អំឡុងពេល​មាន​កំដៅ​នយោបាយ កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ត្រូវ​រក្សា​ភាព​អព្យាក្រឹត​

, , Comment closed

         ​ខេត្តស្វាយរៀង ៖ ក្នុង​ពិធី​​សំ​ណេះ​សំ​ណា​ល និង​ជូន​រង្វាន់ សម្រាប់​ការប្រឡងប្រណាំង​ភូមិ​ឃុំ​មាន​សុវត្ថិភាព នៅ​ខេត្តស្វាយរៀង កាលពី​រសៀល​ថ្ងៃ​អង្គារ ទី​១២ ខែមីនា ឆ្នាំ​២០១៣​នេះ អគ្គស្នងការ​នគរបាល​ជាតិ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​ក្រើនរំលឹក​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវមាន​ការអត់ធ្មត់​ឲ្យ​បាន​ខ្ពស់ ដើម្បី​ការពារ​សណ្ដាប់ធ្នាប់​សន្តិ​សុខ និង​ប្រកាន់​ភ្ជាប់​វិន័យ បើទោះជា​មាន​បញ្ហា​ជាមួយ​ក្រុម​អ្នកនយោបាយ​ក៏ដោយ ។​

         ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បានស្នើ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ ត្រូវ​មានការ​អត់ទ្រាំ​ឲ្យ​បាន​ខ្ពស់បំផុត ព្រោះថា​កំដៅ​នយោបាយ​កាន់តែ​ជិត​ខិត ចូលមក​ដល់​ហើយ​នៅក្នុង​ការបោះឆ្នោត​ជ្រើស តាំង​តំណាងរាស្ត្រ​នាពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ ហើយ​កំដៅ​នេះ នឹង​កើតឡើង​នៅ​ដំណាក់កាល​ឃោសនាបោះឆ្នោត ថ្ងៃ​ស្ងៀមស្ងាត់ ថ្ងៃ​បោះឆ្នោត​រួច ពេល​ចាប់ផ្ដើម​រាប់​សន្លឹកឆ្នោត និង​ពេល​ប្រកាស​លទ្ធផល នៃ​ការបោះឆ្នោត​។

         ​អគ្គស្នងការ​នគរបាល​ជាតិ បាន​សង្កត់ធ្ងន់ថា «​ដំណាក់​ការ​ទាំងអស់នោះ គឺជា​ដំណាក់​ការដែល​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ត្រូវមាន​ការអត់ធ្មត់ បើទោះបីជា​គេ​ជេរ​យើង​ជេរ​ថ្នាក់ដឹកនាំ​យើង យ៉ាងណាក៏ដោយ ព្រោះ​យើង​ជា​កងកម្លាំង​អព្យាក្រឹត តួនាទី​របស់​យើង គឺ​ការពារ​គ្រប់​គណបក្សនយោបាយ​ទាំងអស់ មិន​ប្រកាន់បក្ស​ណាមួយ​នោះទេ​»​។ រាល់​បទល្មើស ដែល​កើតមានឡើង ឬ​មាន​ឃាដកម្ម​កើតឡើង​នៅ ពេលនោះ វា​ពិតជា​មានការ​ប្រទាញប្រទង់​គ្នា សូម្បីតែ​ខ្មោច​ក៏​នឹង​មានការ​ប្រទាញប្រទង់​គ្នា​ដែរ ព្រោះ​គេ​ថា ជា​សមាជិក​របស់​គណ​បក្ស​របស់គេ ហើយ​ក្រោយ​ការប្រកាស​លទ្ធផល​អាច​នឹង មានការ​តវ៉ា​ថា​លទ្ធផល មិន​ត្រឹមត្រូវ ជាដើម​។​

         ​ដូច្នោះ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ត្រូវ​ប្រយ័ត្នប្រយែង​ពី​បញ្ហា​ទាំងអស់នេះ ហើយ​ត្រូវ​ធ្វើការ​ស៊ើប អង្កេត​ឲ្យ​បាន​ម៉ត់ចត់​ទៅតាម ជំនាញ​របស់ខ្លួន ដើម្បី​កុំ​ឲ្យ​មានការ​ចោទប្រកាន់​ផ្សេងៗ ហើយក៏​ត្រូវ​ត្រៀមកម្លាំង អន្តរាគមន៍ ដើម្បី​ទប់ទល់​នឹង​សកម្មភាព​តវ៉ា​ណាមួយ ដែល​ឈានដល់​ការប្រើ​អំពើហិង្សា​ផងដែរ​។ ឆ្លៀត​នៅក្នុង​ឱកាស​នោះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ក៏បាន​ស្នើ​ឲ្យ​អាជ្ញាធរ​នៅតាម​មូលដ្ឋាន​ឃុំ និង​នគរបាល​ប៉ុស្តិ៍​ទាំងអស់ ត្រូវធ្វើ​ល្អជា​មួយ​ប្រជាជន ព្រោះ​អាជ្ញាធរ​ដែនដី គឺ​មានន័យថា «​ជា​អ្នកបម្រើ​ប្រជាជន ដោយស្មោះ​ត្រង់​»៕

14-m