ខេត្តស្ទឹងត្រែង ៖ ក្រោយពេលអង្គភាពប្រឆាំងអំពើពុករលួយបានចេញលិខិតសុំឲ្យលោក ឡា មនោរិទ្ធ ជាប្រធានពន្ធនាគារខេត្តស្ទឹងត្រែងបំភ្លឺជាលាយលក្ខណ៍អក្សរចំពោះពាក្យបណ្តឹងរបស់មន្ត្រីអនុរក្សពន្ធនាគារតូចតាច ដែលបានដាក់ពាក្យបណ្តឹងពាក់ព័ន្ធភាពមិនប្រក្រតីនិងអំពើពុករលួយរបស់ថ្នាក់ដឹកនាំអង្គភាពពន្ធនាគារខេត្តស្ទឹងត្រែង គេយល់ថា អ្វីដែលលោក ឡា មនោរិទ្ធ បានប្រព្រឹត្តក្នុងការប្រមូលលាភសក្ការៈយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន ជាពិសេសករណីកិបកេងលួចលាក់ស៊ីឈ្មោះមន្ត្រីខ្មោចចំនួន១៣នាក់អស់រយៈពេល៧ឆ្នាំ គិតជាទឹកប្រាក់ប្រមាណ ៣ពាន់លានរៀល គឺជាចំណុចរសើបបំផុត ដែលលោក ឱម យ៉ិនទៀង មិនត្រូវមើលរំលងនោះទេ។
មន្ត្រីពន្ធនាគារតូចតាចបានលើកឡើងថា លោក ឡា មនោរិទ្ធ បានលួចលាក់ស៊ីឈ្មោះមន្ត្រីខ្មោច គឺប្រភេទមន្ត្រីដែលមានឈ្មោះបើកប្រាក់ខែ ហើយគ្មានវត្តមានមកបំពេញការងារប្រចាំថ្ងៃចំនួន១៣នាក់ រួមមាន រួមមាន១.ឈ្មោះ ប៉ិន សំអូន អនុប្រធានការិយាល័យ ២.លោក ផង អ៊ិនប៉ង ជាប្រធានផ្នែក ៣.លោក ឡា វិចិត្រ អនុប្រធានផ្នែក ត្រូវជាកូនរបស់លោកប្រធានពន្ធនាគារ ឡា មនោរិទ្ធ ទី៤.លោក ចាវ សំណាង ជាមន្ត្រីត្រូវជាកូនរបស់លោក ចាវ ថៃ ជាប្រធានការិយាល័យ ៥.លោក ក្រ ថងឌី ជាមន្ត្រី ៦.លោក រ័ត្ន ម៉ាណាជាមន្ត្រី ៧.លោក ផឹក សុធារ៉ា ជាមន្ត្រី ៨.លោក តូច យ៉ុល ជាមន្ត្រី ៩.លោក ហោ ដារ៉ា ជាមន្ត្រី ១០.លោក ហ៊ី រីវ៉ាន់ ជាមន្ត្រី ១១.លោក អ៊ុច ណារ៉េត ជាមន្ត្រី ១២.លោក ជុំ សុភាព ជាមន្ត្រី និងទី១៣. លោក តើយ យ៉ន ជាមន្ត្រី ។
ការលួចលាក់ស៊ីឈ្មោះមន្ត្រីខ្មោចនេះបានកើតឡើងតាំងពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០១១ គឺរយៈពេល៧ឆ្នាំមកហើយដែលប្រធានពន្ធនាគារខេត្តស្ទឹងត្រែងលោក ឡា មនោរិទ្ធ បានលួចលាក់ស៊ីឈ្មោះមន្ត្រីខ្មោចដែលគិតជាសាច់ប្រាក់វិញ ប្រមាណ៣ពាន់លានរៀលឯណោះ។ បញ្ហាលួចលាក់រក្សាទុកឈ្មោះមន្ត្រីខ្មោច ដែលលោក ឡា មនោរិទ្ធ និងគូកនរបស់គាត់បានប្រព្រឹត្តនាពេលកន្លងមកអាចចាត់ទុកជា ការព្រហើនបំផុតចំពោះវិធានការរឹតបន្តឹងរបស់រដ្ឋាភិបាលក្នុងការលុបឈ្មោះមន្ត្រីខ្មោច តាមរយៈការធ្វើជំរឿន ជាច្រើនលើករួចមកហើយ ដើម្បីលុបបំបាត់ភាពអសកម្មនិងអំពើពុករលួយដែលនាំឲ្យខាតបង់ថវិកាជាតិរាប់លានដុល្លារអាមេរិកដោយសារតែការលួចលាក់រក្សាទុកឈ្មោះមន្ត្រីខ្មោច។
លោក ឱម យ៉ិនទៀង ជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយទើបតែបានប្តេជ្ញាចិត្តធ្វើការពិនិត្យឡើងវិញ ពីបញ្ជីឈ្មោះរបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធនៅតាមអង្គភាពស្ថាប័នរដ្ឋដើម្បីស្វែងរកឈ្មោះជាន់គ្នា ឬឈ្មោះមន្ត្រីខ្មោច ហើយប្រតិបត្តិការនេះ ពិតជាអាចរកឃើញមុខសញ្ញានៃការបំផ្លាញថវិកាជាតិដើម្បីនាំទៅដាក់ទោសជាមិនខានឡើយ។ មន្ត្រីតូចតាចបានអះអាងទៀតថា ឈ្មោះមន្ត្រីខ្មោចទាំង១៣នាក់ ក្នុងពន្ធនាគារខេត្តស្ទឹងត្រែងត្រូវបានលោក ឡា មនោរិទ្ធ បញ្ជាឲ្យអនុប្រធានរបស់គាត់ឈ្មោះ រស់ សុធា និងលោក ងួន ប៊ុនថា ដែលជាមន្ត្រីបេឡា ចុះហត្ថលេខាជំនួសមន្ត្រីខ្មោចអស់ទាំងនោះ ក្នុងបញ្ជីបើកប្រាក់ខែ គឺធ្វើតាមរបៀបក្លែងបន្លំហើយបញ្ជូនមកកាន់ក្រសួងមហាផ្ទៃ។
ការចុះហត្ថលេខាជំនួសសាមីខ្លួន គឺជាអំពើក្លែងបន្លំដែលមានចែងនិងផ្តន្ទាទោសក្នុងក្រមព្រហ្មទណ្ឌ បន្ថែមពីលើបទល្មើសពុករលួយរក្សាទុកឈ្មោះមន្ត្រីខ្មោច ហើយការស៊ើបអង្កេតដែលស៊ីជម្រៅពិតជាអាចរកឃើញអំពើពុករលួយផ្សេងៗទៀត ដែលលោក ឡា មនោរិទ្ធ បានប្រព្រឹត្តក្រោមរូបភាពយកទីតាំងពន្ធនាគារខេត្តស្ទឹងត្រែងទៅធ្វើអាជីវកម្មប្រមូលលុយសម្រាប់ធ្វើមានធ្វើបានផ្ទាល់ខ្លួន។ មានរឿងពុករលួយដ៏ធំមួយទៀតដែលមន្ត្រីតូចតាចបានលើកឡើងក្នុងពាក្យបណ្តឹង គឺក្នុងករណីលោក ឡា មនោរិទ្ធ និងបក្ខពួករបស់គាត់បានកាត់ប្រាក់ខែមន្ត្រីអនុរក្សពន្ធនាគារក្នុងម្នាក់ៗប្រមាណ ២ទៅ៣ម៉ឺនរៀល ដោយគ្មានការយោគយល់អ្វីឡើយ គឺអស់រយៈពេល១០ឆ្នាំមកហើយ ដែលមន្ត្រីតូចតាចរងនូវការកាត់ប្រាក់ ២ទៅ៣ម៉ឺនរៀល ពីលោក ឡា មនោរិទ្ធ៕