គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់​

, , Comment closed

​រាជធានី​ភ្នំពេញ ៖ គណបក្ស​ប្រជាជន​កម្ពុជា​បាន បើក​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​រយៈពេល ២ ថ្ងៃ​របស់ខ្លួន កាលពី​ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០១៣ ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​ការងារ​ធំៗ​ចំនួន ៣ ក្នុងទិសដៅ​ស្វែងរក​ជ័យជំនះ​ជា​បន្ត​នៅក្នុង​ការបោះឆ្នោត​សកល​នៅពេល ខាងមុខនេះ​ទៀត​នោះ​។​

​ការងារ​ធំ​ទាំង​៣ ដែល​ត្រូវ​ពិភាក្សា​ក្នុង​មហាសន្និបាត​ដែលជា​អង្គការ​ដឹកនាំ​កំពូល​របស់​គណបក្ស​នោះ​រួមមាន ១-​ឆ្លង​និង​អនុម័ត​លើ​របាយការណ៍​ស្តីពី​លទ្ធផល​នៃ​ការងារ​អនុវត្តន៍​កម្មវិធី​នយោបាយ​របស់​គណបក្ស​ពី​ឆ្នាំ ២០០៨-២០១២ និង​ទិសដៅ​ភារកិច្ច ឆ្នាំ​២០១៣​។ ២-​ឆ្លង និង​អនុម័ត​លើ សេចក្តីប្រកាស​ស្តីពី​កម្មវិធី​នយោបាយ​របស់​បក្ស ដើម្បី​កសាង​ការពារ​មាតុភូមិ ឆ្នាំ ២០១៣-២០១៨ និង ៣-​ពិនិត្យ​ពិភាក្សា​លើ​ការងារ​មួយចំនួន​ត្រៀម​ឲ្យ​ការបោះឆ្នោតជាតិ​នៅ​ថ្ងៃទី ២៨ ខែកក្កដា​ឆ្នាំ​២០១៣​។​

​សម្តេច​អគ្គ​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​មានប្រសាសន៍ បើក​មហាសន្និបាត​នៅ​សាល សន្និសីទ​កោះ​ពេជ្រ ដែលមាន​សមាជិក សមាជិកា​ចូលរួម​ចំនួន ២២៤៨ នាក់ ថា ចាប់ពី​ក្រោយ​មហាសន្និបាត​តំណាង​ទូទាំងប្រទេស​របស់​គណ​បក្ស​លើក​ទី​៥ តាំងពី​ខែតុលា ឆ្នាំ​១៩៨៥ មក​អាស្រ័យ លក្ខណៈពិសេស នៃ​សភាពការណ៍​កម្ពុជា និង​អនុលោម​កាត​មាត្រា​ទី ២០ នៃ​លក្ខន្តិកៈ​គណបក្ស គណៈកម្មាធិការ​កណ្តាល​បានសម្រេច បើក​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​របស់​គណ បក្ស​ជា​បន្តបន្ទាប់​រហូតមក​។

​សម្តេច ជា ស៊ីម មានប្រសាសន៍ថា នៅពេលនេះ យោងតាម​ការចាំបាច់​នៃ សភាពការណ៍ និង​តាម​សំណូមពរ​នៃ​ភារកិច្ច​នយោបាយ​របស់​គណបក្ស យើង​ជួបជុំគ្នា​ប្រារព្ធ​ធ្វើ​មហា សន្និបាត​វិសាមញ្ញ​តំណាង​ទូទាំងប្រទេស​របស់​គណ​បក្ស​ជាថ្មី​ម្តងទៀត​ដើម្បី ពិនិត្យ​វាយតម្លៃ​អំពី​លទ្ធផល នៃ​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់​គណបក្ស​រយៈពេល ៥ ឆ្នាំកន្លងមក និង​កំណត់​អំពី​កម្មវិធី​នយោបាយ​របស់​គណបក្ស​រយៈពេល​៥ ឆ្នាំ​បន្តទៀត ដែល​នៅពេល​ចំពោះមុខ កម្មវិធី​នយោបាយ​ថ្មី​នេះ គឺជា របៀបវារៈ​នយោបាយ​ដ៏​សំខាន់បំផុត​របស់​គណ​បក្ស ក្នុងការ​បម្រើ​ឲ្យ​ការឃោសនា​ស្វែងរក​សំឡេង​គាំ ទ្រ​ពី​ប្រជាពលរដ្ឋ​ទូទៅ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៥ នា​ថ្ងៃទី ២៨ ខែកក្កដា ២០១៣ ខាងមុខនេះ។​

​នៅក្នុង សុន្ទរកថា សម្តេច ជា ស៊ីម បាន​សម្តែង​នូវ​កតញ្ញូតាធម៌​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​ជន​រួម ជាតិ​នៅ​គ្រប់ទិសទី ដែលជា​និច្ចកាល​បានផ្តល់​យុត្តិធម៌ និង​ការគាំទ្រ​យ៉ាង​ធំធេង ចំពោះ​ការដឹកនាំ របស់​គណបក្ស​ប្រជាជន​កម្ពុជា​និង បាន និង​គោរព​សរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​គណបក្ស និង​ក្រុមការងារ​គ្រប់លំដាប់ ថ្នាក់ មន្ត្រី​និង​សមាជិក សមាជិកា​គណបក្ស​គ្រប់រូប ដែល​នៅតែ​ជា​កម្លាំង​ស្នូល​ធ្វើ​ឲ្យ​រាល់​ទិសដៅ និង សភាពការណ៍​នយោបាយ​របស់​គណបក្ស​សម្រេច​បាន​ជោគជ័យ​ជា​បន្តបន្ទាប់ ហើយ​ការជាក់ស្តែង បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា នៅតែ រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់​។ ម្យ៉ាងទៀត​អង្គ មហាសន្និបាត​ក៏​មិន​ភ្លេច​នូវ​ការថ្លែងអំណរគុណ​ដ៏​ស្មោះស្ម័គ្រ​បំផុត​ជូន ចំពោះ​ដៃគូ​អភិវឌ្ឍន៍ អង្គការ​ជាតិ អង្គការ​អន្តរជាតិ​នានា ដែល​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​ដល់​ដំណើរ​ការឈាន​ទៅមុខរ​បស់​កម្ពុជា នោះ​៕

17-m (1) 17-m