មានការ​តម្រូវ​ឲ្យ​បង់លុយ​ក្រៅផ្លូវការ​ចា​ប់ពី​៣២​ទៅ​៦១​ដុល្លារ នៅ​​នា​យ​ក​ដ្ឋា​ន​​រ​ប​ប​​គ​យ​រ​​ប​​ស់​លោក អ៊ុយ សារិន​

, , Comment closed

         រាជធានី​ភ្នំពេញ ៖អង្គភាព​ប្រឆាំង​អំពើពុករលួយ​ធ្លាប់បាន​ចុះទៅ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​នៅ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ដែល​ក្នុងនោះ​មានការ​ពន្យល់​យ៉ាង​លម្អិត​អំពី​ធាតុ​ផ្សំ​បទល្មើសនៃ​អំពើពុករលួយ ទណ្ឌកម្ម និង​វិធានការ​ស៊ើបអង្កេត​ដើម្បី​វែកមុខ​មន្ត្រី​ពុករលួយ​ខិលខូច​ដើម្បី​នាំទៅ​ផ្តន្ទាទោស ប៉ុន្តែ​រហូតមកដល់​ម៉ោង​នេះ មិនទាន់មាន​មន្ត្រី​គយ​ណា​ម្នាក់ ត្រូវបាន​ដាក់ពិន័យ ឬ​នាំទៅ​ផ្តន្ទាទោស​ពីបទ​ពុករលួយ​នៅឡើយ​ទេ​។​

         ​ក្រុម​អ្នក​រត់ការ​ទំនិញ​វិនិយោគ​ឲ្យ​តាម​រោងចក្រ​ឧស្សាហកម្ម​កាត់ដេរ​មួយចំនួន​បានលើកឡើង​ថា មាន​អំពើពុករលួយ ការ​កោសរូស បង្កើត​ឲ្យ​មាន​ភាព​រាំងស្ទះ​ចំពោះ​ការរត់​ឯកសារ​វិនិយោគ នៅក្នុង​នាយកដ្ឋាន​របប​គយ នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ពោលគឺ​លោក អ៊ុយ សារិន ដែលជា​ប្រធាន​អង្គភាព​នេះ​កំពុង​ប្រព្រឹត្ត​ផ្ទុយ​ពី​សេចក្តីណែនាំ របស់លោក ប៉ែន ស៊ីម៉ន ក៏ដូចជា​គោលការណ៍​កែទម្រង់​របស់​រដ្ឋាភិបាល ព្រោះ​នៅក្នុង​នាយកដ្ឋាន​របប​គយ គឺ​ទាំង​មន្ត្រី និង​លោក អ៊ុយ សារិន ដែលជា​ប្រធាន​កំពុង​នាំគ្នា​ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​ការ​កោសរូស​អ្នករត់​ឯកសារ ធ្វើ​ឲ្យ​មាន​ភាព​យឺតយូរ​រាំងស្ទះ ។​

         ​ក្នុង​មួយថ្ងៃៗ​មាន​ឯកសារ​ប្រមាណ ២០០​ទៅ​២៥០ ឯកសារ​របស់​ក្រុមហ៊ុន​វិនិយោគ​ពី​តាម​រោងចក្រ កាត់ដេរ ត្រូវ​ឆ្លងកាត់​នាយកដ្ឋាន​របប​គយ ដែល​គ្រប់គ្រង​ដោយ​លោក អ៊ុយ សារិន ហើយ​ក្នុង​១​ឯកសារ​មានការ​តម្រូវ​ឲ្យ​បង់ប្រាក់​ក្រោម​តុ ចាប់ពី​៣២​ទៅ​៦១​ដុល្លារ​អាមេរិក ហើយ​ក្រុម​អ្នករត់​ការ​បាន​បង្ហើប​ឲ្យ​ដឹងថា ប្រសិនបើ​ឯកសារ​របស់​ក្រុមហ៊ុន​វិនិយោគទុន របស់​រោងចក្រ​កាត់ដេរ​ដែល​ត្រូវ​រួច​ពន្ធ​នាំចូល និង​ពន្ធអាករ​ជា​បន្ទុក​របស់​រដ្ឋ ក៏ត្រូវ​ចំណាយ​ប្រាក់​ក្នុង​មួយ​ឯកសារ​ចំនួន ៣២​ដុល្លារ ហើយ​សម្រាប់​ឯកសារ​វិនិយោគ​ក្រៅពី​ឧស្សាហកម្ម​កាត់ដេរ ត្រូវ​បង់អាករ ១០​ភាគរយ និង​ពន្ធ​នាំចូល​ជា​បន្ទុក​របស់​រដ្ឋ ប៉ុន្តែ​ក៏ត្រូវ​បង់​សេវា​ក្រោម​តុ​ឲ្យ​ជំនាញ​គយ អស់​ចំនួន​៦១​ដុល្លារ​។​

         ​មានការ​រៀបរាប់​យ៉ាង​លម្អិត​ពី​កន្លែង​ដែល​ត្រូវ​បង់ប្រាក់​ក្រោម​តុ ក្នុង​នាយកដ្ឋាន​របប​គយ ក្រោម​ការគ្រប់គ្រង​រប​ស់លោក អ៊ុយ សារិន គឺ​ទី​១ ត្រូវ​បង់​ឲ្យ​មន្ត្រី​គយ​ផ្នែក​សរសេរ​ឯកសារ​ចំនួន​២០​ដុល្លារ ទី​២ បង់​ឲ្យ​អនុប្រធាននាយកដ្ឋានរ​បប​គយ ដែល​កាត់​តាម​បណ្តា​រោងចក្រ​នីមួយៗ​សម្រាប់​សេវា​គ្រី​ស​លើ​ឯកសារ ត្រូវ​បង់​ចំនួន​១០​ដុល្លារ ទី​៣ សម្រាប់​សេវា​លោក អ៊ុយ សារិន ជា​ប្រធាន​នាយកដ្ឋាន​ត្រូវ​បង់​ចំនួន​១០​ដុល្លារ ទី​៤ លេខា​ឈ្មោះ ប្រាក់ សុ​ម៉េ​ត ត្រូវ​បង់​ចំនួន​១០​ដុល្លារ ដើម្បី​យក​ឯកសារ​ទៅ​គ្រី​ស​ពី​លោក ឡាយ ប្ញ​ទ្ធី ឬ​លោក ប៉ែន សំអាត ទី​៥ អ្នក​បោះត្រា ត្រូវ​បង់ប្រាក់​ចំនួន​៥​ដុល្លារ និង​អ្នក​ចុះ​លេខ​ចំនួន​៥​ដុល្លារ​បន្ថែមទៀត​។

         ​អ្វីដែល​ធ្វើ​ឲ្យ​ក្រុម​អ្នក​រត់ការ​ឯកសា​រវិ​និ​យោគ​ធុញទ្រាន់​បំផុត​នោះ គឺ​មន្ត្រី​គយ​ម្នាក់​ឈ្មោះ ចក់ ដុម ជា​អ្នកសរសេរ​ឯកសារ​កា​ត់ទៅ​រោងចក្រ​ជិត​២០ គឺ​គាត់​ចូលធ្វើការ​នៅ​ម៉ោង​១០​ព្រឹក ចេញ​ម៉ោង​១១​កន្លះ ហើយ​ពេល​រសៀល​ចូល​ម៉ោង ៣​កន្លះ ចេញ​ម៉ោង​៤​កន្លះ​ធ្វើ​ឲ្យ​ឯកសារ​ជាច្រើន​ត្រូវ​កកស្ទះ ហើយ​គេ​មិន​ច្បាស់​ទេ​ថា ហេតុអ្វី​បានជា​ថ្នាក់ដឹកនាំ​គយ​មិន​ឮមាត់ឮក ពី​ករណី​ដែល​លោក ចក់ ដុម ចូលធ្វើការ​ក្នុង​មួយថ្ងៃ​តែ​២​ម៉ោង គឺ​ព្រឹក​១​ម៉ោង និង​ពេល​ល្ងាច​១​ម៉ោង ដែល​ផ្ទុយ​ពី​លក្ខន្តិកៈ របស់​មន្ត្រីរាជការ​ស៊ីវិល​។​

         ​លោក អ៊ុយ សារិន ក្នុងតួនាទី​ជា​ប្រធាន​នាយកដ្ឋាន​របប​គយ ពោរពេញ​ទៅដោយ​អំណាច​ឥទ្ធិពល​នៅពេលដែល​គាត់​ធ្វើដំណើរ​ចូល​ប៊ុ​យ​រ៉ូ ធ្វើការ​ម្តងៗ ទាំង​សន្តិសុខ​មន្ត្រី​គយ និង​អ្នក​រត់ការ​ទំនិញ ត្រូវ​នាំគ្នា​ក្រោកឈរ​ព្រមៗ​គ្នា ដើម្បី​សំដែង​ការគោរព ហើយ​ទាល់តែ​លោក អ៊ុយ សារិន អង្គុយ​ចុះ​ទើប​គេ​ហ៊ាន​អង្គុយ​តាម​ក្រោយ ហើយ ជា​ទៀងទាត់​លោក អ៊ុយ សារិន បានបង្ហាញ​អត្តចរិត​ក្រេវក្រោធ​ស្តីបន្ទោស​មន្ត្រី និង​អ្នករត់​ឯកសារ​ដែល​គ្រាន់តែ​សួរនាំ​ពី​បញ្ហា​យឺតយូរ ត្រូវបាន​លោក អ៊ុយ សារិន បណ្តេញ​ចេញពី​ប៊ុ​យ​រ៉ូ ក្លាយជា​ទម្លាប់​យ៉ាង​អាក្រក់៕

12-m