ប្រើល្បិច​ហៅ​ម្ចាស់ផ្ទះ​ឲ្យ​បើកទ្វារ​ជូន​ធៀប​ការ សម្រុក​ចូលទៅ​ប្លន់​យក​ទ្រព្យសម្បត្តិ និង​លុយ​ជាង​៣​ម៉ឺន​ដុល្លារ​

, , Comment closed

         ​ខេត្ដ​បន្ទាយមានជ័យ ៖ កាលពី​វេលា​ម៉ោង​ជិត​៤​រសៀល​ថ្ងៃទី​១១ មីនា ២០១៣ មាន​ករណី​ប្លន់​មួយ​បាន​កើតឡើង​នៅ​ភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សេរី​សោភ័ណ ដោយ​ចោរ​មួយក្រុម​បាន​ប្រើ​ស្ទីល​ថ្មី​ហៅ​ម្ចាស់ផ្ទះ​ឲ្យបើកទ្វារ​ដើម្បី ជូន​ធៀប​ការ ហើយ​ពួកគេ​បានធ្វើ​សកម្មភាព​ប្លន់​យកប្រាក់​អស់​៣​ម៉ឺន​ដុល្លារ ពី​ជនរងគ្រោះ ជា​អ្នកគ្រូ​បង្រៀន​ម្នាក់។​

         ​អ្នកគ្រូ​ដែល​ត្រូវបាន​ក្រុមចោរ​ចូល​ប្លន់​ដល់​ក្នុងផ្ទះ​នោះ​ឈ្មោះ ម៉ម សុផល អាយុ​៣២​ឆ្នាំ ជា​គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​ព្រះ​ពន្លា​មាន​ទីលំនៅ​ក្នុងភូមិ​កើត ហេតុ​ខាងលើ ។ តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា អំពើរ​ប្លន់​ខាងលើនេះ ក្រុមចោរ​មាន​គ្នា​៣​នាក់ ដោយ​ស្រី​២​បាន​ប្រើ​រូបភាព​ចូលទៅ​ហៅ​អ្នកគ្រូ​រងគ្រោះ​ថា  គេ​ជូន​ធៀប​ការដែល​ការហៅ​នោះគេ​ហៅ​ចំៗ​តែម្ដង «​ម៉ែ​អា​ម៉េង​ហុងៗ​» គឺ​អ្នកគ្រូ​ខាងលើ មានកូន​ឈ្មោះ ម៉េង ហុង​។​

         ​វា​ជា​ស្ទីល​ប្លែក​មួយទៀត​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវតែ​ដឹង​និង​ប្រុងប្រយ័ត្ន ព្រោះ​ក្រុម​ជនសង្ស័យ​ប្រើ​គ្រប់​កលល្បិច ធ្វើយ៉ាងណា​ឱ្យ​ពួកគេ​បានសម្រេច​នូវ​គោលបំណង​ប្លន់​យកលុយ​កាក់ និង​ទ្រព្យសម្បត្ដិ របស់​ជនស្លូតត្រង់ ។ ឈ្មោះ ម៉ម សុផល អាយុ​៣២​ឆ្នាំ​ដែល មាន​កូនតូច​ម្នាក់​អាយុ​ទើបបាន​១​ខួប ត្រូវបាន​ជនសង្ស័យ វាយ​ធ្វើបាប និង​ឱ្យ​លេបថ្នាំ​រហូតដល់​ទន់ ដៃ​ទន់​ជើង តែ​ត្រូវបាន​បញ្ជូន​ទៅកាន់ មន្ទីរពេទ្យក្រុង​សិរីសោភ័ណ​ដើម្បី​សង្គ្រោះ ។

         ​អ្នកភូមិ​បាន​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា រវាង​ជនសង្ស័យ​ដែល​ប្រើ​ស្ទីល​ថ្មី​នេះ នឹង​ជនរងគ្រោះ​ក៏​អាចជា​មនុស្ស​ស្គាល់គ្នា​ផងដែរ ដោយសារតែ​ពេល​ស្រែកហៅ នោះ​គឺ​ជនសង្ស័យ​បាន​ហៅ​ឈ្មោះ​ជន​រង គ្រោះ​ចំៗ ទើប​ជនរងគ្រោះ​បើកទ្វារ រួច​ក៏​កើតរឿង​បែបនេះ​តែម្ដងទៅ ។ មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ដេក​នៅក្នុង​លំនៅឋាន​របស់ខ្លួន​ជាមួយ នឹង​កូន ដោយបាន​ចាក់សោ​ទ្វារ​ត្រឹមត្រូវ ខណៈដែល​ប្ដី​របស់ខ្លួន​មិន​នៅផ្ទះ ។

         ​លុះ​មួយសន្ទុះ​ក្រោយមក​ក៏មាន​សម្រែក ស្រែកហៅ​ពី​ខាងក្រៅ​ចំៗ​ឈ្មោះ​ជន​រង គ្រោះ ដើម្បី​យក​ធៀប​ការអញ្ជើញ ហើយ​ពេល​ជនរងគ្រោះ​បើកទ្វារ ស្រាប់តែ​ជនសង្ស័យ​បាន​សម្រុក​ចូលទៅ​ខាងក្នុង ប្រដាប់​ដោយ​អាវុធ​មាន​ដែក​មុខស្រួច និង​កាំបិត​ភ្ជង់​គំរាម​រួច​ចង ថែមទាំង​ឱ្យ​យក​របស់របរ និង​លុយកាក់​ប្រគល់ឱ្យ​ពួកគេ បើ​មិន​ដូច្នោះ​ទេ​គេ​នឹង​សម្លាប់​កូន អាយុ​១​ខួប​នោះ​ចោល ។ ដោយមាន​ភាព​តក់ស្លុត​និង​ភ័យខ្លាច​នឹង​ការគំរាមកំហែង របស់​ជនសង្ស័យ​នោះ ជនរងគ្រោះ​ក៏​ព្រម ឱ្យ​របស់របរ​មានតម្លៃ​និង​លុយកាក់​ដែល ទុកដាក់​ត្រឹមត្រូវ​នៅក្នុង​ផ្ទះ​នេះ​ទាំងអស់ សុំ​តែ​ទុក​ជីវិត​ខ្លួន​និង​កូន​ប៉ុណ្ណោះ​៕

13-m