លោក អ៊ុង តារា សប្បាយ​រាប់​ក្បាល​ឡាន​ដឹកឈើ​យកលុយ អត់​ចង់បាន​ស្នាដៃ​យកទៅ​បង្អួត​ថ្នាក់លើ ?

, , Comment closed

         ​ខេត្តកណ្តាល ៖ ប៉ុន្មាន​ថ្ងៃមុន​នេះ​មាន​រថយន្ដ​លុ​ច្ស​ស៊ី​ស ៤៧០ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2L-1668  បាន​ដឹកឈើ​គ្រញូង​តាមផ្លូវ​ជាតិ​លេខ ២១ កាត់​តាម​មុខ​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​តាខ្មៅ យ៉ាង​សុខ​ស្រួល រហូតដល់​ឃុំ​រការ​ខ្ពស់ ស្រុក​ស្អាង ខេត្ដ​កណ្ដាល កម្លាំង​នគរបាល​សេដ្ឋកិច្ច​បាន​តាម​ប្រ​ម៉ាញ់ ហើយ​ឡាន​ដឹកឈើ​គ្រញូង​នោះបាន​បើក​ត្រឡប់ក្រោយ រហូតមកដល់​មុខ​រោងចក្រ​បារី សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ទើប​ស្ទាក់​ចាប់បាន បន្ទាប់ពី​រថយន្ដ​ល្មើស​ខាងលើនេះ បាន​បុក​រថយន្ដ​សមត្ថកិច្ច រួច​ជ្រុល​ទៅបុក​រ៉ឺម៉ក​ម៉ូតូ​កង់​បី ដឹក​ភេសជ្ជៈ ហើយ​បន្ដទៅ បុក​ដើម​លឿង​រាជ​ទៅមុខ​លែងរួច​។

         បើតាម ការកត់សម្គាល់​របស់​មន្ត្រី​មួយចំនួន​បាន​ឲ្យ​ដឹងថា ក្រោម​ការគ្រប់គ្រង​រប​ស់លោក អ៊ុង តារា ជា​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​តាខ្មៅ​ក្តោប​ក្តាប់​ចំនួន ៤​ស្រុក មាន​ភាព​ធូររលុង​ខ្វះ​ការទទួលខុសត្រូវ​បណ្តែតបណ្តោយ​ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ឈើ​ចុះទៅ​ប្រទេស​វៀតណាម​យ៉ាង​អនាធិបតេយ្យ​បំផុត​គេ​មិនដែល​ឃើញ លោក អ៊ុង តារា ចាត់វិធានការ​បង្ក្រាប​ម្តងណា​ឡើយ​។ មានការ​បញ្ជាក់​ផងដែរ​ថា ការងារ​របស់លោក អ៊ុង តារា ពេល​បច្ចុប្បន្ននេះ​បានត្រឹមតែ​អង្គុយចាំ​សមត្ថកិច្ច​ប៉េអឹម ឬ​ប៉ូលិស​ចាប់​ឈើ​មក​ប្រគល់​ឲ្យ​តែប៉ុណ្ណោះ ដូចដែល​មន្ត្រី​តូចតាច​មួយចំនួន​បាន​បញ្ជាក់ថា លោក អ៊ុង តារា ចង់​បានតែ​លុយ​ទេ​អត់​ចង់បាន​ស្នាដៃ​អ្វី​ទាំងអស់​។

         សេចក្តីរាយការណ៍​ព័ត៌មាន​ពី​សមត្ថកិច្ច​មួយចំនួន​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​នៅតែមាន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទាំង​តាមផ្លូវ​ទឹក និង​ផ្លូវគោក​យ៉ាង​អនាធិបតេយ្យ​បំផុត​ឆ្លងកាត់​ភូមិសាស្ត្រ​ដែល​លោក អ៊ុង តារា ទទួលខុសត្រូវ​ហើយ​ក្នុងនោះ​មាន​ទីតាំង​ស្តុក​ឈើ​ប្រណីត​ជាច្រើន​កន្លែង សម្រាប់​កែច្នៃ ឬ​សម្រាប់​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម​លោក អ៊ុង តារា ក្តាប់បាន​ទាំងអស់​ហើយ​រឿង​ដែល​គាត់​មិន​ចាត់វិធានការ​បង្ក្រាប​ក៏​ព្រោះ តែមាន​ទំនាក់ទំនង​បញ្ហា​ប្រយោជន៍​តែម្តង​។

         ក្រុម ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​មួយចំនួន​ស្គាល់ចិត្តស្គាល់ថ្លើម​លោក អ៊ុង តារា ច្បាស់​ណាស់​ព្រោះ​គាត់​ចង់​បានតែ​លុយ​អត់​ខ្វល់ខ្វាយ​ពី​ស្នាដៃ​បង្ក្រាប អ្វី​ទេ​ដូច្នេះហើយ​បានជា​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​កើតមាន​យ៉ាង គគ្រឹកគគ្រេង​។ ដោយឡែក សមត្ថកិច្ច​នគរបាល​ខេត្តកណ្តាល ក៏​ធ្លាប់​បង្ក្រាប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក៏ដូចជា​ចូល​ឆែកឆេរ​ឃ្លាំង ស្តុក​ឈើ​មួយចំនួន​នៅក្នុង​ភូមិសាស្ត្រ​ដែល​លោក អ៊ុង តារា ក្តោប​ក្តាប់​សឹង​រាប់​ភ្លេច​ទៅហើយ​ទើប​ប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ របស់លោក អ៊ុង តារា​ចាត់​ការបន្ត​។

         ការចុះ បង្ក្រាប​បទល្មើស​ព្រៃឈើ​ជួប​ភាពលំបាក​យ៉ាងខ្លាំង​ដោយសារ​ត្រូវ​ចំណាយ មធ្យោបាយ ឬ​ការស៊ើបអង្កេត​ដូច្នេះហើយ​បាន​លោក អ៊ុង តារា​ចាត់តាំង​ឲ្យ​មន្ត្រីក្រោមឱវាទ​របស់គាត់​ចាំ​អង្គុយ​ប្រមូល​លុយ​ប្រសើរ ជាង​ការចុះ​បង្ក្រាប​។​បើ​គិត​ទៅ​សកម្មភាព​ការងារ​របស់លោក អ៊ុង តារា អសកម្ម​ខ្លាំងណាស់​មិនបាន​មួយ​សរសៃសក់​របស់លោក សេង លាង ជា​អតីត​នា​យស​ងា្ក​ត់​រដ្ឋបាល​ព្រៃឈើ​តាខ្មៅ​ផង​ទេ ព្រោះ​គេ​អាច​វាយតម្លៃ​បាន​ថា​លោក សេង លាង មានការ​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រយោជន៍​ជាមួយ​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ ក៏ពិតមែន​ប៉ុន្តែ​ជា​ញឹកញាប់​គេ​សង្កេតឃើញ​លោក សេង លាង បានចេញ​បង្ក្រាប​ការដឹកជញ្ជូន​ឈើ​យក​ស្នាដៃ​បង្អួត​ថ្នាក់លើ​ផងដែរ​។

         ប៉ុន្តែ សម្រាប់​លោក អ៊ុង តារា វិញ​បើ​គ្មាន​សមត្ថកិច្ច​ប៉ូលិស​ប៉េអឹម​ចាប់​ឈើ​យកមក​ប្រគល់​ឲ្យ​គាត់​ទេនោះ ទំនងជា​គាត់​គ្មានអ្វី​ធ្វើ​ទេ​ក្រៅពី​ការចាត់តាំង​ឲ្យ​ក្រុមមន្ត្រី​ចាំ អង្គុយ​រាប់​ក្បាល​ឡាន​យកលុយ​។​សូម​រម្លឹកថា កាលពី​សម័យ​លោក សេង លាង ធ្វើជា​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​តាខ្មៅ​គឺ​លោក អ៊ុង តា​រាជា​អនុប្រធាន​គឺ​លោក អ៊ុង តារា ព្យាយាម​ប៉ែង​ជើង​មេ​ខ្លួនឯង​តាមរយៈ​ការធ្វើ​របាយការណ៍​សម្ងាត់​មួយចំនួន​ទៅ ថ្នាក់លើ​ហើយ​ទីបំផុត​ពេល​លោក សេង លាង ខ្ទាត​ចេញពី​អំណាច​គឺ​សាច់ញាតិ​ដែលមាន​តំណែង​ធំ​ក្នុង​រដ្ឋបាល​ព្រៃឈើ​បាន ជួយ​អន្តរាគមន៍​ឲ្យ​លោក អ៊ុង តារា បាន​ឡើង​ធ្វើ​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​តាខ្មៅ​រហូតដល់​សព្វថ្ងៃនេះ​៕

10-m (1) 10-m