សព​លោក អៀង សារី តម្កល់​ធ្វើបុណ្យ​មួយ​សប្តាហ៍ នឹងត្រូវ​រៀបចំ​បូជា​នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៣

, , Comment closed

​ខេត្តបន្ទាយមានជ័យ ៖ តាម​កម្មវិធី​ដែល​បានគ្រោង​ទុក​សព​លោក អៀង សារី នឹងត្រូវ​រៀបចំ​បូជា​នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៣​នេះ  នៅផ្ទះ​របស់លោក​ស្ថិតនៅ​ភូមិ​ដូង ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ដ​បន្ទាយមានជ័យ ដោយមាន​ព្រះសង្ឃ​ចំនួន​៨៩​អង្គ​រាប់បាត្រ​ផងដែរ ហើយ​ការសម្រេចចិត្ត​ដឹក​សព​ពី​ភ្នំពេញ​ទៅធ្វើ​បុណ្យ​នៅ​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​នេះ គឺ​កូនចៅ​ធ្វើតាម​បណ្តាំ​របស់លោក អៀង សារី កាល​នៅរស់​ផងដែរ​។​

​កូនប្រុស​ច្បង​លោក អៀង សារី គឺ​លោក អៀង វុ​ធ មាន​ប្រសា​ស​ន៏​ថា សព​ឪពុក​របស់លោក​បាន​តម្កល់ទុក​ធ្វើបុណ្យ​រយៈពេល​១​ស​ប្ដា​ហ៏​នឹងធ្វើ​ពិធី​បូជា​នៅ​ថ្ងៃទី​២១ ខែមីនា​នេះ ដោយ​និមន្ដ​ព្រះសង្ឃ​៨៩​អង្គ​រាប់បាត្រ​តាម​ប្រពៃណី​ខ្មែរ ហើយ​លោក អៀង សារី ចាត់ទុក​ស្រុក​ម៉ាឡៃ​ទី​ដែល​រៀបចំ​ធ្វើបុណ្យ ជា​កន្លែង​ដែល​កងទ័ព​ខ្មែរក្រហម​តស៊ូ​ច្បាំង ជាមួយ​កម្លាំង​រដ្ឋាភិបាល ហើយ​លោក​មានផ្ទះ​នៅ​ទីនោះ​ផងដែរ​។ ចាប់ពី​ថ្ងៃទី​១៤​ដល់​ថ្ងៃទី​១៦ ខែមីនា​នេះ មាន​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ ចូលទៅ​គោរព​សព​លោក អៀង សារី ជា​ហូរហែ​។

​នៅ​ជុំវិញ​ពិធីបុណ្យ មិនមាន​ដាក់​កម្លាំង​ការពារ​តឹងរឹង​ដូច​កាលដែល​លោក អៀង សារី នៅ​បន្ទប់​ឃុំឃាំង​នៅ​សាលាក្តី​ខ្មែរក្រហម ឬ​នៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​ទេ​។ អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ក្នុងសម័យ​ខ្មែរក្រហម លោក អៀង សារី បានទទួល​មរណភាព​កាលពី​ថ្ងៃទី​១៤​ខែមីនា ក្នុង​ជន្មាយុ​៨៧​ឆ្នាំ  នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​-​ខ្មែរ​សូ​វៀត នៅ​រាជធានី​ភ្នំពេញ ដោយ​ជរាពាធ​។

​ដោយឡែក​ស្ថានទូត​បារាំង និង​ស្ថានទូត​ជប៉ុន ដែលជា​សហប្រធាន​នៃ​ក្រុម​មិត្ត​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ ក្នុង​តុលាការ​កម្ពុជា មានការ​សោកស្តាយ ក្រោយពី​បានទទួល​ដំណឹង​មរណភាព​របស់លោក អៀង សារី អតីត​ឧបនាយករដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ប្រជាធិបតេយ្យ កាល​ព្រឹក​ពី​ម្សិលមិញ ខណៈពេលដែល​សវនាកា​រលោក​កំពុង​បន្ត​។

​សេចក្តីប្រកាស​ព័ត៌មាន​បាន​អំពាវនាវ​ថា ជាង​ពេលណាៗ​ទាំងអស់ វា​ជាការ​បន្ទាន់ ដែល​តួអង្គ​ពាក់ព័ន្ធ​នានា​នៅក្នុង​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង តុលាការ​កម្ពុជា ទទួលខុសត្រូវ​លើ​ភារកិច្ច​របស់ខ្លួន ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​សវនាការ​កាត់ទោស ជនជាប់ចោទ​ដែល​នៅសល់​អាច​ដំណើរការបាន​ដោយ​ត្រឹមត្រូវ មាន​ប្រសិទ្ធភាព និង​ល្បឿន​ទៅមុខ និង​ដើម្បី​ឲ្យ​យុត្តិធម៌ ដែល​គេ​ទន្ទឹងរង់ចាំ​ជា​យូរ​មកហើយ ក្លាយទៅជា​ការពិត​នៅ​កម្ពុជា​៕

17-m