ចាប់ផ្តើម​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ ពង្រឹង​តួនាទី​ព្រះរាជអាជ្ញា ក្នុងការ​ត្រួតពិនិត្យ​ការអនុវត្ត​សាលក្រម និង​ឃ្លាំមើល​ការឃុំខ្លួន​បណ្តោះអាសន្ន​

, , Comment closed

​រាជធានី​ភ្នំពេញ ៖ ក្នុង​សិក្ខាសាលា​​រ​យៈ​ពេ​ល​​២​​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤ ដល់​១៥​មីនា​នេះ ស្តីពី​តួនាទី​ព្រះរាជអាជ្ញា ក្រោម​កិច្ចសហការ​រៀបចំ​ដោយ​មហាអយ្យការ​អម​តុលាការ​កំពូល និង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិ មនុស្ស​នៅ​កម្ពុជា ស្ថាប័ន​អយ្យការ​បានចាប់ផ្តើម​ដា​ក់​ចេញ​នូវ​យុទ្ធសាស្ត្រ ពង្រឹង​តួនាទី​ព្រះរាជអាជ្ញា ក្នុងការ​ត្រួតពិនិត្យ​តាមដាន​ការអនុវត្ត​សាលក្រម ឬ​សាលដីកា​របស់​តុលាការ និង​ឃ្លាំមើល​នីតិវិធី នៃ​ការឃុំខ្លួន​បណ្តោះអាសន្ន ដើម្បី​ជៀសវាង​ការរិះគន់​ពី​សាធារណជន​។

​អគ្គព្រះរាជអាជ្ញា​អម​តុលាការ​កំពូល លោកស្រី ជា លាង មានប្រសាសន៍ថា ព្រះរាជអាជ្ញា​ក៏មាន​តួនាទី​សំខាន់ ក្នុងការ​តាមដាន​ការអនុវត្ត​សាលក្រម ឬ​សាលដីកា ឲ្យ​មាន​ប្រសិទ្ធិភាព​ទៅតាម​គោលដៅ​នៃ​ការអនុវត្ត ដូចជា​ការសម្រេច​ដោះលែង ឬ​ការឃុំខ្លួន ត្រូវអនុវត្ត​ឲ្យ​បាន​ឆាប់រហ័ស​ក្នុងពេល​កំណត់​មួយ បន្ទាប់ពី​ប្រកាស​សាលក្រម ដើម្បី​ជៀសវាង​ការរិះគន់​ពី​ភាពយឺតយ៉ាវ​នៃ​នីតិវិធី។ លោកស្រី ជា លាង បាន​បញ្ជាក់ថា “ ការឃុំខ្លួន​លើស​ច្បាប់​កំណត់​ក្នុងការ​ឃុំខ្លួន​ដោយ​គ្មាន​សាលក្រម គឺជា​ការឃុំខ្លួន​មនុស្ស​ដោយ​ខុសច្បាប់ ហើយ​បើ​មានការ​ឃុំខ្លួន​ខុសច្បាប់​បែបនេះ គឺ​គេ​អាច​ប្តឹង​មកលើ​យើង​បាន ដូច្នេះ​សុំ​ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​បញ្ហា​នេះ​”​។​

​មានការ​កត់សម្គាល់ថា បច្ចុប្បន្ននេះ មាត្រាមួយ​ចំនួន​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​កម្ពុជា នៅ​មិនទាន់មាន​ការអនុវត្ត​បាន​ត្រឹមត្រូវ​នៅឡើយ​ទេ ហើយ ព្រះរាជអាជ្ញា​មាន​តួនាទី​សំខាន់​ត្រួតពិនិត្យ នីតិវិធី​នៃ​ការឃុំ​ឃាំង​ខ្លួន ដែល​ព្រះរាជអាជ្ញា​គប្បី​ធ្វើការ​រំលឹក​ដល់​ស្ថាប័ន​តុលាការ មិនត្រូវ​ធ្វើការ​ឃុំខ្លួន​លើសពី​ការកំណត់​នៃ​ច្បាប់​ឡើយ​។ តំណាង​ស្តីទី​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក ជេ​ម ហ៊ី​ណាន (James Heenan) មានប្រសាសន៍​ដោយមាន​អ្នកបកប្រែ​ថា ព្រះរាជអាជ្ញា​មាន​តួនាទី​សំខាន់​ក្នុង​ប្រព័ន្ធយុត្តិធម៌​ព្រហ្មទណ្ឌ ហើយ​ព្រះរាជអាជ្ញា​មិនត្រូវ​ធ្វើការ​ចោទប្រកាន់ នៅពេលដែល​បទ​ចោទ​មិនមាន​មូលដ្ឋាន​គាំទ្រ​ឡើយ​។​

​លោក​លោក ជេ​ម ហ៊ី​ណាន បាន​បន្តថា ព្រះរាជអាជ្ញា គួរ​យកចិត្តទុកដាក់​លើ​ការចោទប្រកាន់ ចំពោះ​បទល្មើស​ដែល​ប្រព្រឹត្ត​ដោយ​មន្ត្រី​សាធារណៈ ពាក់ព័ន្ធ​នឹង​អំពើពុករលួយ និង​ការប្រើ​អំណាច​ដោយ​បំពាន​ជាដើម ហើយ​ជាគោលការណ៍​ណែនាំ​របស់​យើង ក៏បាន​ចែងថា ព្រះរាជអាជ្ញា មិនត្រូវ​ធ្វើ ឬ​បន្ត​ការចោទប្រកាន់​ដែល​ការស៊ើបអង្កេត​ដែល​មិន​លម្អៀង​បង្ហាញថា បទ​ចោទ​មិនមាន​មូលដ្ឋាន​គាំទ្រ ។ គោលការណ៍​ណែនាំ​តម្រូវ​ឲ្យ​ព្រះរាជអាជ្ញា យកចិត្តទុកដាក់​ក្នុងការ​ចោទប្រកាន់​បទ​ល្មើស​ព្រហ្មទណ្ឌ ដែល​ប្រព្រឹត្ត​ដោយ​មន្ត្រី​សាធារណៈ ជាពិសេស​ទាក់ទង​ជាមួយនឹង​បទល្មើស​ក្នុងការ​រំលោភបំពាន​ទៅលើ​អំណាច របស់គាត់ ក៏ដូចជា ការរំលោភបំពាន​សិទ្ធិមនុស្ស​៕

16-m