បែកធ្លាយ​អំពើពុករលួយ​របស់​មេ​គយ​ស្រែអំបិល ដែល​ឃុបឃិត​ឲ្យ​ទំនិញ​ខុសច្បាប់​ហូរ​ចូល​យ៉ាង​អនាធិបតេយ្យ​

, , Comment closed

         ខេត្ត​ព្រះសីហនុ ៖ ច្រើន​ឆ្នាំ​មកហើយ​ដែល​ក្រុម​ឈ្មួញ​សប្បាយ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ជាច្រើន​ប្រភេទ​មកពី​ប្រទេស​ថៃ ឡើងមក​កាន់​ផែ​ស្រែអំបិល ដែលជា​ទីតាំង​អំណោយផល​សម្រាប់​ពួកគេ​ដែល​អាច​នាំចូល​ទំនិញ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ ហើយ​ជំនាញ​គយ​នៅ​ទីនោះ ក៏មាន​ឈ្មោះ​ក្នុង​បញ្ជី​ប្រព្រឹត្ត​អំពើពុករលួយ​កម្រិត​ខ្ពស់ ហើយ​រឿងនេះ​ចាប់ផ្តើម​បែកធ្លាយ​ក្រោយពេល​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ឃាត់​ចាប់​រថយន្ត​យី​ឌុប ដឹកទំនិញ​គេចពន្ធរ​បស់​លោក​ផ្កាយ​៣ ឡុង ម៉េង ចំនួន​៤​គ្រឿង​កាលពី​រសៀល​ថ្ងៃទី​៣ ខែមីនា កន្លងទៅនេះ​។​

         ​លោក កុក ឆាយ បាន​ឡើងកាន់តំណែង​ជា​ប្រធានការិយាល័យ​គយ​ប្រចាំ​ច្រក​ស្រែអំបិល​ច្រើន​ឆ្នាំ​មកហើយ គាត់​មានឱកាស​ប្រព្រឹត្ត​អំពើពុករលួយ​ឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ គ្រប់​ប្រភេទ​រាប់ទាំង​គ្រឿងបន្លាស់​រថយន្ត សម្បក​កង់​រថយន្ត គ្រឿងឧបភោគ បរិភោគ និង​ទំនិញ​ខុសច្បាប់​ជាច្រើន​មុខ​ទៀត​យ៉ាង​អនាធិបតេយ្យ​បំផុត​។ ជាធម្មតា​លោក កុក ឆាយ មិនដែល​ខ្វល់ខ្វាយ​ពី​ការបង្ក្រាប​ទប់ស្កាត់ ការហូរចូល​ទំនិញ​ខុសច្បាប់ ឬ​ទំនិញគេចពន្ធ​ដែល​ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ យ៉ាងច្រើន​សន្ធឹកសន្ធាប់​នោះទេ គឺ​គាត់​គិតតែ​ផលប្រយោជន៍​ហូរ​ចូល​ហោប៉ៅ​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ សម្រាប់​យកទៅ​អភិវឌ្ឍន៍​មុខតំណែង និង​ទុក​ដេក​ចាយ​ពេល​ចូលនិវត្តន៍​។​

         ​នៅ​ចំណុច​ច្រក​ស្រែអំបិល ធ្លាប់មាន​ភាពចម្រូងចម្រាស រវាង​ជំនាញ​គយ និង​សមត្ថកិច្ច​ដទៃទៀត ដែល​ប្រចាំការ​នៅ​ទីនោះ ដូចជា​ករណីខ្លះ​ទូក​ដឹកទំនិញ​ចំណុះ​៣០-៤០​តោន ចូលមក​ដល់​ផែ​ស្រែអំបិល គឺ​ជំនាញ​គយ​ធ្វើការ​ត្រួតពិនិត្យ និង​វាយតម្លៃ​ពន្ធ​តាមតែ​អំពើ​ចិត្ត ដូចជា​ពេលកន្លងមក​ក្នុង​ទូក​ដឹកទំនិញ​ចំណុះ ៣០-៤០​តោន គេ​ដឹងថា ជំនាញ​គយ​បាន​បង្គាប់​ឲ្យ​ក្រុម​ឈ្មួញ​បង់ពន្ធ​មិន​ដល់​ពាក់កណ្តាល​ផង​ទេ ហើយ​សល់​ប៉ុន្មាន​ត្រូវ​ផ្តល់​សេវា​ជូន​មន្ត្រី​គយ ដែល​ជួយ​សម្របសម្រួល​កាត់បន្ថយ​ការបង់ពន្ធ​ដែល​ករណីនេះ​ទាមទារ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួ យ​ចុះ​ស៊ើបអង្កេត​ពី​ការឃុបឃិត​បំបាត់​ចំណូល​ពន្ធ​នៅ​ច្រក​ស្រែអំបិល​ឡើងវិញ​ជាបន្ទាន់​។​

         ​មន្ត្រី​តូចតាច​មួយចំនួន​បញ្ជា​ក់ថា សម្រាប់​ប្រភេទ​ទំនិញ​ខុសច្បាប់​មួយចំនួន​ដូចជា សារធាតុ​គីមី ដែល​ហាមឃាត់ ហើយ​ក្រុម​ឈ្មួញ​ត្រូវ​នាំយកមក​ប្រើប្រាស់​នៅតាម​រោងចក្រ រួច​ពេល​មួយ​នោះ​ក៏មាន​ការឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​នាំចូល​ប្រភេទ​កាកសំណល់​មាន​ជាតិពុល ដោយ​គ្មាន​ការត្រួតពិនិត្យ ឬ​រាយការណ៍​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​បានដឹង​នោះទេ ដោយ​ក្រុម​ឈ្មួញ​គ្រាន់តែ​បង់ប្រាក់​ឲ្យ​ជំនាញ​គយ​ដែល​ជួយ​សម្របសម្រួល​យកទៅ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។ ដោយឡែក ប្រភេទ​ទំនិញ​ដែលមាន​ការបង់ពន្ធ​ក្នុង​កម្រិត​ខ្ពស់​មួយចំនួនទៀត ត្រូវ​ជំនាញ​គយ​ប្រចាំ​ច្រក​ស្រែអំបិល​ជួយ​សម្របសម្រួល​ក្លែងភេទ​ទំនិញ ពី​ការបង់ពន្ធ​ខ្ពស់ មក​បង់ពន្ធ​ទាប ទៅ​តាមតែ​អំពើ​ចិត្ត​និង​បបូរមាត់​របស់​ជំនាញ​គយ ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ​ច្រើនសន្ធឹក​សន្ធាប់ ក្នុង​មួយខែៗ​។​

         ​សូមបញ្ជាក់ថា​អំឡុងពេល​ទៅ​ប្រកាស​ទ្រព្យសម្បត្តិ​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក គាត ឈន់ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​អះអាង​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា ចំណូល​ថវិកាជាតិ​ក្នុង​ឆ្នាំ​២០១២ កើនឡើង​ជាង​ឆ្នាំ​២០១១ ដែល​បានមកពី​ការរួមចំណែក​យ៉ាង​ធំធេង​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែលជា​សេនាធិការ​យ៉ាងសំខាន់​ក្នុងការ​ប្រមូល​ចំណូល​ថវិកា​ជូន​ជាតិ​។ ដូច្នេះ​គេ​ចង់ឃើញ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ស៊ើបអង្កេត​ពី​ស្ថានភាព​ជាក់ស្តែង​នៃ​ការនាំ​ចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​ពី​ប្រទេស​ថៃ​ចូល​តាម​ច្រក​ស្រែអំបិល ដែលមាន​រូបភាព​គគ្រឹក​គគ្រេង ហើយ​ប្រាក់ចំណូល​ភាគច្រើន ហូរ​ចូល​តែ​ហោប៉ៅ​មន្ត្រី​គយ ដែលមាន​តួនាទី​ប្រមូល​ចំណូល​ថវិកា​ជូន​ជាតិ​តែប៉ុណ្ណោះ ៕

04-m