បន្ទាប់ពី​មាន​សិទ្ធិ​ដឹកទំនិញ​មិន​ប្រក្រតី​ផ្តាច់មុខ តាម​ផែ​កែវផុស​លោក ហាក់ ម៉ៅ ព្យាយាម​ផ្តួល​ដៃគូ​

, , Comment closed

         រាជធានី​ភ្នំពេញ ៖ មាន​សេចក្តីរាយការណ៍​ថា នៅ​ផែ​កែវផុស នៃ​ស្រុក​ស្រែអំបិល កំពុងមាន​សកម្មភាព​ដឹកជញ្ជូន​ទំនិញ មិន​ប្រក្រតី ដូចជា​ទំនិញ​ខុសច្បាប់​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ហើយ​មាន​មេ​ឈ្មួញ​ដ៏​សំខាន់​ម្នាក់ បាន​រកស៊ី​ម៉ៅការ​សម្រាប់​ការដឹកជញ្ជូន​ទំនិញ​មិន​ប្រក្រតី​គ្រប់​ប្រភេទ ពី​ច្រក​ផែ​កែវផុស​យកមក​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ ឬ​បន្ត​ទៅកាន់​បណ្តា​ខេត្ត​មួយចំនួនទៀត​។

         ​ឈ្មួញ​រូបនោះ​គឺ​លោក ហាក់ ម៉ៅ ដែល​គេ​ស្គាល់​ថា​ជា​ឧ​ត្ត​ម​សេនីយ៍​យោធា ដ៏​មាន​ឥទ្ធិពល​ធ្លាប់​ប្រើប្រាស់​អង្គរក្ស​ឲ្យ ប្រើ​អំពើហិង្សា​លើ​អ្នកកាសែត ហើយ​ចុង​ក្រោយនេះ​ធ្លាប់មាន​ករណី​តុលា​ការចាប់​ឃាត់ខ្លួន​មួយ​ដង្ហើមចង្រិត ពាក់ព័ន្ធ​ករណី​គំរាមកំហែង​លើ​កម្លាំងចម្រុះ​រួមមាន​មន្ត្រី​តុលាការ​ផងដែរ ដែល​ចុះទៅ​ឆែកឆេរ​រក​បទល្មើស​គ្រឿងញៀន​នៅផ្ទះ​របស់លោក ហាក់ ម៉ៅ ប៉ុន្តែ​មកដល់​ម៉ោង​នេះ​គ្មាន​នរណា​ហ៊ាន​ធ្វើ​អ្វី​លោក ហាក់ ម៉ៅ នោះទេ ធ្វើ​ឲ្យ​គាត់​មាន​ឥទ្ធិពល​កាន់តែខ្លាំង​ឡើង​។​

         ​មន្ត្រី​គយ​តូចតាច​មួយចំនួន​ដែល​មិនបាន​ផលប្រយោជន៍​ពីមុខ​របរ​រកស៊ី​ដឹកជញ្ជូន​ទំនិញ មិន​ប្រក្រតី​នៅ​ផែ​កែវផុស បាន​ឲ្យ​ដឹងថា លោក ហាក់ ម៉ៅ បាន​ដើរតួនាទី​សំខាន់​ក្នុងការ​ម៉ៅការ​ដឹកជញ្ជូន​ទំនិញ​ដែល​ក្រុម​ឈ្មួញ​បាន​នាំចូល​ពី​ប្រទេស​ថៃ តាម​ច្រក​ផែ​កែវផុស គ្មាន​នរណា​ហ៊ាន​ប្រជែង​ជាមួយ​ទេ​។ ម្ចាស់​ផែ​កែវផុស ដែលជា​ផែ​ឯកជន និង​លោក ហាក់ ម៉ៅ ស្ទើរតែ​ប្រើប្រាស់​អំណាច​និង​ឥទ្ធិពល​របស់​ពួកគេ​គ្រប់គ្រង​ទៅលើ​ជំនាញ​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​ប្រចាំការ​នៅ​ទីនោះ​ផងដែរ​។​

         ​បើតាម​ភាសា​សាមញ្ញ​គេ​និយាយថា ជំនាញ​គយ​មិន​ហ៊ាន​ក្អក​រាល់​សកម្មភាព​នាំចូល​ទំនិញ​មិន​ប្រក្រតី ឬ​ទំនិញ​ខុសច្បាប់ ព្រោះ​ម្ចាស់​កំពង់ផែ និង​លោក ហាក់ ម៉ៅ បាន​ជួយ​សម្របសម្រួល​និង​ចាំ​បែងចែក​របប​ជូន​ជំនាញ​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ឲ្យ​ចេះដឹង ឬ​ធ្វើការ​តាម​ជំនាញ​នោះទេ​។ នៅ​ច្រក​ផែ​កែវផុស​មាន​សកម្មភាព​នាំចូល​គ្រឿងបន្លាស់​រថយន្ត សម្បក​កង់​រថយន្ត គ្រឿង​អេឡិចត្រូនិក ទំនិញ​ចម្រុះ ស្រា​បៀរ គ្រឿងឧបភោគ​បរិភោគ ជាពិសេស​មានការ​នាំចូល​ប្រភេទ​ទំនិញ​ខុសច្បាប់​ដូចជា​ទូរស័ព្ទដៃ​ជាដើម​។

         ​ជាធម្មតា​លោក ហាក់ ម៉ៅ បាន​ឃុបឃិត​ត្រូវ​ដៃ​ត្រូវ​ជើង​ជាមួយ​មេ​ឈ្មួញ​ដ៏​ធំ​ម្នាក់ ឈ្មោះ ថៃ គី​ណូ បាន​រកស៊ី​ដឹកជញ្ជូន​ទូរស័ព្ទ ទំនើបៗ​ដែលមាន​តម្លៃ​ខ្ពស់​ហើយ​គេ​កំណត់​ឲ្យ​ជំនាញ​គយ​បង់ពន្ធ​ជា​ប្រភេទ​ទូរស័ព្ទ​ចិន ហើយ​មាន​ទូរស័ព្ទ​ជាច្រើន​ប្រភេទ​ទៀត ដែល​ត្រូវបាន​នាំចូល​តាម​ច្រក​ផែ​កែវផុស ដោយ​មិនមាន​ការបង់ពន្ធ ឬ​បង់ពន្ធ​តែ​បន្តិចបន្តួច​។ លោក ហាក់ ម៉ៅ មាន​ជំនាញ​ម៉ៅការ​ឬ​សម្របសម្រួល​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​មិន​ប្រក្រតី​ចេញពី​ផែ​កែវផុស មកកាន់​រាជធានី​ភ្នំពេញ​យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​ឈ្មួញ​ជាច្រើន តែងតែ​ពឹង​អាស្រ័យ​ឲ្យ​លោក ហាក់ ម៉ៅ ជួយ​ដឹកជញ្ជូន​ទំនិញ​ព្រោះ​មិន​ដែលមាន​ឧបសគ្គ​អ្វី​ទេ​។

         ​បទល្មើស​ដឹកជញ្ជូន​ទំនិញគេចពន្ធ​មិន​ប្រក្រតី​របស់លោក ហាក់ ម៉ៅ កំពុង​ជាប់​លំដាប់​កំពូល​ដែល​នរណាៗ​ក៏​ទទួលស្គាល់​ហើយ​បច្ចុប្បន្ននេះ​លោក ហាក់ ម៉ៅ កំពុងតែ​ផ្តួល​ដៃគូ​របស់ខ្លួន ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​មិន​ប្រក្រតី​ពី​តាម​ច្រក​ផ្សេងៗ តាមរយៈ​ការផ្តល់​ព័ត៌មាន​សម្ងាត់​ឲ្យ​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប​សកម្មភាព​ដឹកជញ្ជូន​ទំនិញ របស់​ឈ្មួញ​ដែលជា​គូប្រជែង​ជាមួយ​គាត់​។ មហិច្ឆតា​របស់លោក ហាក់ ម៉ៅ ធំ​ណាស់​ក្នុងការ​ពង្រីក​មុខ​ជំនួញ​ដឹកជញ្ជូន​ទំនិញ​មិន​ប្រក្រតី នៅ​ទូទាំងប្រទេស​កម្ពុជា បន្ទាប់ពី​គាត់​ផ្តួល​ដៃគូ​បានសម្រេច​ជោគជ័យ​៕

12-m