលផលប្រយោជន៍ទៅច្រកហោប៉ៅផ្ទាល់ខ្លួន៕
