ថៅកែ​ក្រុមហ៊ុន អឹម​ហ្វូ​ន ជំពាក់​លុយ​អត្ថប្រយោជន៍​បុគ្គលិក ជាង​៤,៤​លាន​ដុល្លារ​អាមេរិក

, , Comment closed

​រាជធានី​ភ្នំពេញ ៖ បុគ្គលិក​របស់​ក្រុមហ៊ុន អឹម​ហ្វូ​ន ជាង​២០០​នាក់​តំណាង ឲ្យ​ជាង​មួយ​ពាន់​នាក់ កាលពី​ព្រឹក​ថ្ងៃ ទី​១៧ ខែមីនា ឆ្នាំ​២០១៣​នេះ បាន​បន្តធ្វើ​កូដកម្ម នៅមុខ​ក្រុមហ៊ុនដែល​ស្ថិតនៅ​ផ្លូវ​ព្រះមុនីវង្ស ក្នុង​គោលបំណង ទាមទារ​ប្រាក់ខែ និង​ប្រាក់​អតីតភាព​ផ្សេងៗ បន្ទាប់ពី​ក្រុមហ៊ុន MFONE  បានប្រកាស​បិទទ្វារ​កា​លពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៣ ហើយ​ថៅកែ​ដាក់​មេ​ផាយ​មិន​ព្រម​ដោះស្រាយ​ជូន​ពួកគេ​។​


​លោក នី​ម សូលី​ដា ជា​វិស្វករ​បច្ចេកទេស​នៃ​ក្រុមហ៊ុន MFONE  បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ពួកគាត់​បាន​បំរើការ​ងារ​នៅ​ក្រុមហ៊ុន​អឹម​ហ្វូ​ន ជាង​១០​ឆ្នាំ​មកហើយ គឺ​ប្រាក់​ទាំងឡាយ​ដែល​ថៅកែ​ខាងលើនេះ ពុំទាន់​ដោះស្រាយ​ឲ្យ​បុគ្គលិក​ម្នាក់ៗ​ជាង​មួយ​ម៉ឺន​ដុល្លារ​។  លោក សូលី​ដា បាន​បន្តថា ការ​ទាម​របស់​បុគ្គលិក​នៅពេលនេះ គឺ​ដើម្បី​ឲ្យ​ថៅកែ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ ចូលមក​ដោះស្រាយ​ដល់​ពួកគេ បើ​ពុំ​ដូច្នោះ​ទេ ពួកគេ​នឹង​ជួប​ការលំបាក​ខ្លាំង​ខាង​ជីវភាព ដោយសារតែ​ពួកគេ​នៅផ្ទះ​ជួល ហើយ​គ្មាន​ប្រាក់​បង់ថ្លៃ​ផ្ទះ​។​
​លោក នី​ម សូលី​ដា បាន​បន្តថា បុគ្គលិក​ខ្មែរ​ទាំងអស់​ដែល​បំរើការ​ឲ្យ​ក្រុមហ៊ុន​នេះ​គឺមាន​ចំនួន​១.០៩២​នាក់​ដែល​ពុំទាន់ ទ​ទូល​បាន​ប្រាក់ខែ​និង​ប្រាក់​អ្វី​ផ្សេងៗ​ដូចជា​ប្រាក់​អតីតភាព​ជាដើម។ យោងតាម​សេចក្តីជូនដំណឹង របស់​បុគ្គលិក​ដែល​បានធ្វើ​ការតវ៉ា​នោះ បាន​ឲ្យ​ដឹងថា ប្រាក់​ទាំងឡាយ​ដែល​ថៅកែ ខាងលើនេះ មិនទាន់​ដោះស្រាយ​ឲ្យ​គឺមាន​ចំនួន​ជាង​បួន​លាន​បួន​សែន​ដុល្លារ​អាមេរិក​។ ការទាមទារ​រប​ស់បុ​គ្គ​លិ​ក​ទាំងអស់​គឺមាន​ដូចជា ប្រាក់​បំណាច់​ឆ្នាំ ប្រាក់​បណ្តេញចេញ ប្រាក់​ជូនដំណឹង​ប្រាក់​ជំងឺ​ចិត្ត និង​ប្រាក់​ផ្សេងៗ ជាច្រើន​ទៀត​សរុបទៅ​តាមច្បាប់​ការងារ​ស្រុក​ខ្មែរ ។​


​ក្រុមហ៊ុន MFONE  មាន​ថៅកែ ចំនួន​ពីរ​មួយ​មកពី​ប្រទេស​ថៃ និង​មួយទៀត​មកពី​ប្រទេស​សិង្ហបូរី ហើយ​ពួកគេ បាននិងកំពុង​លាក់​មុខ​ពី​បុគ្គលិក​របស់ខ្លួន ដោយ​មិន​ព្រម​ចូលមក​ដោះស្រាយ​។  ក្នុងការ​តវ៉ា​នោះ​បុគ្គលិក​បាន​ស្រែក​ទាមទារ រួមទាំង​លើក​បដា និង​រូបថត​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោកជំទាវ កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ផង​នោះ​ពួកគេ ក៏បាន​អំពាវនាវ​ដល់​អ្នក​ទាំង​ពីរ​ជួយ​អន្តរាគមន៍​ដល់​ពួកគេ​ផងដែរ ដើម្បី​ធ្វើ យ៉ាងណា​ឲ្យ​ថៅកែ​ខាងលើនេះ​ចូលមក​ដោះស្រាយ​ជូន​ពួកគេ​ឲ្យ​បាន​ឆាប់រហ័ស ។ បុគ្គលិក​ទាំងអស់​ក៏បាន​ព្រមាន​ធ្វើការ​តវ៉ា​នេះ​បន្តទៀត​រហូត ដល់​មាន​ដំណោះស្រាយ​ជូន​ដល់​ពួកគេ​ផងដែរ​៕

18-m