បក្ខពួក​កូនប្រុស​អភិបាលខេត្ត​កណ្តាល យក​កាំភ្លើង​ភ្ជង់​និង​វាយ បុរស​ម្នាក់​បែកក្បាល​និង​ចិញ្ចើម​

, , Comment closed

         ​ខេត្តកណ្ដាល ៖ កូនប្រុស​អភិបាលខេត្ដ​កណ្ដាល និង​មិ​ត្ដ​ភ័ក្ដិ បាន​រង​ការចោទប្រកាន់​អំពី​ករណី យក​កាំភ្លើង​ទៅ​ភ្ជង់​និង​វាយ បុរស​ម្នាក់ បណ្ដាលឱ្យ​បែកក្បាល និង​ចិញ្ចើម កាលពី​យប់​រំលង​អា​ធ្រា​ត្រ ចូល​ថ្ងៃ ទី​១១ ខែមីនា ឆ្នាំ ២០១៣ កន្លងទៅនេះ ខណៈដែល​ជនបង្ក និង​ជនរងគ្រោះ​កំពុង ផឹកស៊ី​ជិតគ្នា ក្នុង​ក្លឹប​កំសាន្ដ​មួយកន្លែង​នៅក្រុង​តាខ្មៅ យីហោ KTV 711 ។

         ​សាក្សី​ដែល​បាន​ចូលរួម​ផឹកស៊ី​ក្នុង​ក្លឹប​កំសាន្ដ​មួយ​នេះ​បានឱ្យដឹងថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​ជនរងគ្រោះ ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ វ៉ាង សុគន្ធ អាយុ ២៤​ឆ្នាំ មុខរបរ​ជា​និស្សិត ថ្នាក់អនុបណ្ឌិត​ឆ្នាំ​ទី​២ នៅ​សកល​វិទ្យាល័យ នីតិសាស្ដ្រ និង​វិទ្យាសាស្ដ្រ​សេដ្ឋកិច្ច រួមជាមួយ​មិ​ត្ដ​ភ័ក្ដិ​ផ្សេងទៀត កំពុង​អង្គុយ​ផឹកស៊ី​នៅលើ​សា​ឡុង​ក្នុង ក្លឹប​កំសាន្ដ​មួយ​នេះ ដែលមាន​ចម្ងាយ ប្រមាណ ៦-៧​ម៉ែត្រ ពី​ក្រុម​ម្ខាង​ទៀត ដែល​គេ​ដឹងថា ក្នុងចំណោម​នោះ​មាន​ម្នាក់ ជា​កូនប្រុស​អភិបាលខេត្ដ​កណ្ដាល ឈ្មោះ ឈុន រស្មី ។

         ​ប្រភពព័ត៌មាន​បាន​លួច​បង្ហើប​ទៀតថា ពេល​កំពុង​ផឹកស៊ី មិនដឹង​ជាមាន រឿង​អ្វី​កើតឡើង​ស្រាប់តែ​កូន លោក​អភិបាលខេត្ដ​កណ្ដាល បាន​យក​កែវ​គប់​មកលើ​ជនរងគ្រោះ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កើត​នៅ​ឡើង​នៅក្នុង​ក្លឹប ។ ពេលនោះ​ជនរងគ្រោះ វ៉ាង សុគន្ធ ដែល​អះអាងថា មិនដែល​ស្គាល់ និង​មិន​មានរឿង​អ្វី​ជាមួយ​ក្រុម កូនប្រុស​អភិបាលខេត្ដ​កណ្ដាល​នោះ ប្រុង​ទៅ​សួរនាំ​ស្រាប់តែ​មិ​ត្ដ​ភ័ក្ដិ​របស់​ឈ្មោះ ឈុន រស្មី ដែល​គេ​ស្គាល់​ថា មានឈ្មោះ អា​ស្នា បាន​ដក​កាំភ្លើងខ្លី ភ្ជង់​ទៅលើ​ក្បាល រួចហើយ​វាយ​នឹង​ស្វ័យ​កាំភ្លើង បណ្ដាលឱ្យ បែកក្បាល​ផ្នែក​ខាងស្ដាំ និង​ចិញ្ចើម​ខាង ឆ្វេង​ហូរឈាម​ជោក រងរបួស​ធ្ងន់ ។

         ​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ​ត្រូវបាន​បញ្ជូន ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ព្រះ​អង្គឌួង ក្នុង​រាជធានី​ភ្នំពេញ ហើយ​សាច់ញាតិ​ជន​រង គ្រោះ បានត្រឹមតែ​មក​រាយការណ៍​ជូន​នគរបាល​ក្រុង​តាខ្មៅ​តែប៉ុណ្ណោះ ប៉ុន្ដែ​មិនបាន​ដាក់ពាក្យ​បណ្ដឹង ទៅកាន់​សមត្ថកិច្ច​នោះឡើយ ទំនង​ខ្លាច មានរឿង​វែងឆ្ងាយ ដោយសារតែ​ជនបង្ក​ទាំងនោះ ម្នាក់​ជា​កូន​អភិបាលខេត្ដ​កណ្ដាល ហើយ​ឪពុក​ជនរងគ្រោះ​ធ្លាប់ជា កូនចៅ និង​ធ្វើការ​ជាមួយ​លោក​អភិបាលខេត្ដ​ផងដែរ​៕