នាពេល​អនាគត​ក្រុមហ៊ុនទូរស័ព្ទ​នៅ​កម្ពុជា អាច​នៅសល់តែ​៣-៤ ប៉ុណ្ណោះ ដោយសារ​ការប្រកួតប្រជែង​

, , Comment closed

         ​រាជធានី​ភ្នំពេញ ៖ នៅក្នុង​សន្និបាត​បូកសរុប​ការងារ ឆ្នាំ​២០១២ នឹង​លើក​ទិសដៅ​ការងារ ឆ្នាំ​២០១៣ ដែល​ធ្វើឡើង​នៅ​ទីស្តីការ ក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍ កាលពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៣ ក្រុមមន្ត្រី​បានបង្ហាញ​ឲ្យ​ដឹងថា ក្រុមហ៊ុនទូរស័ព្ទ​ចល័ត ដែលមាន​អ្នកប្រើប្រាស់​ច្រើនជាងគេ បាន​ទៅលើ​ក្រុមហ៊ុន Viettel  ឬ​មិត្ត​ហ្វូ​ន ០៩៧​និង​០៨៨ ដែលមាន​ចំនួន​អ្នកប្រើប្រាស់ រហូតដល់​ជាង​៩​លាន​នាក់​។​

         ​ទោះបីជា​មន្ត្រី​បានបង្ហាញ​ពី​ទិន្នន័យ​ឆ្នាំ​២០១២ ហើយ​នៅ​ដើមឆ្នាំ​២០១៣ មាន​ក្រុមហ៊ុនទូរស័ព្ទ​២ បាន​រំលាយខ្លួន ចូលទៅក្នុង​ក្រុមហ៊ុន​២​ផ្សេងទៀត​ក៏ដោយ ក៏​ចំនួន​អ្នកប្រើប្រាស់ ដែល​ក្រុមហ៊ុន​ទាំងនោះ​បញ្ចូល​គ្នា មិនអាច​តាម​ទាន់​ក្រុមហ៊ុន Viettel ឬ មិត្ត​ហ្វូ​ន នៅឡើយ​ទេ​។ នៅ​ដើមឆ្នាំ​២០១៣​នេះ ក្រុមហ៊ុន Hello មាន​អ្នកប្រើប្រាស់​ចំនួន​ជាង​២​លាន​នាក់ បាន​ទិញយក​ក្រុមហ៊ុន Latelz ឬ Smart Mobile​ដែលមាន​អ្នក ប្រើប្រាស់ ជាង​៣​លាន​នាក់​។

         ​សរុប​តួលេខ​ក្រុមហ៊ុន​ទាំងពីរ បញ្ចូល​គ្នា​បាន​ត្រឹម​ចំនួន ជាង​៥​លាន​នាក់ ហើយ​ចំណែកឯ​ក្រុមហ៊ុន CamGSM  ឬ Mobitel វិញ​មាន​ចំនួន​អ្នកប្រើប្រាស់​៣​លាន​នាក់ បាន​ទិញយក​ក្រុមហ៊ុន Mfone ដែលមាន​អ្នកប្រើប្រាស់​ត្រឹមតែ ៥០​ម៉ឺន​នាក់​ប៉ុណ្ណោះ​។ សរុប​ក្រុមហ៊ុន CamGSM មាន​អតិថិជន​ជាង ៣,៥​លាន​នាក់​។ ក្រុមមន្ត្រី​បាន​អះអាងថា ពេលអនាគត​គេ​ជឿថា ចំនួន​ក្រុមហ៊ុនទូរស័ព្ទ​នៅ​កម្ពុជា មាន​ចំនួន​ត្រឹមតែ ៣-៤ ក្រុមហ៊ុន​ប៉ុណ្ណោះ ខណៈដែល​បច្ចុប្បន្ន​សង្គ្រាម ក្នុង​វិស័យនេះ កំពុងមាន​ការប្រកួត​ប្រជែង​យ៉ាងខ្លាំង​។​

         ​ការបើក​ឲ្យ​មានការ​ប្រកួតប្រជែង​គ្នា រវាង​ក្រុមហ៊ុនទូរស័ព្ទ​គឺ​អតិថិជន ជា​អ្នកទទួលបាន​ផលចំណេញ ដោយសារតែ​ក្រុមហ៊ុន ដើម្បី​បាន​ចំណែក​ទីផ្សារ​ធំ បាន​បញ្ចុះតម្លៃ​ការហៅ រហូតដល់​កម្រិត​ទាប​បំផុត​។ ដោយឡែក​របា​ការណ៍​ដដែល បាន​បង្ហាញថា នៅ​ឆ្នាំ​២០១២ អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណែ​ត​នៅ​កម្ពុជា មាន​ចំនួន ជាង​២,៧​លាន​នាក់ កើនឡើង​ខ្លាំង​ជាង ឆ្នាំ​២០១១ ដោយ​មានតែ​១,៦​លាន​នាក់​ប៉ុណ្ណោះ ។ សម្រាប់​ឆ្នាំ​២០១២​កន្លងទៅ ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ី​ន​ធឺ​ណេ​ត មាន​ចំនួន ២៧​ក្រុមហ៊ុន ក្នុង ២០​ក្រុមហ៊ុន​ដំណើការ ហើយ​៧​ក្រុមហ៊ុន​ហាក់​គ្មាន​ដំណើរការ​៕

15-m