បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​ទូទាំង​ស្រុក​កោះធំ ជា​ឆ្នាំងបាយ​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​

, , Comment closed

         ខេត្តកណ្តាល ៖ បច្ចុប្បន្ននេះ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឃុបឃិត​ឲ្យ​មានការ​បើក​បន​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ដូចជា​បៀ អាប៉ោង យូគី ភ្នាល់​បាល់ទាត់ បញ្ជល់មាន់ និង​ល្បែង​កត់​កន្ទុយលេខ នៅតាម​បណ្តា​ឃុំ​មួយចំនួន​នៃ​ស្រុក​កោះធំ​ខេត្តកណ្តាល យ៉ាង​គគ្រឹកគគ្រេង​ផ្ទុយ​ពី​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ប៉ុន្តែ​ម្ចាស់​បន​ល្បែង​ទាំង​នោះបាន​បង់លុយ​ជាប់​ជាប្រចាំ​ឲ្យ​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទើប​គ្មាន​ការបង្ក្រាប ។​​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា នៅ​ចំណុច​ឃុំ​ព្រែក​ថ្មី ឃុំ​ព្រែក​ស្តី ឃុំ​ជ្រោយ​តាកែវ និង​ឃុំ​ឈើខ្មៅ នៃ​ស្រុក​កោះធំ​ខេត្តកណ្តាល មាន​ក្រុម​ញៀន​ល្បែងស៊ីសង បើក​កន្លែង​លេងបៀ អាប៉ោង យូគី និង​កន្ទុយលេខ​យ៉ាង​អនាធិបតេយ្យ​ខ្លាំងជាងគេ ដូចជា​១-​ឈ្មោះ ខន ២-​ឈ្មោះ សាត ៣-​ឈ្មោះ ស្រឿ​ន ៤-​ឈ្មោះ សន ៥-​ឈ្មោះ សុន ៦-​ឈ្មោះ សុខា​ល័យ និង​៧-​ឈ្មោះ វណ្ណា  គឺ​មេបន​ល្បែង​ដុះ​ស្លែ​ទាំងនេះ​មិនដែល​ខ្លាចញញើត​ចំពោះ​បទបញ្ជា​របស់​រដ្ឋាភិបាល​ម្តងណា​ឡើយ ដោយសារតែ​ពួកគេ​មាន​អាជ្ញាធរ និង​សមត្ថកិច្ច​នៅ​ពី​ក្រោយខ្នង ជាពិសេស​មានការ​បង់​លុយ​ជាប់​ជាប្រចាំ​។

         ​មន្ត្រី​និង​សមត្ថកិច្ច​រាប់ទាំង​នគរបាល កងរាជអាវុធហត្ថ នៅក្នុង​ស្រុក​កោះធំ សុទ្ធតែ​ទទួលបាន​សំណែន ពី​មេបន​ល្បែងស៊ីសង​ទាំងនោះ​ទើប​ពួកគេ​មិនដែល​ចាត់វិធានការ​បង្ក្រាប​ឲ្យ​ស្របតាម​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព​ចំនួន​៩​ចំណុច​នោះទេ ហើយ​ជារឿយៗ​អភិបាល​ខេត្តកណ្តាល​និង​ថ្នាក់លើ​របស់​ពួកគេ​បាន​ក្រើនរំលឹក​ឲ្យ​មន្ត្រី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​យកចិត្តទុកដាក់​អនុវត្តន៍​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ដើម្បី​ផ្តល់​ភាពកក់ក្តៅ ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ប៉ុន្តែ​ពួកគេ​មិនបាន​យកចិត្តទុកដាក់​អនុវត្តន៍​តាម​ទេ​។
​ប្រជាពលរដ្ឋ​បាន​បង្ហើប​ឲ្យ​ដឹងថា សមត្ថកិច្ច​នៅ​ស្រុក​កោះធំ បាន​ក្តោប​ក្តាប់​មុខសញ្ញា​មេបន​ល្បែងស៊ីសង​ទាំងនោះ​យ៉ាង​ណែន​ពេញដៃ ប៉ុន្តែ​មូលហេតុ​ដែល​គ្មាន​ការបង្ក្រាប ក៏​ព្រោះតែ​បញ្ហា​ផលប្រយោជន៍​តែម្តង ហើយ​ក្នុង​មួយខែ​មេបន​ល្បែង​ទាំងនោះ ត្រូវ​បង់​ជូន​កងរាជអាវុធហត្ថ​នគរបាល និង​សាលាស្រុក​កោះធំ ចាប់ពី​៦០​ម៉ឺន ទៅ​៨០​ម៉ឺន​រៀល​។ ចំណែក​សមត្ថកិច្ច​នៅ​ថ្នាក់ឃុំ​វិញ ក៏ត្រូវ​មេបន​ល្បែង​ទាំងនោះ​បង់លុយ​ផងដែរ ទើប​អ្វីៗ​ចេះតែ​ដំណើរការ​រលូន​ល្អ​គ្មាន​ការបង្ក្រាប​ព្រោះតែ​សមត្ថកិច្ច​អាច​ទទួលបាន​ផលប្រយោជន៍​ពី​បន​ល្បែងស៊ីសង​ខុសច្បាប់​យកទៅ​ទ្រទ្រង់​ឆ្នាំងបាយ​របស់ខ្លួន​។​

         ​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​កោះធំ​មួយចំនួន​ដែល​វក់​នឹង​ល្បែងស៊ីសង បាន​បែកគំនិត​ទៅ​បង្ក​អំពើហិង្សា​ក្នុង​គ្រួសារ ខ្ចីបុល​អ្នកដទៃ យកទៅ​លេង​ល្បែងស៊ីសង​ខុសច្បាប់ ធ្វើ​ឲ្យ​ស្ថានភាព​គ្រួសារ​កាន់តែ​ក្រីក្រ​លើស​ដើម​ទៅទៀត​។ វង់ល្បែង​ស៊ីសង​ទាំងនោះ មាន​ដាក់​ភ្នាល់​លុយកាក់​ដល់​ទៅ​រាប់លាន​រៀល ជាពិសេស​ក្នុង​វង់​បៀ​អាប៉ោង និង​បញ្ជល់មាន់​ដែល​អ្នកខ្លះ​ពេល​ឈ្នះ​បាន​លុយ​សប្បាយ​រីកមុខ​ដូច​គ្រាប់​ជី ប៉ុន្តែ​ថ្ងៃ​ខ្លះ​ចាញ់ល្បែង​យ៉ាង​ស្ពឹក​មុខ​ទៅវិញ​រករឿង​ឈ្លោះ​វាយតប់​ប្រពន្ធ​កូន បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ហើយ​ខ្លះទៀត​លក់​គោ ក្របី យកទៅ​សងបំណុល​ដោយសារតែ​វក់​នឹង​ល្បែងស៊ីសង​។

         ​ប្រជាពលរដ្ឋ​ក៏បាន​សំណូមពរ​ដល់​លោក ឈុន ស៊ីរុន ជា​អភិបាល​ខេត្តកណ្តាល មេត្តា​ពិនិត្យមើល​ភាព​អសកម្ម និង​ភាពមិនប្រក្រតី​របស់​ស​ម​ត្ថ​កិច្ច​និង​អាជ្ញាធរ​នៅ​ស្រុក​កោះធំ​ឡើងវិញ​ផង ព្រោះថា ភាពអនាធិបតេយ្យ​នៃ​ការរីក​រាលដាល​បន​ល្បែងស៊ីសង​ខុសច្បាប់​មាន បៀ អាប៉ោង យូគី បញ្ជល់មាន់ កត់​កន្ទុយលេខ និង​ភ្នាល់​បាល់ទាត់ ដែល​ផ្ទុយ​ពី​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង ។ ដូច្នេះ​មិនគួរ​ទុក​ឱកាស​ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ស្រុក​កោះធំ យក​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​ទៅធ្វើ​អាជីវកម្ម​ប្រមូល​លុយ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​នោះទេ​៕

16-m