កងរាជអាវុធហត្ថ​បង្ក្រាប​រថយន្ដ​កុងតឺន័រ ផ្ទុក​សម្លៀកបំពាក់​ប្រភេទ​បាត​ឃ្លាំង ប្រុង​លោត​ឆត្រ​ទៅ​ក្រៅប្រទេស​

, , Comment closed

         ​រាជធានី​ភ្នំពេញ ៖ រថយន្ដ​កុងតឺន័រ​មួយគ្រឿង​ដែល​ផ្ទុក​សម្លៀកបំពាក់​ម៉ាក Beverly Hills Polo Clup ប្រភេទ​បាត​ឃ្លាំង ដែល​ឈ្មួញ​បម្រុង ដឹកជញ្ជូន​លោត​ឆត្រ​មិនចាំបាច់​ស្នើសុំ សេ​អូ​ពី​ក្រសួងពាណិជ្ជកម្ម និង​សុំ​ការអនុញ្ញាត​ពី​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បង្ក្រាប​កាលពី​វេលា​ម៉ោង​១ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៣ ហើយ​កម្លាំងចម្រុះ​បានធ្វើការ​ពិនិត្យ​ទំនិញ​១​កុងតឺន័រ​នេះ​នៅ​ផែស្ងួត សូ ងួន នៅ​ភូមិ​ចំរើន​ផល សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។

         ​លោក​វរសេនីយ៍ឯក ទូច គង្គា នាយការិយាល័យ​ព័ត៌មាន​ទូទៅ​នៃ​ស្នងការដ្ឋាន ព័ត៌មាន​និង​សន្ដិសុខ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានឱ្យដឹងថា ដោយ​អនុវត្ដ​ន៍​តាម​តួនាទី​ភារកិច្ច និង​ការណែនាំ​ចង្អុល បង្ហាញ​ដោយផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ទោ ហុង វិ​ណុល ស្នងការ​ស្នងការដ្ឋាន​ព័ត៌មាន​និង​សន្ដិសុខ ឮ​លោក​ក៏បាន​ចាត់តាំង ឱ្យកម្លាំង​ផ្នែក​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច ការិយាល័យ​ព័ត៌មាន​ទូទៅ​ចុះ​អង្កេត​តាមដាន​ស្រាវជ្រាវ​ពាក់ព័ន្ធ​នឹង​បទល្មើស​សេដ្ឋកិច្ច ទើប​ឈានដល់​ការឃាត់​រថយន្ដ​កុងតឺន័រ​១​គ្រឿង ពាក់​ស្លាក​លេខ​ព្រះសីហនុ 3A-0276 ផ្នែក​ខាងមុខ​និង​កន្ទុយ​សណ្ដោង ពាក់​ស្លាក​លេខ​ព្រះសីហនុ 4A-0054 សង្ស័យ​ពាក់ព័ន្ធ​ទៅនឹង​ការដឹកជញ្ជូន សម្លៀកបំពាក់​ដែល​ផលិត​ក្នុងស្រុក លក្ខណៈ​បាត​ឃ្លាំង ពុំបាន​ស្នើសុំ​សេ​អូ​ពី​ក្រសួងពាណិជ្ជកម្ម និង​មិនមាន​ការឯកភាព​ពី​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ប្រុង​លោត​ឆត្រ​នាំទៅ​ប្រទេសក្រៅ​តាម​ច្រក​ខេត្ដ​ព្រះសីហនុ ។​

         ​សមត្ថកិច្ច​បានឱ្យដឹង​ថា មុនពេល​ឃាត់​រថយន្ដ​ខាងលើ​កម្លាំង​ជំនាញ​សម្ងាត់ បាន​ស៊ើបអង្កេត​តាមដាន​ដឹងថា រថយន្ដ​កុងតឺន័រ​១​គ្រឿង​នេះ​កំពុង​ដឹកជញ្ជូន​សម្លៀកបំពាក់​បាត​ឃ្លាំង​ម៉ាក Beverly Hills Polo Clup នៅ​ចំណុច​ម្ដុំ​វត្ដ​សន្សំ​កុសល ដើម្បី​ដឹក​ឆ្ពោះទៅកាន់​ខេត្ដ​ព្រះ សីហនុ ប៉ុន្ដែ​បើក​ដល់​ចំណុច​សាលា​កងរាជអាវុធហត្ថ​កំបូល ដែលមាន​ចម្ងាយ ៣០០​ម៉ែត្រ​ពី​បញ្ជរ​បង់ប្រាក់​របស់​ក្រុមហ៊ុន AZ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ សមត្ថកិច្ច​ក៏បាន​ឃាត់ ហើយ​អ្នកបើកបរ បាន​អះអាងថា គ្មាន​ឯកសារ​អ្វី​ទាំងអស់ ទើប​នៅ​រសៀល​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៣ សមត្ថកិច្ច​បាន​បង្កើត​គណៈកម្មការ​ចម្រុះ ដឹកនាំ​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែលមាន​ការចូលរួម​ពី​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស គយ​និង​រដ្ឋាករ​រាជធានី​ភ្នំពេញ ធ្វើការ​ពិនិត្យ​ទំនិញ​១​កុង តឺ​ន័​រ​នេះ​នៅ​ផែស្ងួត សូ ងួន នៅ​ភូមិ​ចំរើន​ផល សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។

         ​លោក ទូច គង្គា បាន មានប្រសាសន៍ថា កន្លងទៅ​សកម្មភាព​បទល្មើស​សេដ្ឋកិច្ច ឈ្មួញ​បាន​ប្រើប្រាស់ គ្រប់​រូបភាព​ទាំង​ការវះកាត់​កុងតឺន័រ​យក​សម្លៀកបំពាក់ មាន​ទាំង​ការ​លួច​សម្លៀក បំពាក់​ដែលមាន​ករណី​ឃុបឃិត​គ្នា​រវាង ឈ្មួញ​ជាមួយ​ម្ចាស់​ក្រុមហ៊ុនកាត់ដេរ និង មួយចំនួនទៀត​លួច​បញ្ចេញ​កំណាត់ ដែល​ពុំទាន់​ផលិត​ជា​ផលិតផល​សម្រេច ចែកចាយ​នៅក្នុង​ស្រុក សុទ្ធតែជា​បទល្មើស​សេដ្ឋកិច្ច​ដែល​ឈ្មួញ​មាន​ចេតនា​បំផ្លាញ​សេដ្ឋកិច្ចជាតិ ។ សមត្ថកិច្ច​នៅតែ​បន្ដ​ស៊ើបអង្កេត​តាមដាន​រក​អត្ដ​សញ្ញាណ​ជន​ដែល​បាន​ប្រ​ព្រឹ​ត្ដ ទាំង​អ្នក​លួច​បញ្ចេញ​សម្លៀកបំពាក់ និង​អ្នកទទួលផល​ចោរកម្ម ។ ម្យ៉ាងវិញទៀត​ការទប់ស្កាត់​បទល្មើស​ទាំង​នេះ គឺជា​ការគាំទ្រ​ទៅលើ​ស្ថាប័នគយ ដើម្បី មានឱកាស​ប្រមូល​ពន្ធ​មាន​ចំនួន​ច្រើន សម្រាប់​ជា​សេដ្ឋកិច្ចជាតិ ។​

         ​ជាគោលការណ៍ ប្រភេទ​សម្លៀកបំពាក់​បាត​ឃ្លាំង ដែល​បាន​លក់​ក្នុងស្រុក ឬក៏​ត្រូវ​នាំទៅ​ក្រៅប្រទេស​បាន  លុះណាតែ​អ្នកបញ្ជា​ទិញ​នៅឯ​ក្រៅប្រទេស មានការ​អនុញ្ញាត​យ៉ាងតិច​ក៏មាន​រយៈ ពេល​៦​ខែ ចាប់ពី​ថ្ងៃ​ផលិត​សម្រេច ប៉ុន្ដែ បើ​មាន​ករណី​លួច​បញ្ចេញ​ប្រភេទ​ស​មៀ្ល​ក បំពាក់​បាត​ឃ្លាំង​បែបនេះ តាម​បណ្ដា​រោងចក្រ​ដែល​លួច​បញ្ចេញ គឺ​រំលោភ ទៅនឹង​សិទ្ធិ​អ្នកបញ្ជា​ទិញ​នូវ​ម៉ាក​ដែល​ខ្លួន​កំពុង​ផលិត ។ ចំពោះ ទំនិញ​ប្រភេទ​សម្លៀក បំពាក់​ដែល​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប នេះ​ម៉ាក Beverly Hills Polo Clup ពុំទាន់​ដឹង​ពី​ចំនួន​ពិតប្រាកដ​នៅឡើយ​ទេ ហើយក៏​គ្មាន​ម្ចាស់​ចេញមុខ​ដែរ ប៉ុន្ដែ​អ្នកបើកបរ​ឈ្មោះ បូ តិ​ល ភេទ​ប្រុស អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ផ្ដៅ ឃុំ​ភ្នំ​កុង ស្រុក អង្គរជ័យ ខេត្ដ​កំពត បានឱ្យដឹងថា រថយន្ដ ក្រុមហ៊ុន​ដែល​ដឹកជញ្ជូន​ខោអាវ​នេះ​ឈ្មោះ វ​ឌ្ឍា​ពេជ្រ ហើយ​ម្ចាស់​ទំនិញ​គឺ​ក្រុមហ៊ុន DNL មិនដឹងថា គេ​យក​សម្លៀកបំពាក់ នេះ​ចេញពី​រោងចក្រ​ណា​ពិតប្រាកដ​ទេ​៕

15-m