យានយន្ត​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ឆ្នាំ​២០១២ នៅ​ទូទាំងប្រទេស​មាន ចំនួន ២៧១.១៥៥​គ្រឿង​

, , Comment closed

​រាជធានី​ភ្នំពេញ ៖ ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​បាន​ឲ្យ​ដឹងថា រយៈពេល​ពីរ​ខែ​ដើមឆ្នាំ​២០១៣ យានយន្ត​គ្រប់​ប្រភេទ​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅក្នុង ក្រសួង​សាធារណការ មាន​ចំនួនជាង​ប្រាំ​ម៉ឺន​គ្រឿង ក្នុងនេះ​មាន​ម៉ូតូ​ដល់​ទៅ​ជាង​បួន​ម៉ឺន​គ្រឿង ពោលគឺ​ចំនួន​យានយន្ត​គ្រប់​ប្រភេទ​បាន​កើន​ដល់ ២.២៣០.៤៩៦ គ្រឿង​ហើយ​។​

 

 លោក ព្រាប ច័ន្ទ​វិបុល ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​បាន​ឲ្យ​ដឹងថា យានយន្ត គ្រប់​ប្រភេទ​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួង​សាធារណការ  ក្នុង​រយៈពេល​ពីរ​ខែ​ដើមឆ្នាំ​២០១៣ មាន​ចំនួន​៥៤.៩៧៨​គ្រឿង ក្នុងនេះ​មាន ម៉ូតូ​ចំនួន​៤៦.៣៦៣​គ្រឿង ជា​ចំនួន​ប្រហាក់ប្រហែល​នឹង​យានយន្ត​ដែល​បាន​ចុះបញ្ជី ក្នុង​រយៈពេល​ពីរ​ខែ​ដើមឆ្នាំ​២០១២​ដែរ​។​
​មានការ​បញ្ជាក់ថា ចំនួន​យានយន្ត​ដែល​បាន​ចុះបញ្ជី​នៅ ក្រសួង​សាធារណការ គិតដល់​ត្រឹម ដំណាច់ខែ​កុម្ភៈ ឆ្នាំ​២០១៣ មាន​ចំនួន​ដល់​២.២៣០.៤៩៦​គ្រឿង​ហើយ​។ ម៉ូតូ​ដែល​បាន​ចុះបញ្ជី​មានការ កើនឡើង​ខ្លាំង ដោយ​ក្នុង​មួយខែៗ មាន​ដល់​ជាង​ពីរម៉ឺន​គ្រឿង​ក្នុងពេល​រថយន្ត​មាន​ចំនួន​តែ​ជាង​បួន​ពាន់ គ្រឿងក្នុង​រយៈពេល​ដូចគ្នា​នោះ​។​

 

​តួលេខ​យានយន្ត​ដែល​បាន​ចុះបញ្ជី ត្រឹមត្រូវ​ជាង​ពីរលាន​គ្រឿង ខាងលើនេះ ត្រូវបាន​ប្រភព​ដែល​បញ្ជាក់ថា មិនទាន់​បានគិត​បញ្ចូល ម៉ូតូ​កង់​បី ឬ​រ៉ឺម៉ក​ទេសចរណ៍​ប្រមាណ​ជា​ពីរពាន់​គ្រឿង និង រ៉ឺម៉ក​ម៉ូតូ​ប្រមាណ​ជា​ប្រាំ​ពាន់​គ្រឿង ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ ហើយ​នោះទេ នឹង​ក៏​មិន​បានគិត​បញ្ចូល​យានយន្ត​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​និង ក្រសួងការពារជាតិ​ដែរ​។​

 

​យានយន្ត​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ នៅក្នុង​ឆ្នាំ​២០១២  នៅ​ទូទាំងប្រទេស​មាន​ចំនួន ២៧១.១៥៥​គ្រឿងក្នុង​នេះ​មាន​រថយន្ត​ចំនួន​៣៧.៦៥៨​គ្រឿង​។ យានយន្ត ចុះបញ្ជី​នៅក្នុង​ឆ្នាំ​២០១២ កើន​លើស​ឆ្នាំ​២០១១​ចំនួន ១៩.៤២៦​គ្រឿង ភាគច្រើន​ជា​យានយន្ត​ដែល​បាន​ចុះបញ្ជី នៅ​រាជធានី​ភ្នំពេញ​។ យានយន្ត​ចុះបញ្ជី​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​ជាង​មួយ​លាន​គ្រឿង គឺ​ស្មើ​ប្រមាណ​ជា​៥០​ភាគរយ នៃ​យានយន្ត​ដែល​បាន​ចុះបញ្ជី​នៅ​ទូទាំងប្រទេស​៕

18-m (1) 18-m