ករណី​ដោះដូរ​តំណែង​លោក ប៊ឿ​យ យ៉ា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី ខេ​ត្ត​ស្វា​យ​រៀ​ង​​ពា​ក់​ព័ន្ធ​ការ​ក្លែង​ឯកសារ​?

, , Comment closed

         ​ខេត្តស្វាយរៀង ៖ លោក ប៊ឿ​យ យ៉ា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ខេត្តស្វាយរៀង​ត្រូវបាន​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ដក​បញ្ឈរជើង​ពី​ការងារ ទាក់ទិន​ការចោទប្រកាន់ថាបាន​ក្លែង​ឯកសារ​សុរិយោដី​ក្នុង​រឿង​ដីធ្លី ។ ករណីនេះ​បាន​ធ្លាយ​កាលពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៣ បន្ទាប់ពី​មន្ត្រីជាន់ខ្ពស់​សាលាខេត្ត​ស្វាយរៀង បាន​បង្ហើប​ឱ្យ​អ្នកសារព័ត៌មាន​ដឹងថា លោក ប៊ឿ​យ យ៉ា ត្រូវបាន​ក្រសួង​បញ្ឈរជើង និង​តម្រូវ​ឱ្យទៅ​បំភ្លឺ​នៅឯ​ក្រសួង​ដោយ​ជាប់​ពាក់ព័ន្ធ​ការចោទប្រកាន់ ក្លែង​ឯកសារ ។​

         ​លោក ជៀង អំ អភិបាលខេត្ត​ស្វាយរៀង​បាន​ឲ្យ​ដឹងថា ការដកតំណែង​លោក ប៊ឿ​យ យ៉ា ពី​ប្រធាន​មន្ទីរ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ខេត្ត ស្វាយរៀង គឺ​ដោយសារ​តែមាន​ក្រុមហ៊ុន គេ​ប្ដឹង​គាត់​ទៅកាន់​តុលាការខេត្ត​ស្វាយរៀង ពាក់ព័ន្ធ​ទៅនឹង​រឿង​ដីធ្លី ហើយ​តុលាការ​គេ​បានធ្វើ​លិខិត ទៅ​ក្រសួង​ដែនដី​នគរូបនីយកម្ម​។ ហេតុ​ដូច្នេះហើយ បានជា​ក្រសួង​គេ​ដក​ឲ្យ​ទៅ​បំភ្លឺ​នៅ​ក្រសួង និង​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ ហើយក៏​ឲ្យ​លោក​ទៅ​ឆ្លើយ នៅ​តុលាការ​ពាក់ព័ន្ធ​ទៅនឹង​ការចោទប្រកាន់​រឿង​ចេញ​ប្លង់ដី​។​

         ​លោក ជៀង អំ បាន​បន្តថា «​បញ្ហា​ដកតំណែង​នេះ​មិន​ពាក់ព័ន្ធ ទៅនឹង​ខេត្ត​ជា​អ្នកស្នើសុំ ឲ្យ​ដកតំណែង​នោះទេ គឺ​ក្រសួង​ជា​អ្នក​ដក ក៏ប៉ុន្តែ​ខាង​ក្រសួង គេ​ក៏បាន​ជូនដំណឹង​មក សាលាខេត្ត​ស្វាយរៀង​ឲ្យ​ដឹងផង​ដែរ​»​។ លោក​ឧកញ៉ា លី ប៉ោ​យូ ដែល​ត្រូវគេ​ដឹងថា បាន​ប្ដឹង​លោក ប៊ឿ​យ យ៉ា ប្រធាន​មន្ទីរ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ខេត្តស្វាយរៀង រឿង​ចេញ​ប្លង់ កម្មសិទ្ធិ​មិន​ប្រក្រតី​នោះ បាន​បដិសេដថា លោក​មិនបាន​ប្ដឹង​លោក បឿ​យ យ៉ា នោះទេ ។​

         ​ក៏ប៉ុន្តែ​បើតាម​លោក​ឧកញ៉ា លី ប៉ោ​យូ ឲ្យ​ដឹងថា ការដកតំណែង​លោក ប៊ឿ​យ យ៉ា នេះ​អាច​បណ្ដាល មកពី​មន្ត្រី​ថ្នាក់ក្រោម​របស់លោក​មួយ​ចំនួន ដែល​ខិលខូច ហើយ​ទម្លាក់កំហុស​លើ​ប្រធាន​របស់ខ្លួន ព្រោះ​កាលពី​ពីរ​សប្ដាហ៍​កន្លងទៅនេះ មាន​បញ្ហា​ធ្ងន់ធ្ងរ​មួយ​នៅ​ក្រុង​បាវិត គឺ​នៅពេល ដែល​មន្ត្រី​សុរិយាដី ចុះទៅ​វាស់វែង​ដីធ្លី​ឲ្យ​ក្រុមហ៊ុន​មួយ ប្រជាពលរដ្ឋ​បាននាំគ្នា កាន់​កាំបិត​ពូថៅ​ដេញ​កាប់ ព្រោះតែ​ក្រុមហ៊ុន​នោះ មិនទាន់បាន​ឲ្យ លុយ​ប្រជាពលរដ្ឋ​គ្រប់​នៅឡើយ​។ សូមបញ្ជាក់​ផងដែរ​ថា លោក ប៊ឿ​យ យ៉ា នៅ​ប្រមាណ​១០​ខែ​ទៀត នឹង​ដល់​អាយុ​ចូលនិវត្តន៍​ហើយ តែ​ត្រូវ​ក្រសួង​បញ្ឈរជើង​ពី​ការងារ​ធ្វើឱ្យ​មន្ត្រីរាជការ​មួយចំនួន​មានការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​៕

13-m