មាស សម្ផស្ស ប្រកាស​បិទ​បេះដូង​ក្រោយ​បែក​ពី​កូរ៉េ​

, , Comment closed

​រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​សាច់​ស​ដូច​សំឡី​នាង មាស សម្ផស្ស ហាក់​រាងចាល​នឹង​ស្នេហា​មិន​សមប្រកប ពិសេស​ចំណងស្នេហា​ចុងក្រោយ​ជាមួយ​បុរស​ភ្នែក​តឹង​ជនជាតិ​កូរ៉េ ឈ្មោះ គីម លី ដែល​នាង​រំពឹង​ចូល​រោងការ​ក្រាប​ផ្ទឹម​ដូចជា​នារី​ខ្មែរ​ឯទៀត​នោះ បានធ្វើ​ឲ្យ​ឆ្អែត​នឹង​ស្នេហា​បរាជ័យ និង​ផ្អាក​មិន​ទទួលយក​ចំណង​ស្នេហ៍​ថ្មី​ជាមួយ​បុរស​ណា​ទៀតឡើយ​។​

​គួរ​រំឭក​ដែរ​ថា ការចែក​ផ្លូវ​ស្នេហា​របស់​តារា​សម្តែង​មានកំណើត​ពី​ខេត្តបន្ទាយមានជ័យ​វ័យ​ជិត​៣០​ឆ្នាំ​នាង មាស សម្ផស្ស ជាមួយ​លោក គីម នេះ​មិនមែនជា​ការបរាជ័យ​លើកទីមួយ​សម្រាប់​ជីវិត​នាង​ទេ​។​

​កាលពី​៤-៥​ឆ្នាំមុន ខណៈដែល​កេរ្តិ៍ឈ្មោះ​ក្នុង​សិល្បៈ​ទើបតែ​ងើបឡើង​នោះ មាស សម្ផស្ស​បាន​ភ្ជាប់​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​បុរស​ទ្រព្យ​ស្តុក​អាណិកជន​ខ្មែរ​នៅ​អាមេរិក​ឈ្មោះ យ៉ាវ ស៊ី​ណោះ ហើយ​ស្នេហា​គ្រា​ដំបូង​របស់​នាង​កាលណោះ​ក៏បាន​ដើរ​ដល់​ចំណុច​យល់ចិត្ត​ថ្លើម​គ្នា និង​រំកិល​ខិតជិត​ដល់​ថ្ងៃ​ក្រាប​ផ្ទឹម​ទៀតផង​ស្រាប់តែ​លេចមុខ​ប្រពន្ធដើម​កំពូល​ស្នេហ៍​ពី​អាមេរិក​តម្រូវ​ឲ្យ​នាង​ដកខ្លួន​ចេញពី​សង្វៀន​ស្នេហ៍​ត្រីកោណ​នេះ​ទាំង​ឈឺចាប់​។​

​តែ​យ៉ាងណា​ពេលនោះ នាង​មិនបាន​ប្រកាស​រាងចាល​នឹង​ស្នេហា​នោះឡើយ ហើយ​នាង​ក៏​ធ្លាប់​បានលើកឡើង​ទៀតថា​៖ «​មិនមែន​នៅលើ​លោក​នេះ​រក​បុរស​ដែល​បេះដូង​ស្អាតស្អំ​មិនបាន​នោះទេ ថ្ងៃ​ណាមួយ​ខ្ញុំ​នឹង​ជួប​ស្នេហ៍​ពិត​របស់ខ្ញុំ​មិនខានឡើយ​»​។​

​លុះដល់​ឆ្នាំ​២០១២​កញ្ញា មាស សម្ផស្ស​បានប្រកាស​យ៉ាង​ក្ដែ​ងៗ​ថា​ចំណង​ស្នេហ៍​នាង​និង​បុរស​ជនជាតិ​កូរ៉េ​ជា​ប្រុស​ស្នេហ៍​ថ្មី​នឹង​ដឹក​ដៃ​គ្នា​ចូល​រោងការ​ឲ្យ​ទាល់តែ​បាន​បើទោះជា​ឪពុកម្ដាយ​របស់​នាង​ហាក់​មិនសូវ​គាំទ្រ​សម្ព័ន្ធ​ស្នេហា​នេះ​ក្ដី​ដោយ​នាង​ថែមទាំង​អះអាងថា​៖ «​អាពាហ៍ពិពាហ៍​របស់ខ្ញុំ និង​បង គីម ត្រូវតែ​កើតមាន​បើទោះជា​យើង​មាន​អ្នកជំទាស់​យ៉ាងណាក៏ដោយ​»​។​

​តែ​ទីបំផុត​ការរំពឹង​និង​ភាពជឿជាក់​របស់​តារា​សម្ដែង មាស សម្ផស្ស​ចំពោះ​ចំណង​ស្នេហ៍​សាសន៍​ដទៃ​ក្នុង​ទ្វីប​ជាមួយគ្នានេះ មិន​ខុសពី​លទ្ធផល​ស្នេហ៍​ទីមួយ​ឡើយ​។​

​ពេល​ស្ថិតក្នុង​ភាពឈឺចាប់​បេះដូង​នេះ នាង​បានប្រកាសថា​៖ «​ខ្ញុំ​លែង​ចង់​មាន​ស្នេហា​ទៀតហើយ ហើយក៏​មិន​ចង់​មាន​ស្នេហា​ទៀត​ដែរ​»​។​

​នាង​បានបញ្ជាក់​ពីរ​បួស​បេះដូង​ចុងក្រោយ​នេះ​ទៀតថា​៖ «​មុននេះ​ខ្ញុំ​មាន​ទំនាក់ទំនង ស្នេហា​យ៉ាង​ផ្អែមល្ហែម​ណាស់​ជាមួយ​បុរស​ជនជាតិ​កូរ៉េ​។ ប៉ុន្តែ​ឥឡូវនេះ​ខ្ញុំ​បានសម្រេច​ផ្តាច់ចំណង​ស្នេហ៍​ត្រឹម​ពេលដែល​ខ្ញុំ​ដឹងថា​គាត់​មាន​អ្នកថ្មី​ហើយ​ខ្ញុំ និង​គាត់​ក៏​មិនអាច​ស្វែងរក​ការផ្សះផ្សា​ជា​លើក​ទី​បី​ទេ​»​។​

​ទោះយ៉ាងណា នាង​ទទួលស្គាល់ថា នេះ​មិនមែនជា​របួស​ស្នេហ៍​លើក​ទី​១​ឡើយ ហើយ​នាង​ថ្លែង​ទៀតថា​៖ «​ខ្ញុំ​ក៏​មិន​ឲ្យ​ភាពបរាជ័យ​ស្នេហ៍​មក​បន្ត​ឈឺចាប់​ចំពោះ​បេះដូង​ខ្ញុំ​ទៀត​ដែរ ត្រឹម​ពេល​ខ្ញុំ​ប្រកា​សបិទ​បេះដូង​មិន​ខ្វល់​នឹង​ស្នេហា​នោះ​»​។ តែ​នាង​បាន​បន្ថែមថា​៖«​បេះដូង​ខ្ញុំ​ក៏​មិន​បិទ​រហូត​នោះដែរ »៕

130315_28b meas-somphos-3-01-2013-01

 

ប្រភព w.postkhmer​