សព​លោក អៀង សារី នឹងត្រូវ​បូជា​នៅ​ស្រុក​ម៉ាឡៃ ដែលជា​អតីត​តំបន់​តស៊ូ​ចុងក្រោយ​របស់​ខ្មែរក្រហម​

, , Comment closed

        ​រាជធានី​ភ្នំពេញ ៖ ក្នុង​សន្និសីទ​​សារ​ព័​ត៌​មា​ន​នៅ​​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​សូ​វៀត មេធាវី​លោក អៀង សារី ពីររូប​គឺ​លោក អាង ឧ​ត្ត​ម និង​លោក ម៉ៃ​ឃើ​ល ខា​ណា​វ៉ាស បាន​បញ្ជាក់ថា ​កា​រ​ចោ​ទ​ប្រ​កា​ន់​​ធ្វើ​ឡើង​ដោយ​ព្រះរាជអាជ្ញា ចំពោះ​ជនជាប់ចោទ អៀង សារី ត្រូវបាន​ទម្លាក់ចោល​ដោយ​ស្វ័យប្រវត្តិ តាម​នីតិវិធី​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ បន្ទាប់ពី​ជនជាប់ចោទ​រូបនេះ បានទទួល​មរណភាព នៅ​ម៉ោង ៨​នឹង​៤៥​នាទី​ព្រឹក​ថ្ងៃទី​១៤ ខែមីនា​នេះ​។​

        ​លោក អាង ឧ​ត្ត​ម មាន​ប្រសា​ស​ន៏​ថា កូនក្តី​របស់លោក មាន​អា​ការៈធ្វើ​ទុក​បេះដូង​ខ្លាំង បន្ទាប់ពី​សម្រាក​នៅ​មន្ទីរពេទ្យ​ជាង​១០​ថ្ងៃ​មក តែ​មូលហេតុ​នៃ​ការស្លាប់​ពិតប្រាកដ​នោះ គឺ​មិនទាន់មាន​របាយការណ៍​បញ្ជាក់​ច្បាស់លាស់​នៅឡើយ​ទេ​។  លោក​បន្តថា ក្រុមគ្រួសារ​របស់លោក អៀង សារី បានរៀបចំ​បញ្ជូន​សាកសព​ចេញពី​មន្ទីរពេទ្យ ដើម្បី​យកទៅ​ធ្វើបុណ្យ នៅ​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។ ការស្លាប់​របស់លោក អៀង សារី នេះ​ត្រូវបាន​មន្ត្រី​ពេទ្យ​ជំនាញ ផ្តល់យោបល់​ឲ្យ​លាក់បាំង ប្រពន្ធ​របស់​សាកសព គឺ​អ្នកស្រី អៀង ធិ​រិ​ទ្ធ ដោយហេតុ​មន្ត្រី​ពេទ្យ​ព្រួយបារម្ភ​ថា បញ្ហា​នេះ អាច​បណ្តាល​ឲ្យ​ស្ថានភាព​ជំងឺ​របស់​ជនជាប់ចោទ អៀង ធិ​រិ​ទ្ធ កាន់តែ​យ៉ាប់យ៉ឺន​។​

        ​មេធាវី​ការពារ​ក្តី​ជនជាប់ចោទ អៀង សារី លោក ម៉ៃ​ឃើ​ល ខា​ណា​វ៉ាស ឲ្យ​ដឹង​ដែរ​ថា លោក​មានការ​សោកស្តាយ​ចំពោះ​ការស្លាប់​របស់​កូនក្តី​លោក ហើយ​លោក​ក៏បាន​សម្តែង​ការព្រួយបារម្ភ​ផងដែរ ចំពោះ​មតិ​សារ​ធាណ​ជន ដែល​លើក​ការព្រួយបារម្ភ​ចំពោះ​ដំណើរការ​នីតិវិធី​សំណុំរឿង ០០២​នេះ​។ យោងតាម​សេចក្តី​ថ្លែង​ការ​ណ៏​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នៅថ្ងៃនេះ បាន​ហៅ​ការស្លាប់​របស់លោក អៀង សារី ជា​សញ្ញា​ជំរុញ​ឲ្យ​តុលាការ​ត្រូវ​ព​ន្លឿ​ន​ការកាត់ទោស​បន្ថែមទៀត ព្រោះ​ការស្លាប់​របស់​ជនជាប់ចោទ​រូបនេះ បាន​បាត់​ភស្តុតាង​រឹង​ម៉ាំ​មួយ​នៃ​របប​ខ្មែរក្រហម​។

        ​សហ​ព្រះរាជអាជ្ញា​របស់​សាលាក្តី​ខ្មែរក្រហម លោកស្រី ជា លាង មានប្រសាសន៍ថា ការស្លាប់​របស់លោក​អៀង សារី មិន​ប៉ះពាល់​ដល់​ដំណើរការ​កាត់ក្តី​នោះទេ ព្រោះ​លោក អៀង សារី បាន​ស្លាប់​ក្នុងដំណាក់កាល​កាត់ទោស​។ លោក អៀង សារី និង​ក្រុម​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​ខ្មែរក្រហម ៣​រូប​ទៀត គឺ​លោក នួន ជា​, អ្នកស្រី អៀង ធិ​រិ​ទ្ធ និង​លោក​ខៀវ សំផន ត្រូវបាន​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋ រួមមាន អំពើ​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម ទាក់ទង​នឹង​ការកាប់សម្លាប់​ប្រជាជន​ប្រហែល ២​លាន​នាក់ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩​។

        ​លោក អៀង សារី បាន​ស្លាប់​ក្នុង​វ័យ​៨៨​ឆ្នាំ ដោយ​រោគ​បេះដូង​និង​សួត​រ៉ាំ​រៃ នៅឯ​មន្ទីរពេទ្យ កម្ពុជា​-​សូ​វៀត​កាលពី​វេលា​ម៉ោង ៨​និង ៤៥ នាទី ព្រឹក​ថ្ងៃទី ១៤ ខែមីនា​ឆ្នាំ​២០១៣ ហើយ​សព​លោក អៀង សារី ត្រូវបាន​ដឹក​ចេញពី មន្ទីរពេទ្យ នៅវេលា​ម៉ោង ២​និង​៤៥​នាទី រសៀល ក្រោយ ការធ្វើ​កោសល្យ វិ​ច្ច័​យ​របស់​សហ​ព្រះរាជអាជ្ញា នៃ​សាលាក្តី​ខ្មែរក្រហម​។  ហើយ​កូន ៤ នាក់ និង​ចៅ​របស់លោក​អៀង​សារី បានមក​ជួបជុំ នៅក្នុង​បន្ទប់​មន្ទីរពេទ្យ ខណៈដែល​គ្រូពេទ្យ​កំពុង​ពិនិត្យ​សាកសព​៕

14-m (1) 14-m