មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​វ៉ារិន ដាក់​ប៉ុស្តិ៍​ជជុះ និង​កាង​ឈើ​ខុសច្បាប់​ផ្គើន​បទបញ្ជា​នាយករដ្ឋមន្ត្រី​

, , Comment closed

         ​ខេត្តសៀមរាប ៖ មេបញ្ជាការរង​កងរាជអាវុធហត្ថ ប្រចាំ​ស្រុក​វ៉ារិន ខេត្តសៀមរាប ឈ្មោះ សៅ សុខា ហៅ​ធា រហស្សនាម​៦៨ បានធ្វើ​សកម្មភាព​ដាក់​ប៉ុស្តិ៍​កុងត្រូលជជុះ​និង​កាង​បទល្មើស​ព្រៃឈើ ដ៏​សកម្ម​បំផុត​ផ្គើន​ទៅនឹង​ការព្រមាន​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជា​ការ​រឹតបន្តឹង​របស់លោក សៅ សុខា ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ផងដែរ ហើយ​សកម្មភាព​ដែល​លោក សៅ សុខា ហៅ​ធា កំពុង​ប្រព្រឹត្ត​នៅពេលនេះ​អាច​ចាត់ទុកជា​កំហុសឆ្គង​ធ្ងន់ធ្ងរ​បំផុត ក្នុងករណី​ដែល​គាត់​បាន​យក​ស្បែក​ជា​កងរាជអាវុធហត្ថ​ទៅ​កាង​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​។​

         ​សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹងថា លោក សៅ សុខា ហៅ​ធា បានដាក់​ប៉ុស្តិ៍​ជជុះ​ជា​អចិន្ត្រៃយ៍​នៅ​ចំណុច​ស្ពាន​ស្រែ​ណូយ ក្នុង​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប នៅ​ខាងត្បូង​ផ្សារ​ស្រែ​ណូយ ចម្ងាយ​៣០០​ម៉ែត្រ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៧ ហាយវ៉េ​។ លោក សៅ សុខា ហៅ​ធា បាន​ចាត់តាំង​មន្ត្រី​ជំនិតៗ​របស់គាត់​ឲ្យ​ដាក់​ប៉ុស្តិ៍​ជជុះ​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​ស្ទាក់ចាប់​រថយន្ត​ដឹកជញ្ជូន​ឈើ​ឲ្យ​បង់លុយ ។ ក្នុង​មួយថ្ងៃៗ​គ្រាន់តែ​ចំណុច​ប៉ុស្តិ៍​ជជុះ​ដែល​លោក សៅ សុខា ហៅ​ធា កាន់កាប់​អាច​ប្រមូលបាន​លុយ​ច្រើនសន្ធឹក​សន្ធាប់ ហើយ​ទំនងជា​មានការ​បែងចែក​ផលប្រយោជន៍​ខ្លះ​ជូន​ថ្នាក់លើ​ហើយ​មើលទៅ ។

         ​កន្លងមក​សកម្មភាព​ដែល​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឆ្លងកាត់​តាមផ្លូវ​ជាតិ​លេខ​៦៧ ត​ភ្ជាប់​ពី​តំបន់​អន្លង់វែង មកកាន់​ស្រុក​វ៉ារិន ខេត្តសៀមរាប ភាគច្រើន​គ្មាន​ការបង្ក្រាប​ទេ​។ ក្រុម​ឈ្មួញ​ជាទូទៅ​បាន​ពឹង​អាស្រ័យ​សុំ​ឲ្យ​លោក សៅ សុខា ហៅ​ធា ជួយ​ជ្រោមជ្រែង​រត់ការ​ដើម្បី​សម្រួល​កុំ​ឲ្យ​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​បង្ក្រាប​ឈើ​ខុសច្បាប់​របស់​ពួកគេ ហើយ​គ្រប់​ករណី​ទាំងអស់​ដែល​លោក សៅ សុខា ហៅ​ធា ចេញមុខ​រត់ការ​ប៉ាវ​ផ្លូវ​ហើយ​នោះ គ្មាន​នរណា​ហ៊ាន​ក្អក​ទេ គ្រាន់តែ​សុំ​ប្រាក់​ថ្លៃ​បាយ​ពី​លោក សៅ សុខា ហៅ​ធា ប៉ុណ្ណោះ​។​

         ​ក្រុម​ឈ្មួញ​ក៏ដូចជា​សមត្ថកិច្ច​ជាច្រើន បាន​រិះគន់​ចំៗ​ថា​លោក សៅ សុខា ហៅ​ធា ជា​ជើង​ខ្លាំង​ប្រចាំ​អាណាចក្រ​ស្រុក​វ៉ារិន មិនដែល​ខ្លាចញញើត​នរណា​ទេ សូម្បីតែ​បទបញ្ជា​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ព្រមាន​មិន​ឲ្យ​កម្លាំងប្រដាប់អាវុធ​ទាក់ទិន​សកម្មភាព​រក​ស៊ី​ឈើ​ខុសច្បាប់ ឬ​ដាក់​ប៉ុស្តិ៍​ជជុះ​តាម​ដងផ្លូវ​ក៏​លោក សៅ សុខា ហៅ​ធា មិន​យកចិត្តទុកដាក់​អនុវត្តន៍​ឲ្យ​មាន​ប្រសិទ្ធភាព នោះទេ តាមរយៈ​ការបន្ត​ដាក់​ប៉ុស្តិ៍​ជជុះ​និង​ជួយ​កាង​ឈើ​ឲ្យ​ក្រុម​ឈ្មួញ ផ្ទុយ​ពី​ការ​រឹតបន្តឹង​របស់​មេបញ្ជាកា​រ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ផងដែរ​។

         ​ក្រុម​ឈ្មួញ​ដែល​ចេញមុខ​ចេញ​មាត់​ខ្លាំងជាងគេ ក្នុងការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ពី​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ចូលមក​កាន់​ខេត្តសៀមរាប តាមផ្លូវ​ជាតិ​លេខ​៦៧ មានដូចជា​ឈ្មោះ​វាន់​នី ឈ្មោះ ត្រកួន ឈ្មោះ យិន ឈ្មោះ យូ ឈ្មោះ វង់ ឈ្មោះ ពន្លក ឈ្មោះ រស្មី និង​ឈ្មួញ​ឈើ​គ្រញូង​ដទៃទៀត សុទ្ធតែ​ប្រើប្រាស់​នូវ​រថយន្ត​ទំនើបៗ​មាន​ឡិច​ស៊ី​ស និង​បា​ឡែ​ន​និង​រថយន្ត​យី​ឌុប​ធំៗ មិនដែល​មានការ​បង្ក្រាប​ទេ​។ គេ​ចង់ឃើញ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​លោក ម៉ន សាម៉ុន យកចិត្តទុកដាក់​ត្រួតពិនិត្យ​មើល​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់លោក សៅ សុខា ហៅ​ធា ឡើងវិញ​ជាបន្ទាន់ ៕

13-m