ប្រជាពលរដ្ឋ​មកសុំ​អន្តរាគមន៍​រក​យុត្តិធម៌​ពីស​ម្តេច ហ៊ុន សែន ក្នុង​រឿង​ទំនាស់​ដីធ្លី​រវាង​មន្ត្រីនគរបាល​ក្រីក្រ​និង​ឈ្មួញ​មាន​លុយ​

, , Comment closed

         រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ជាង​១០​នាក់​ដែល​ធ្វើដំណើរ​មកពី​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្តកំពង់ចាម កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៣ បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​ផ្ទះ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សុំ​ឲ្យ​មាន​អន្តរាគមន៍​រក​យុត្ត​ធម៌ លើ​ករណី​ជម្លោះដីធ្លី​មួយកន្លែង​រវាង​អ្នកមាន​លុយ​មានអំណាច ជាមួយ​មន្ត្រីនគរបាល​ក្រីក្រ​ម្នាក់ បម្រើ​ការងារ​នៅ​សាលាខេត្ត​កំពង់ចាម ព្រោះ​យោងតាម​លិខិត​របស់​សម្តេច ហ៊ុន សែន ចុះ​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១១ ដែល​បាន​ពន្យល់​យ៉ាងច្បាស់​ពី​អង្គហេតុ​និង​អង្គច្បាប់ លើ​រឿងរ៉ាវ​ជម្លោះដីធ្លី​នេះ សមតែ​ជនរងគ្រោះ​ជា​មន្ត្រីនគរបាល​ក្រីក្រ​ទទួលបាន​យុត្តិធម៌ ប៉ុន្តែ​ការសម្រេច​របស់​តុលាការ​បែរជា​ផ្ទុយ​ពី​លិខិត​នេះ បង្កើត​ឲ្យ​មាន​ភាពអយុត្តិធម៌​បំផុត ។​

         ​គោលបំណង​ដែល​ប្រជាពលរដ្ឋ​នាំគ្នា​ប្រមូលផ្តុំ​នៅមុខ​ផ្ទះ​សម្តេច ហ៊ុន សែន នៅពេលនេះ គឺ​មក​ទាមទារ​សុំ​យុត្តិធម៌​ពីស​ម្តេច ហ៊ុន សែន ព្រោះថា​បន្ទាប់ពី​មាន​ចំណារ​របស់​សម្តេច ហ៊ុន សែន ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះទៅ​វាស់វែង​ដីធ្លី​ដែលមាន​ជម្លោះ​នៅលើ​ទីតាំង​ជាក់ស្តែង​ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​លោក ទូច ញ៉ ជា​មន្ត្រីនគរបាល​ក្រីក្រ​និង​ជា​ជនរងគ្រោះ ប៉ុន្តែ​ថ្នាក់ក្រោម​មិនបាន​អនុវត្តន៍​តាម​ទេ​។ តាម ស​.​ជ​.​ណ ចុះ​ថ្ងៃ​៦ ខែមករា ឆ្នាំ​២០១១ របស់​សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា តាម​ការស្រាវជ្រាវ​រួមជាមួយ​ការបំភ្លឺ​ពី​ក្រសួង​ដែនដី​បាន​រកឃើញថា​លោក ទូច ញ៉ ពិតជា​បាន​កាន់កាប់​និង​រស់នៅ​លើដី​ទំហំ​១១​ម៉ែត្រ​គុណ​និង​៨០​ម៉ែត្រ​រហូតដល់​បច្ចុប្បន្ន​ហើយ​ដំណើរ​ការចេញ​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​កាន់កាប់​អ​ច​នវ​ត្ថុ​លេខ ក​.​ច ០០៦០៦៩ (B1.0025) ចុះ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០០០ កសាងឡើង​ត្រឹមត្រូវ​តាម​នីតិវិធី​។ ប៉ុន្តែ​មាន​ភាពខ្វះ​ចន្លោះ​ខ្លះ​ពាក់ព័ន្ធ​នឹង​ចម្លើយ​អ្នកស្នើសុំ​ចុះបញ្ជី និង​ការ​ស្រង់​ព័ត៌មាន​ជុំវិញ​ដី​ដែល​ស្នើ​ចុះបញ្ជី​ពី​ភាគី​ម្ខាង​ទៀត ជាហេតុ​ធ្វើ​ឲ្យ​ជាន់​លើដី​របស់លោក ទូច ញ៉ ដែល​កំពុង​រស់នៅ​បច្ចុប្បន្ន​។​

         ​នៅក្នុង ស​.​ជ​.​ណ នោះ​ផងដែរ ក៏បាន​បញ្ជាក់ទៀតថា លោក ទូច ញ៉ និង​លោក ទូច សំ​ហ៊​ន សូម​ឲ្យ​គ្រប់​សមត្ថកិច្ច​ដោះស្រាយ​ដោយ​យក​កិច្ចសន្យា​ទិញ​លក់​ដី​រវាង​ម្ចាស់​ដើម​ឈ្មោះ នៅ ធា កាលពី​ឆ្នាំ​១៩៩៧ មក​ធ្វើការ​ពិចារណា​ដើម្បី​បញ្ចប់ទំនាស់​និង​ផ្តល់​យុត្តិធម៌​ជូន​ភាគី​ទាំងសងខាង​។ មេធាវី​ការពារ​ក្តី​លោក ទូច ញ៉ បាន​អំពាវនាវ​ដល់​តុលាការ​កំពូល​មេត្តា​ធ្វើការ​ពិចារណា ហើយ​សម្រេច​ក្តី​ដោយ​យុត្តិធម៌​សម្រាប់​លោក ទូច ញ៉ ព្រោះ​គាត់​ជា​មន្ត្រីនគរបាល​នៅ​សាលាខេត្ត​កំពង់ចាម​ម្នាក់ ដែលមាន​ជីវភាព​ក្រីក្រ​បំផុត​។ សូមបញ្ជាក់ថា អង្គហេតុ​នៃ​រឿងក្តី​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០០៦ នៅពេលដែល​លោក សៀង ស៊ីថា បានដាក់​ពាក្យបណ្តឹង​មក​សាលាដំបូង​ខេត្តកំពង់ចាម ប្តឹង​ឲ្យ​លោក ទូច ញ៉ រុះរើ​លំនៅដ្ឋាន​ចេញពី​ទីតាំង​ដី​មានទំនាស់​ដោយយោង​លើ​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​អចលនវត្ថុ​លេខ ក​.​ច​០០៦០៦៩ (B1.0025) ចុះ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០០០ ស្ថិតនៅ​ភូមិ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្តកំពង់ចាម ដែលមាន​ទំហំ ៨.៥៦២​ម៉ែត្រការ៉េ​។

         ​លោក សៀង ស៊ីថា បាន​អះអាងថា គាត់​បាន​ទិញ​ដី​ទំនាស់​ពី​លោក នៅ ធា កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០០១ ហើយ​លោក នៅ ធា ក៏បាន​បញ្ជាក់ថា គាត់​បាន​ទិញ​ដី​ទំហំ ៨.៥៦២​ម៉ែត្រការ៉េ ពី​លោក ទូច សំ​ហ៊​ន កាលពី​ឆ្នាំ​១៩៩៧ រួចហើយ​បាន​លក់​ឲ្យ​លោក សៀង ស៊ីថា​។ តាម​ការបញ្ជាក់​ពី​លោក ទូច សំ​ហ៊​ន បាន​ឲ្យ​ដឹងថា គាត់​បាន​កាន់កាប់​ដី​នោះ​តាំងពី​ឆ្នាំ​១៩៩២ ហើយ​បាន​លក់​ទៅ​ឲ្យ​លោក នៅ ធា កាលពី​ឆ្នាំ​១៩៩៧  ប៉ុន្តែ​ដី​នោះ​មាន​ទំហំ​ត្រឹមតែ ៨​ពាន់​ម៉ែត្រការ៉េ គឺ​ទំហំ​១០០​ម៉ែត្រ​គុណ​និង​៨០​ម៉ែត្រ​ប៉ុណ្ណោះ មិនមាន​ពាក់ព័ន្ធ​នឹង​ដី​លោក ទូច ញ៉ ដែល​នៅជាប់​ព្រំប្រទល់​គ្នា​ទំហំ ៨៨០​ម៉ែត្រការ៉េ​នោះទេ​។​

         ​បើទោះបី​ជាមាន​ឯកសារ​ភស្តុតាង​និង​ចម្លើយ​បញ្ជាក់​យ៉ាង​ត្រឹមត្រូវ​ពី​កម្មសិទ្ធិ​ស្របច្បាប់​របស់លោក ទូច ញ៉ ដែលមាន​ដី​ទំហំ​១១​ម៉ែត្រ គុណ​នឹង​៨០​ម៉ែត្រ ហើយក៏​មាន ស​.​ជ​.​ណ របស់​នាយករដ្ឋមន្ត្រី​ឲ្យ​ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់​ករណីនេះ​ទៅតាម​ស្ថានភាព​ជាក់ស្តែង ឲ្យ​មានការ​វាស់វែង​ឲ្យ​បាន​ត្រឹមត្រូវ​ប៉ុន្តែ​មន្ត្រី​ថ្នាក់ក្រោម​បែរជា​កាត់សេចក្តី​ទាំង​បំពាន​ធ្វើ​ឲ្យ​ប៉ះពាល់​ផលប្រយោជន៍​ស្របច្បាប់​របស់លោក ទូច ញ៉ តាំងពី​សាលាដំបូង​ខេត្តកំពង់ចាម រហូតដល់​សាលាឧទ្ធរណ៍​។ ក្នុងដំណាក់កាល​ចុងក្រោយ​នេះ សំណុំរឿង​រដ្ឋប្បវេណីរ​វាង​លោក សៀង ស៊ីថា ជាដើម​បណ្តឹង​និង​លោក ទូច ញ៉ ជា​ជនរងគ្រោះ​និង​ជា​មន្ត្រីនគរបាល​ក្រីក្រ​បាន​ធ្លាក់​ដល់ដៃ​តុលាការ​កំពូល ទើប​ប្រជាពលរដ្ឋ​ប្រមាណ​១០​នាក់​នាំគ្នា​មកសុំ​អន្តរាគមន៍​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សាជាថ្មី​ម្តងទៀត ឲ្យ​ជួយ​រក​យុត្តិធម៌​ជូន​លោក ទូច ញ៉ ខណៈដែល​តុលាការ​កំពូល​កំពុង​ពិចារណា​លើ​ចំណាត់ការ​រឿងក្តី​នេះ​៕

16-m (2) 16-m (1)