លោកស្រី ម៉ែន សំអន សុំ​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់​ការ​សុំទាន​នៅតាម​តំបន់​ទេសចរណ៍ និង​នៅ​ប្រទេសជិតខាង​

, , Comment closed

         ​រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​របស់​ក្រសួង​សង្គមកិច្ច នៅ​ទីស្តីការក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា​និង​អធិការកិច្ច កាលពី​ថ្ងៃទី ១៣ ខែមីនា លោកស្រី​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ ម៉ែន សំអនបាន​ជំរុញ​ឲ្យ​អាជ្ញាធរ មន្ត្រី​ពាក់ព័ន្ធ ជាពិសេស​មន្ត្រី​សង្គមកិច្ច ត្រូវមាន​វិធានការ​ទប់ស្កាត់​ទៅលើ​ស​កម្ម​ភាព សុំទាន​នៅតាម​តំបន់​ទេសចរណ៍ ក៏ដូចជា​ការ​ចំណាកស្រុក​ទៅសុំ​ទាន​នៅ​ប្រទេសជិតខាង​ផងដែរ​។​

         ​លោកស្រី​ឧបនាយករដ្ឋមន្ត្រី បាន​កត់សម្គាល់ថា ទោះជា​បញ្ហា​ជាច្រើន​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ទប់ស្កាត់ និង​ដោះស្រាយ​ក៏ដោយ តែ​បញ្ហា​ក្មេង​អនាថា និង​ក្មេង​សុំទាន​កំពុងតែ​ក្លាយទៅជា​បញ្ហា និង​ត្រូវបាន​សង្កេត ឃើញ​មាន​យ៉ាងច្រើន​នៅតាម តំបន់​ទេសចរណ៍​នានា​។ មិនតែប៉ុណ្ណោះ​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង បានធ្វើ​ចំណាកស្រុក​ទៅ​ប្រទេសជិតខាង ដើម្បី​សុំទាន​ទៀតផង​។​

         ​លោកស្រី​ឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា «​ខ្ញុំ​កត់សម្គាល់ថា មាន​តំបន់​មួយចំនួន ដែលមាន​ភ្ញៀវទេសចរ​ច្រើន នៅ​ខេត្តសៀមរាប និង​ព្រះសីហនុ នៅមាន​កូនៗ​ជនអនាថា​ច្រើន ដើរ​សុំ​លុយ​ជនបរទេស​»​។ «​សិក្សា​ឡើងវិញ នៅ​តំបន់​ទេសចរណ៍ តំបន់​មួយចំនួនទៀត យើង​ត្រូវមាន​ការអប់រំ​បែបណា មាន​មណ្ឌល មានការ​អប់រំ​ផ្លូវចិត្ត ដើម្បី​ឲ្យ​គាត់​មាន​លំនឹង មានផ្ទះ មាន​ដី ក្នុងការ​ប្រក​បរបរ​ចិញ្ចឹមជីវិត និង​អនាគត​កូន​ដែល​មិនទាន់​ដឹងអី​»​។​

         ​ពាក់ព័ន្ធ​និង​ការធ្វើ​ចំណាកស្រុក​ទៅសុំ​ទាន​នៅ​ប្រទេសជិតខាង របស់​ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង ដែល​នាំគ្នា​ទៅ​ទាំង​ក្រុមៗ​នោះ លោកស្រី​ឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា ដោយសារតែ​ការ​ទៅសុំ​ទាន​នៅ​ប្រទេស​ក្បែរ​ខាង គេ​មាន​កន្លែង​ប្រមូលផ្តុំ គេ​ឲ្យ​រៀន មាន​អាហារ​ទទួលទាន ហើយ​បើ​ម្តាយ ដែលជា​អ្នកសុំទាន​អត់​មាន​ទឹកដោះ​ឲ្យ​កូនបៅ គេ​មាន ទឹកដោះ​សម្រាប់​កូន​នោះ​ទៀតផង​។ យ៉ាងណាក៏ដោយ លោកស្រី​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​បញ្ជាក់ថា នាពេល​បច្ចុប្បន្ន​មាន​ស្ថានភាព​ប្រសើរ​បន្តិច​ហើយ បន្ទាប់ពី​កិច្ចខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល ក៏ដូចជា​ការចូលរួម​ពី​អង្គការ​ដៃគូ​មួយចំនួន ដើម្បី​ជួយ​កុមារ​នៅ​កម្ពុជា ក៏ដូចជា​ជនពិការ​ផងដែរ​៕

14-m