អភិបាលស្រុក​អង្គរបុរី​ដាក់​ប៉ុស្តិ៍​ជជុះ ប្រមូល​លុយ​ពី​ទូក​ដឹកទំនិញ តាម​ច្រកទ្វារព្រំដែន​បាក់ដៃ​

, , Comment closed

         ​ខេត្ដ​តាកែវ ៖ បន្ទាប់ពី​ឡើងកាន់តំណែង​ជា​អភិបាលស្រុក​អង្គរបុរី​កាលពីពេល​ថ្មីៗ​នេះ លោក មូល វិចិត្រ បាន​សិក្សា​ភូមិសាស្ដ្រ ទូទាំង​ស្រុក​អង្គរបុរី ដើម្បី​រក​កន្លែង អំណោយផល​ជា​ផលប្រយោជន៍​សម្រាប់​ខ្លួន ហើយ​បាន​សម្រេចយក​ចំណុច​ប៉ុស្ដិ៍​ចាស់​ជិត​ស្ពានដែក ដែល​នៅជាប់​មាត់​ស្ទឹង ស្ថិតនៅ​ភូមិ​កំពង់​ពោធិ៍ ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរបុរី ដែលជា​ចំណុច​ដាច់ស្រយាល​ពី​ប្រជាពលរដ្ឋ​មាន ព្រៃរនាម​លិច​ទឹក​ធ្វើជា​ចំណុច​ប៉ុស្តិ៍​ជជុះ ។

         ​លោក មូល វិចិត្រ បានសម្រេច​ឱ្យកម្លាំង​នគរបាល​ស្រុក​៣​ចំនួន​នាក់ ១-​ឈ្មោះ ឡេង ផា​រិន្ទ​, ២-​លោក ចន្ថា និង​៣-​លោក ងោក ទៅ​កសាង​ប៉ុស្ដិ៍​ដោយ ប្រក់​ស័ង្កសី​នៅជាប់​មាត់​ស្ទឹង​ខាងកើត មាន​មធ្យោបាយ​ធ្វើដំណើរ​ដោយ​ទូក​តាក់​រ៉ាង ឬ​ទូក​ស្មាច់ ពណ៌​ខៀវ​១​គ្រឿង ដើម្បី​ស្ទាក់​យក លុយ​ទូក​ចេញចូល​ពី​ប្រទេស​វៀតណាម មក​កម្ពុជា​ដោយ​ឆ្លងកាត់​តាម​ច្រកទ្វារ ព្រំដែន​បាក់ដៃ ។  សមត្ថកិច្ច​ដែល​ឈរជើង​នៅ​ប៉ុស្ដិ៍​នេះ បាន​ហៅ​អ្នក​បើកទូក​ឡើងទៅ​ជួប ពួកគេ​ក្នុង​ប៉ុស្ដិ៍​មួយសន្ទុះ ទើប​ឃើញ​អ្នក បើកទូក​ចុះមក​បើក​ចេញ ពេលខ្លះ​ឮសូរ ឈ្លោះប្រកែក​គ្នា​ខ្លាំងៗ នេះ​ប្រហែលជា បង់លុយ​មិន​គ្រប់​ចំនួន​ហើយ​មើលទៅ ។​

         ​មន្ដ្រី​តូចតាច​ម្នាក់​បានឱ្យដឹង​ថា មន្ដ្រីនគរបាល​ទាំង​៣​នាក់​ប្រចាំ​នៅ​ប៉ុស្ដិ៍ ត្រួតពិនិត្យ​អនាធិបតេយ្យ​នោះ គឺ​បាន​បង់លុយ​ឱ្យទៅ​លោក​អភិបាលស្រុក​ជាច្រើន ទើប​ពួកគេ​ខំប្រឹងប្រែង​ជំរិត​ទារ លុយ​ពី​ទូក​ដឹកទំនិញ​គ្រប់​ប្រភេទ ជាពិសេស​ទូក​វៀតណាម ដែល​ចូលមក​ទិញស្រូវ​ពលរដ្ឋ​ខ្មែរ ។ នៅ​ចំណុច​ប៉ុស្ដិ៍​ជជុះ គេ​ឃើញ​សកម្មភាព សមត្ថកិច្ច​ទាំង​៣​នាក់​នោះ​ហៅ​ទូក​ឆ្លង កាត់​គ្រប់​ប្រភេទ​ឱ្យចូល​បង់លុយ​ឱ្យ​ពួកគេ បើទោះបីជា​អនុក្រឹត្យ លេខ​០០១ ស​.​ជ​.​ណ ចុះ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៣ របស់​ក្រសួងមហាផ្ទៃ បាន​ដំ​ដៅ​លុបបំបាត់​ការដាក់​ប៉ុស្ដិ៍​ត្រួត ពិនិត្យ​អនាធិបតេយ្យ​តាមផ្លូវ​គោក និង​ផ្លូវទឹក​ក៏ដោយ ៕

16-m