យើង​ម្នាក់ៗ​មិនគួរ​យក​ផ្លូវ​សាធារណៈ ធ្វើ​ជាទី​ពិឃាត​ជីវិត​មនុស្ស ឬ​ជាទី​លាន​សាកល្បង​ការបើកបរ​នោះទេ​

, , Comment closed

         ​រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា កំពុង​ក្លាយជា​បិសាច​មួយ​​ដ៏​​សា​ហា​វ​យ​ង់ឃ្នង​ជាទីបំផុត ដែល​បាន​ឆក់យក​អាយុជីវិត​ជនកម្ពុជា​ជា​រៀងរាល់ថ្ងៃ យ៉ាងហោចណាស់​៥ នាក់​ក្នុង​មួយថ្ងៃ និង​រងរបួស​ជាច្រើន​នាក់​ទៀត​ដែល​៩០​ភាគរយ​នៃ​គ្រោះថ្នាក់​ទាំងនោះ កើតឡើង​ចំពោះ​អ្នកបើកបរ​ម៉ូតូ និង​រថយន្ត​។ ទន្ទឹមនឹងនេះ គ្រោះកាច​នេះ កម្ពុជា​បានក្លាយ​ទៅជា​ប្រទេស​ដែល​ប្រកាន់យក​វប្បធម៌​និទ្ទណ្ឌភាព បន្ទាប់ពី​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​មនុស្ស ពោលគឺ​រត់គេច​យករួចខ្លួន​តែម្តង និង​ផ្តល់ប្រាក់​សំណង​ជា​ក្រោយ ដល់​ជនរងគ្រោះ ឬ​គ្រួសារ​ជនរងគ្រោះ ព្រមទាំង​មិនបាន​ជាប់ពន្ធនាគារ​ដូច​ការកំណត់​នៃ​ច្បាប់​នោះឡើយ​។

         ​និទ្ទណ្ឌភាព​នេះហើយ ដែលជា​មូលហេតុ​ធ្វើ​ឲ្យ​អ្នកបើក​បរជា​ឃាតក​ទាំងឡាយ មិន​ញញើត​នឹង​ប្រថុយ​ចំពោះ​ការបង្ក​គ្រោះថ្នាក់​ដល់​គេឯង និង​មិន​មានការ​រាងចាល​។ យើង​ម្នាក់ៗ មិនគួរ​យក​ផ្លូវ​សាធារណៈ​ធ្វើ​ជាទី​ពិឃាត​ជីវិត​មនុស្ស ឬ​ជាទី​លាន​សាកល្បង​ក្នុងការ​ហ្វឹកហាត់​ការបើកបរ​របស់ខ្លួន​នោះទេ​។ ការចេះ​បើកបរ​ដោយ​ស្ទាក់ស្ទើរ ការបន្ត​ប្រើប្រាស់​រថយន្ត​គ្មាន​គុណភាព និង​ការបើកបរ​ដោយ​ស្មារតី​មិន​ប្រក្រតី ស្រវឹង ឬ​ឡប់សតិ អាច​បណ្តាល​ឲ្យ​អ្នកដទៃ​ទទួលរង​គ្រោះថ្នាក់ និង​បាត់​បង់ជីវិត គួរ​ឲ្យ​អាណោចអាធ័ម​ជាទីបំផុត​។

         ​ជាក់ស្តែង​ថ្មីៗ​នេះ មាន​និស្សិត​ស្រី ទំនើង​ម្នាក់ ដែល​ឪពុកម្តាយ​អះអាងថា មាន​សតិ​មិន​ប្រក្រតី​ដោយ​ដុះ​សាច់​ក្នុង​ខួរក្បាល និង​ជា​ឃាតក​មុខស្រស់​រូបនេះ បាន​បើក​រថយន្តបុក​រះ​គេឯង ដែល​បណ្តាល​ឲ្យ​កុមារ​តូច ៣ នាក់​ស្លាប់​នៅនឹងកន្លែង និង​១២ នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល នៅមុខ​ក្រសួងមហាផ្ទៃ​។ បន្ទាប់ពី​បង្ក​គ្រោះថ្នាក់​ដោយ​អ​ចេតនា ដល់​អ្នកដំណើរ​ម្តង​រួចហើយ នៅក្បែរ​វិមានឯករាជ្យ និស្សិត​រូបនេះ មិនបាន​ឈប់​រថយន្ត​របស់ខ្លួន​នោះទេ ប៉ុន្តែ​បាន​បន្តដំណើរ​គេច​ពី​ការទទួលខុសត្រូវ​ផ្លូវច្បាប់ រហូតដល់​បង្កដោយ​ចេតនា​ឲ្យ​មាន​សោកនាដកម្ម​បែបនេះ​កើតឡើង​។​

         ​យោងតាម​ដីកា​បង្គាប់​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដោយ​លោក​ចៅក្រម​ស៊ើបសួរ អ៊ី ឋា​វរៈ បាន​ឲ្យ​ដឹងថា កញ្ញា គា​ម​ពិសិដ្ឋ ណា​រីតា អាយុ ២៣ ឆ្នាំ ជា​និស្សិត​ពេទ្យ​ឆ្នាំ​ទី​៦​នៃ​សាកលវិទ្យាល័យ​សុខាភិបាល ត្រូវ​បញ្ជូនទៅ​ឃុំខ្លួន​នៅ​មណ្ឌល «​ម​២»​។ នៅក្នុង​ដីកា​នេះ បាន​បញ្ជាក់ថា «​ជននេះ ត្រូវដាក់​ឲ្យ​នៅក្រោម​ការត្រួតពិនិត្យ​ពីបទ​បើកបរ បង្ក​ឲ្យ​មាន​របួស​អ្នកដទៃ ដោយ​អ​ចេតនា និង​បើកបរ​បង្ក​ឲ្យ​ស្លាប់​អ្នកដទៃ​ដោយ​អ​ចេតនា នៅលើ​មហាវិថី​ព្រះ​នរោត្តម កែង​ផ្លូវ​លេខ ៤៦២ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៨០ និង​៨២​នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​»​។ ដូច្នេះ​បទចោទប្រកាន់​ដាក់បន្ទុក លើ​និស្សិត​រូបនេះ ហាក់​រំលេច​នូវ​ការបន្ធូរបន្ថយ​ស្ថានភាព​ទោស​ពី​ចេតនា ទៅ​អ​ចេតនា​ទាំងអស់ និង​យោងតាម​មាត្រា​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។​

         ​ប៉ុន្តែ​មាន​មនុស្ស​ជាច្រើន បាន​ចោទ​ជា​សំណួរ​ថា តើ​ដំណាក់កាល​បង្ក​គ្រោះថ្នាក់​ជា​លើក​ទី​២ ជា​អ​ចេតនា​ដែរ​ឬ​? តើ​ការបង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស ក្នុងពេល​បើកបរ មិនមែនជា​បទឧក្រិដ្ឋ​ដែល​តម្រូវ​ឲ្យ​ជាប់ពន្ធនាគារ​ពី ១៥ ទៅ ២០ ឆ្នាំ ឬ​លើសពីនេះ​ទេ​ឬ​?​ជិះ​រថយន្តបុក​សម្លាប់​កុមារ ដល់​ទៅ ៣ នាក់ និង​របួស​មនុស្ស​ដល់​ទៅ ១២​នាក់ ត្រូវ​ជាប់ពន្ធនាគារ​តែ ២ ឬ​៣ ឆ្នាំ​មែនដែរ​ឬ​? តាម​ការសង្កេត​ជាក់ស្តែង គ្រោះថ្នាក់​ចរាចរណ៍​មួយចំនួនធំ​កើតឡើង​ដោយសារ​ការសេព​សុរា ដោយ​ការចេះ​បើកបរ​ស្ទាក់ស្ទើរ និង​មួយចំនួនទៀត បង្កឡើង​ដោយ​រថយន្ត​ដឹក​ដី ថ្ម ខ្សាច់ ក្រួស រថយន្ត​ដឹក​សំរាម ឬ​ដឹកទំនិញ​សំពីងសំពោង​ផ្សេងៗ​ទៀត ដែល​អ្នកបើកបរ​ច្រើន​តែមាន​អត្តចរិត​ព្រហើន គ្មាន​គុណធម៌ និង​មិន​មានការ​អធ្យាស្រ័យ​ដល់​អ្នកបើកបរ​ដទៃ ។​

         ​ម្យ៉ាងទៀត រថយន្ត​ទាំងនោះ សុទ្ធតែ​ចាស់​ទ្រុឌទ្រោម​ទៅហើយ និង​មិនមាន​ការត្រួតពិនិត្យ​បច្ចេកទេស​គ្រឿង​ម៉ាស៊ីន​នោះឡើយ​។ ដើម្បី បញ្ចៀស​គ្រោះថ្នាក់​នេះ​បាន ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សហការ​ជាមួយ​ស្ថាប័ន​នគរបាល​ចរាចរ មេត្តា​ចាត់វិធានការ​ឲ្យ​មាន​ប្រសិទ្ធភាព​បញ្ឈប់​ជាបន្ទាន់​កុំ​ឲ្យ​មាន ការប្រើប្រាស់ រថយន្ត​គ្មាន​គុណភាព​ទាំងនោះ ឬ​ហាម​កុំ​ឲ្យ​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​សាធារណៈ​តែម្តង​។ ដើម្បី ចូលរួម​លុបបំបាត់​និទ្ទណ្ឌភាព​នៃ​ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍ មន្ដ្រី​អនុវត្ដ​ច្បាប់​ចរាចរណ៍​គួរតែ​រឹតបន្ដឹង ទៅលើ​អ្នកបើកបរ​ទាំងអស់ ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍ តាមរយៈ​ការផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ និង​បង្កើន​ការផាកពិន័យ​ឱ្យបាន​ទ្វេដង​ដើម្បី​ជា​ប្រយោជន៍​កាត់បន្ថយ កំណើន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរឱ្យ​ព្រួយបារម្ភ​ទាំងនេះ​៕

15-m