រាជធានីភ្នំពេញ ៖ ព្យុះភ្លៀងនិងរន្ទះខ្លាំងៗ នៅខេត្ដព្រះវិហារ ខេត្ដក្រចេះ និងខេត្ដបន្ទាយមានជ័យ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ បណ្ដាលឱ្យប្រជាពលរដ្ឋខ្មែរចំនួន៤នាក់ ស្លាប់ ដោយសារផ្ទះសង្កត់លើ ដោយសាររន្ទះបាញ់ និងមនុស្ស ៤នាក់ផ្សេងទៀត រងរបួស ព្រមទាំងផ្ទះប្រជាពលរដ្ឋប្រមាណ ៤០០ខ្នង បានរងការខូចខាត ក្នុងនោះមាន ដួលរលំទាំងស្រុង និងប៉ើងដំបូល ។
សម្រាប់ខេត្ដព្រះវិហារមានគ្រោះធម្មជាតិ ដែលបណ្ដាលមកពីភ្លៀងលាយខ្យល់ ប្រមាណ៣០នាទីខាង កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ ស្ថិត នៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុក ជាំក្សាន្ដ ខេត្ដព្រះវិហារ ផ្ទះប្រជាពលរដ្ឋជាង៥០ខ្នង បានដួលរលំ និងប៉ើងដំបូល ព្រមទាំងសម្លាប់ម្ដាយ និងកូនប្រុស អាយុ៨ឆ្នាំ ដោយសារតែផ្ទះសង្កត់លើ ។ ស្ដ្រីរងគ្រោះជាម្ដាយ ឈ្មោះ កៅ សាវឿន អាយុ ៣៨ឆ្នាំ និងកូនប្រុសឈ្មោះ ខាន់ គឹមសៀន អាយុ ៨ឆ្នាំ ដោយសារតែផ្ទះសង្កត់លើ ។
ដោយឡែកកាលពីវេលាម៉ោង ៧ និង ៣០នាទីយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៣ បាតុភូតធម្មជាតិភ្លៀងលាយខ្យល់ ក៏បានកើតឡើង នៅភូមិរោងចក្រ ភូមិក្រសាំង និងភូមិគ្រង ក្នុងឃុំស្នួល ស្រុកស្នួល ខេត្ដ ក្រចេះ បោកចំផ្ទះប្រជាពលរដ្ឋចំនួន ៤៤ គ្រួសារ បណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋជិត៥០ខ្នង ដួលរលំ និងប៉ើងដំបូល ហើយសម្លាប់ បុរសម្នាក់ និងរងរបួស ៣នាក់ផ្សេងទៀត។ ក្នុងចំណោម ៤៤ គ្រួសារនោះ មានផ្ទះ១ ខ្នង ស្ថិតក្នុងភូមិក្បាលស្នួល ត្រូវបានដើមគគីរ បាក់រលំសង្កត់លើ បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ភ្លាមៗ និងរងរបួស ៣ នាក់ ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះ មានឈ្មោះ ស៊ីម ប៊ុមធឹម ភេទប្រុស អាយុ ឲ៤២ ឆ្នាំ មាន ឲស្រុកកំណើត ភូមិតនឡងទី៣ ឃុំព្រៃខ្លា ស្រុកព្រៃវែង ខេត្តព្រៃវែង ជាអ្នកចំណាក មកកាប់ចំការដាំដំណាំ ត្រូវបានក្រុមគ្រួសារដឹកយកទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសធ្ងន់ស្រាល ត្រូវបានគេដឹកបញ្ជូន ទៅសម្រាកនៅមន្ទីរពេទ្យបង្អែក ខេត្តក្រចេះ ។ អាជ្ញាធរដែនដី បានចុះទៅពិនិត្យ នៅកន្លែងកើតហេតុជាក់ស្តែង និងបានចែក ជូននូវថវិកា សម្ភារៈ គ្រឿងឧបភោគ បរិភោគ មួយចំនួន ដល់ក្រុមគ្រួសារជនរងគ្រោះផងដែរ។
ដោយឡែកអាជ្ញាធរខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ភ្លៀងខ្លាំងលាយលំនឹងខ្យល់ផង ចាប់ពីម៉ោង ៥និង៣០រសៀលរហូត ដល់៧យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ បានបណ្តាលស្ត្រីម្នាក់ស្លាប់ដោយសាររន្ទៈបាញ់ និងផ្ទះជាង២៩៦ខ្នងទៀត រងការខូចខាត នៅក្នុងឃុំចំនួន៦ នៃស្រុកស្វាយចេក និងស្រុកថ្មពួក។ ឃុំបីនៃស្រុកស្វាយចេកដែលជួបគ្រោះធម្មជាតិ មានឃុំ ស្លក្រាម តាបែន និងតាភោ រីឯបីឃុំទៀតនៅស្រុកថ្មពួក មានឃុំ គំរូ ថ្មពួក និងឃុំថ្មី។ ជាមួយនឹងគ្រោះមហន្តរាយធម្មជាតិនេះ គោយន្តចំនួន៥គ្រឿង របស់អ្នកភូមិ ដែលទុកនៅក្រោមផ្ទះ ក៏ត្រូវខូចខាតទាំងស្រុងដោយសារតែផ្ទះសង្កត់លើ។ សមត្ថកិច្ចបានបញ្ជាក់ថា ស្ត្រីម្នាក់ដែលស្លាប់ដោយសាររន្ទៈបាញ់ គេមិនទាន់ដឹង អត្តសញ្ញាណនៅឡើយទេ ៕
