នាយ ពែ​កមី ក្លាយជា​តារា Town ពេញសិទ្ធិ

, , Comment closed

         រាជធានីភ្នំពេញ ៖ ​ផ្ទុយ​ពី​ការគិត​ទុក​របស់​ទស្ស​និក​ជន​ថា នាយ ពែ​កមី គ្រាន់តែ​ច្រៀង​ឲ្យ​ផលិតកម្ម Town ពីរ​បី​បទ​សម្រាប់​អបអរ​បុណ្យចូលឆ្នាំ​ខ្មែរ​នោះ នៅពេលនេះ នាយ​បាន​ទម្លាយ​ឲ្យ​ដឹងថា បទ​ចម្រៀង​បួន​បទ​ត្រៀម​ចេញលក់​ក្នុងឱកាស​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​។​

         មុននេះ​បន្តិច តារា​កំប្លែង​លេចធ្លោ​នាយ ពែ​កមី មិន​ហ៊ាន​ទទួលស្គាល់​ខ្លួនឯង​ចំពោះ​វត្តមាន​នៅក្នុង​ផលិតកម្ម Town នោះទេ ដោយ​ហេតុផល​មិនទាន់​ច្បាស់លាស់ និង​ខ្លាច​ភាគី​ខាង CTN អន់ចិត្ត​។ ទោះបីជា​យ៉ាងណា មន្ទិល​ទាំងអស់​ត្រូវបាន​បញ្ចប់ ដោយ នាយ ទើបនឹង​បញ្ជាក់​កាលពីពេល​ថ្មីៗ​នេះ​។​នាយ ពែ​កមី ថ្លែងថា “​ខ្ញុំ​ពេញសិទ្ធិ​ហើយ គ្រាន់តែ​មិនមាន​កុងត្រា​ប៉ុណ្ណោះ​”​។​

         ​ក្រោយ​ទទួល​សិទ្ធិ​ជា​តារាចម្រៀង​របស់​ផលិតកម្ម Town នេះ  នាយ ពែ​កមី បញ្ជាក់ថា បទ​ចម្រៀង​របស់លោក ចំនួន​៤​បទ រង់ចាំតែ​ថ្ងៃ​ចេញលក់​ប៉ុណ្ណោះ​។​ ​នាយ លើកឡើងថា​៖ “​ខាង​ផលិតកម្ម​ឲ្យ​ខ្ញុំ​ច្រៀង​ម្នាក់ឯង​ផង ជាមួយ​កញ្ញា មាស សុខ​សោភា ក៏មាន និង​ច្រៀង​ជាមួយ​លោក សុគន្ធ ថេ​រ៉ា​យុ សរុប​ទៅបាន ៤ បទ​ដែរ​”​។ នាយ​បាន​បញ្ជាក់ទៀតថា បទ​ចម្រៀង​ទាំងនេះ ត្រូវបាន​ខាង​ផលិតកម្ម​ត្រៀម​ចេញ​ចរាចរណ៍​លើ​ទីផ្សារ​ក្នុងពេល​ដ៏​ឆាប់​នេះ ដើម្បី​អបអរ​ឱកាស​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​។​

         ​នេះ​ជា​អាជីព​បន្ថែម​មួយទៀត​របស់​នាយ បន្ទាប់ពី​អាជីព​ជា​តារា​កំប្លែង​លើ​កញ្ចក់​ទូរទស្សន៍ CTN និង​ការថត​ខ្សែភាពយន្ត ដែល​កំពុងតែ​មានការ​គាំទ្រ​យ៉ាងច្រើន​នោះ​។ ទោះបីជា​យ៉ាងណា តារា​កំប្លែង​រូបនេះ​បាន​អះអាងថា មិន​ឲ្យ​មានការ​ប៉ះទង្គិច​ជាមួយ​ការងារ​ជា​ស្នូល​នៅ​ទ្រនំ​ចាស់​នោះទេ​។ ម្យ៉ាងទៀត ខាង​ផលិតកម្ម​ក៏មាន​ការអនុគ្រោះ​រូប​នាយ​ច្រើន​ដែរ​។​

         ​នាយ​បាន​បន្ថែមថា​៖ “​នៅ CTN ខ្ញុំ​រវល់​តែ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អង្គារ​ប៉ុណ្ណោះ​។ ចំណែក​ផលិតកម្ម Town ចង់​ថត​ពេលណា​ក៏បាន គេ​លើកលែង​ឲ្យ​”​។ ម្យ៉ាងទៀត ពេលនេះ​មេកោយ​របស់​នាយ​នៅ​ខាង​ស្ថានីយទូរទស្សន៍ CTN ក៏បាន​ជ្រាប​ពី​រឿងរ៉ាវ​នេះ​រួចហើយ​ដែរ ហើយ​ពួកគាត់​ក៏​មិនបាន​សម្ដែង​ការ​អន់ចិត្ត​ដូច​ការគិត​របស់​នាយ​ពីដំបូង​ឡើយ​។​

         ​នាយ បាន​ព្រលយ​ឲ្យ​ដឹង​ទៀតថា នៅ​ទីនោះ​មិនមែន​មានតែ​នាយ​នោះទេ សូម្បីតែ​អ្នកនាង​ខ្ញុង និង​នាយ​គ្រឿន ដែល​ប្អូនប្រុស​បង្កើត​របស់​នាយ ពួកគេ​ក៏មាន​បទ​ចម្រៀង​ដែរ​។ ហើយ​សម្រាប់​នាយ​វិញ នឹងមាន​បទ​ចម្រៀង​ចេញ​ជា​បន្តបន្ទាប់​ទៀត នៅក្រោយ​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ទៀត ដែល​នេះ​ជា​ឱកាស​សម្រាប់​នាយ​ដើម្បី​ឈាន​ជើង​កាន់តែ​រឹងមាំ​ក្នុង​វិស័យ​ចម្រៀង​។​ យើង​​មិនអាច​សុំ​ការបញ្ជាក់​ពី​ខាង​ផលិតកម្ម Town បានទេ​កាលពី​រសៀល​ម្សិលមិញ​នេះ ជុំវិញ​ការបោះ​ជំហាន​ចូល​ផលិតកម្ម Town របស់ ពែ​កមី​។ ប៉ុន្តែ​នៅក្នុង​បណ្ដាញ​សង្គម Facebook​តារាចម្រៀង​ស្រី​ល្បីឈ្មោះ​នាង មាស សុខ​សោភា បានបញ្ជាក់​ប្រាប់​Fans ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​នេះ​ថា បទ​ចម្រៀង​របស់​នាង ដែល​ច្រៀង​រួមគ្នា​ជាមួយ​នាយ ពែ​កមី នឹង​មកដល់​ឆាប់ៗ​នេះហើយ​។​

         ​ទោះបីជា​ពេលវេលា​នៃ​ជំហាន​ជា​តារា​កំប្លែង​ក្នុង​រយៈ​មិនយូរប៉ុន្មាន​ក៏ដោយ ប៉ុន្តែ​នាយ​ពែ​កមី ហាក់​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​ទស្សនិកជន​។ ក្នុង​អាជីព​បន្ថែម​ថ្មី​នេះ នាយ​ស្នើ​ឲ្យ​ទស្សនិកជន​ជួយ​គាំទ្រ​រូប​នាយ​ផង​៕ ប្រភព Sabay​

២4 116