លោក​ស័ក្តិ​៣​នគរបាល​ក្រសួងមហាផ្ទៃ បាញ់​គំរាម​ក្មេងស្ទាវ​៩​គ្រាប់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

, , Comment closed

​រាជធានី​ភ្នំពេញ ៖ មន្ត្រីប៉ូលិស​ក្រសួងមហាផ្ទៃ​ម្នាក់​រួម​នឹង​អ្នកបើកបរ​រថយន្ត ត្រូវបាន កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ឃាត់ខ្លួន​បន្ទាប់​មន្ត្រី​រូបនោះ​បាញ់​ចំនួន​៩​គ្រាប់​ឡើងទៅ​លើ​មេឃ យ៉ង​អនាធិបតេយ្យ​កាលពី​វេលា​ម៉ោង​១​រំលងអធ្រាត្រ​ឈានចូល ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៣ នៅ​ម្ដុំ​មុខ​រោងកុន​គិរី​រម្យ ក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា  ដោយសារ​មាន​ក្មេងស្ទាវ គប់​កញ្ចក់​រថយន្ត​បែក ផ្នែក​ខាងក្រោយ ពេល​កំពុង​បើកបរ មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ម្នាក់​ដែល​គេ​ស្គាល់ឈ្មោះ ខឹម សុវណ្ណ អាយុ​៣៧​ឆ្នាំ ឋានន្តរស័ក្ដិ​អនុសេនីយ៍ឯក បាន​ផ្ទុះ​កំហឹង ទាញ​កាំភ្លើងខ្លី​បាញ់​គំរាម​ក្រុម​ក្មេង​ទាំងនោះ​។  ពួកគេ​ទាំងពីរ​នាក់​ជិះ​រថយន្ត​ម៉ាក CRV ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2V 7028 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ក្នុងទិសដៅ​ពី​លិចទៅ​កើត ត្រឡប់​ពី​ជូន​មិត្តស្រី​ដាក់​ផ្ទះ ក៏មាន​ការ​ទាក់​ពាក្យសម្តី​គ្នា​ជាមួយ​ក្មេងស្ទាវ​មួយក្រុម គ្នា​បួន​នាក់ ជិះ​ម៉ូតូ​ពីរ​គ្រឿង​នៅតាម​ដងផ្លូវ ជាហេតុ​ធ្វើ​ឲ្យ​ក្រុមក្មេងស្ទាវ ផ្ទុះ​កំហឹង តាម​គប់​រថយន្ត​បែក​កញ្ចក់​ពីក្រោយ រួច​នាំគ្នា​រត់គេចខ្លួន​អស់​។  

​ម្ចាស់​រថយន្ត​ខឹង ក៏​ដក​អាវុធខ្លី​បាញ់រះ​ឡើងលើ​ចំនួន ៩​គ្រាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ទើបត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​នាំយកមក​សាកសួរ​។ សមត្ថកិច្ច​ដកហូត អាវុធខ្លី​ពីរ​ដើម ក្នុងនោះ មួយ​ដើម​មាន​លិខិត​ប្រើប្រាស់ និង​មួយ​ដើម​ទៀត គ្មាន​លិខិត​ប្រើប្រាស់​។ ក្រោយពេល​ឃាត់ខ្លួន​យកមក​សាកសួរ​ដឹងថា ជនដៃដល់​បង្ក​ការផ្ទុះអាវុធ​ជាម​ន្ត្រី ប៉ូលិស​ក្រសួងមហាផ្ទៃ កម្លាំង​ប៉េអឹម​បាន​បញ្ជូន​មន្ត្រី​រូបនោះ​រួម​នឹង​វត្ថុតាង​រថយន្ត កាំភ្លើង ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ដើម្បី​ធ្វើការ​សាកសួរ​និង​ចាត់ការ តាមផ្លូវ​ច្បាប់​៕