លោក អ៊ុង តារា ប្រើ​ជំនាញ​មេព្រៃ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​និង​ម្ចាស់​ដេប៉ូ​តាមរបៀប​ពុករលួយ​

, , Comment closed

ខេត្ត​កណ្ដាល ៖ លោក អ៊ុង តារា នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​តាខ្មៅ​ដែលមាន​អំណាច​គ្រប់គ្រង​ចំនួន​៤ ស្រុក​ក្នុង​ខេត្តកណ្តាល រួមមាន ស្រុក​ស្អាង ស្រុក​កោះធំ ស្រុក​កណ្តាលស្ទឹង និង​ក្រុង​តាខ្មៅមាន​ជំនាញ​ខាង​ប្រមូល​លាភសក្ការៈពី​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើប្រណិត​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ហើយ មិនដែល​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​បង្ក្រាប​ម្តងណា​ឡើយ គឺ​លោក អ៊ុង តារា រង់ចាំ​ទទួលយកផល​ប្រយោ​ជ​ន៍​​អំពី​នគរបាល​និង​កម្លាំង​កងរាជអាវុធហត្ថ ដែល​តែងតែ​បង្ក្រាប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ដើម្បី​កសាង​របាយការណ៍​យ​កបុង​តែប៉ុណ្ណោះ​។​

​សព្វថ្ងៃនេះ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកឈើ​ប្រណិត​កំពុង​ធ្វើ​សមកម្ម​ភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគ្រេង​ទាំងយប់​ទាំង​ថ្ងៃ ដោយ​ដាក់​បង្កប់​ជាមួយ​រថយន្ត​ដឹកទំនិញ​ផ្សេងៗ​យកទៅលក់​នៅ ប្រ​ទេ​ស​​​វៀតណាម​ក្នុងភូមិ​សាស្ត្រ​ដែល​លោក អ៊ុង តារា គ្រប់គ្រង ដូចជា​តាមផ្លូវ​ជាតិ​លេខ​២១​បេ ផ្លូវជាតិ​លេខ​១១០ និង​ផ្លូវជាតិ​លេខ​២​និង​លេខ​៣  ។ លោក អ៊ុង តារា ធ្វើ​ដូចជា​មិនដឹង​រឿង​អ្វី​សោះ​ពេល​សមត្ថកិច្ច​ជំនាញ​ផ្សេងៗ​ចេញ​បង្ក្រាប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ហើយ​ក្រុម​ជំនាញ​មេព្រៃ​របស់លោក អ៊ុង តារា ធ្វើ​ដូចជា​ភ្ញាក់ខ្លួន ហើយ​ចាំ​ទៅ​ទទួលផល ឬ​ស្នាដៃ​ដោយ​មិន ចេះ​អៀនខ្មាស​សោះ គឺជា​ការ​ចាំ​ទទួលផល​ប្រយោជន៍​ស្រាប់ៗ​។​

​កន្លងមកនេះ​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្តកណ្ដាល ក៏​ធ្លាប់ធ្វើ​ការបង្ក្រាប​កន្លែង​ស្តុក​ឈើប្រណិត​នៅក្នុង​ទឹកដី​ដែល​លោក អ៊ុង តារា ក្តោប​ក្តាប់​ជា​ញឹកញាប់​ផងដែរ យកទៅ​ប្រគល់​ឲ្យ លោក អ៊ុង​តារា ដើម្បី​ចាត់ការ​បន្ត​។ រឿង​ដែល​លោក អ៊ុង តារា បង្ក្រាប​ឬ​ចាំ​ទទួល​ចាត់ការ​បន្ត គឺមាន​ការលំបាក​ទើសទាល់​ពីព្រោះ​ក្រុម ឈ្មួញ​រកស៊ី​ល្មើសច្បាប់​ទាំងអស់នោះ​គឺ​សុទ្ធតែ​ស្គាល់​លោក  អ៊ុង តារា យ៉ាង​ជិតស្និទ្ធ ហើយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​តាខ្មៅ​មិន​សប្បាយចិត្ត​ចំពោះ​កម្លាំង សមត្ថកិច្ច​ផ្សេងៗ​ដែល​ចុះទៅ​បង្ក្រាប​នោះទេ​ពីព្រោះ​វា​ប៉ះពាល់​ដល់​ឆ្នាំងបាយ​របស់​ពួកគេ​។​

​ចាប់តាំងពី​លោក អ៊ុង តារា ឡើងមក​កាន់តំណែង​ជំនួស​លោក សេង លាង កាលណា​មក​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​បានកើត​ឡើង​យ៉ាង​អនាធិបតេយ្យ​ដូចជា ហែ​កឋិន​អីចឹង​ហើយ​លោក អ៊ុង តារា​អសមត្ថភាព​មិនដែល ធ្វើការ​បង្ក្រាប​ឬ​ចង់បាន​ស្នាដៃ​ម្ដងណា​ឡើយ ប៉ុន្តែ​លោក អ៊ុង តារា ជា​មនុស្ស​ពូកែ អែបអប​ថ្នាក់លើ​ដើម្បី​រក្សា​តំណែង​បានយូរ​អង្វែង​។ ដោយឡែក​នៅតាម​ដេប៉ូ​លក់​ឈើ​ដែល​មិនមាន​ច្បាប់​ជាច្រើន​កន្លែង​ដូចជា នៅ​ចំណុច​ភូមិ​ដើម​មៀន ក្រុង​តាខ្មៅ ដេប៉ូ នៅ​ស្រុក​ស្អាង​និង​នៅ​ស្រុក​កោះធំ ត្រូវបាន​លោក អ៊ុង តារា តម្រូវ​ឲ្យ​បង់​ដាក់​ខែ​ក្នុង​មួយខែ​៣០០​ដុល្លារ​ទៀតផង​។​

ដោយឡែក​សម្រាប់​រថយន្ត​ដឹកជញ្ជូន​ឈើ​ចូល​តាម​ដេប៉ូ​នៅ​ចំណុចដើម​មៀន​ជាង​២០ កន្លែង មិន​ថា​រថយន្ត​តូច​ឬ​ធំ​នោះទេ ត្រូវ​បង់លុយ​ជូន​លោក អ៊ុង តារា ក្នុង​មួយ​ជើង​ចំនួន​១១០ ដុល្លារ ហើយ​ក្នុង​មួយខែៗ​មានការ​ដឹកឈើ​ចូល​តាម​ដេប៉ូ​រាប់សិប​ឡាន ឃើញថា​លោក អ៊ុង តារា អាច​រកចំណូលបាន​រាប់ពាន់​ដុល្លារ​ក្នុង​មួយខែៗ​។ នៅមាន​ដេប៉ូ​លក់​ឈើ​នៅតាម​ស្រុក​ចំនួន​៣ ផ្សេងទៀត បូករួម​ជាមួយ​ទីតាំង​សម្រាប់​កែច្នៃ​ឈើ​ខុសច្បាប់​សម្រាប់​នាំ​ចេញទៅ​លក់​នៅ​វៀតណាម គឺ​លោក អ៊ុង តារា ក្តោប​មុខសញ្ញា និង​តួលេខ​ក្រុម​ឈ្មួញ​ឲ្យ​ចូល​បង់លុយ មិន​ឲ្យ​បាត់​មួយ​កាក់ មួយ​សេន​ណា​ឡើយ​។​

​ប្រភព​បានបញ្ជាក់​ឲ្យ​ដឹងថា ឈើ​ប្រណីត​ដែល​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទៅ​លក់ នៅ​ប្រទេស​វៀតណាម សព្វថ្ងៃនេះ ភាគច្រើន ដាក់​បង្កប់​ជាមួយ​រថយន្ត​ដឹកទំនិញ​ផ្សេងៗ ដូចជា​រថយន្ត​ដឹកស្រូវ អង្ករ​។​ល​។ ដើម្បី​បំភ័ន្ត​ភ្នែក​កម្លាំង សមត្ថកិច្ច ហើយ​ក្រុម​ឈ្មួញ​ទាំងអស់នោះ គឺ​សុទ្ធតែ​ស្គាល់​លោក អ៊ុង តារា យ៉ាងច្បាស់ ពួកគេ​មិន​ហ៊ាន​រកស៊ី​លោត​ឆត្រ​រំលង​លោកនាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ សង្កាត់​តាខ្មៅ​នោះទេ គឺ​បង់លុយ​ឲ្យ​គ្រប់ៗ​គ្នា ទើប​ពួកគេ​អាច​រកស៊ី​បាន​យ៉ាង​រលូន​មកដល់​សព្វថ្ងៃនេះ​៕

26-f (2)

10-m