ខេមរៈ សេរី​មន្ត ដាក់ពាក្យ​បណ្តឹង ខណៈ​ធ្លាយ​រឿង​ប្រពន្ធ កូន ក៏​ស្ថិតក្នុង​គ្រោះថ្នាក់​នោះដែរ​

, , Comment closed

         ​រាជធានី​ភ្នំពេញ ៖ បន្ទាប់ពី​កើតទុក្ខ​យំសោក រំជួលចិត្ត​ក្រោយពី​ព្រឹត្តិការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​របស់​ក្រុម​តារាចម្រៀង ខេមរៈ សេរី​មន្ត នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ បណ្តាល​ឲ្យ​មនុស្ស​៧​នាក់​ស្លាប់​នៅនឹងកន្លែង​នោះ​នៅពេលនេះ តារាចម្រៀង ខេមរៈ សេរី​មន្ត រួមទាំង​នារី​ម្នាក់ទៀត បានដាក់​ពាក្យបណ្តឹង​រួចហើយ ដោយឡែក​តារា​កំប្លែង​នាយ កុយ យាយ ណ​យ សំណាង មិនទាន់បាន​ដាក់ពាក្យ​បណ្តឹង​ប្តឹង​រថយន្ត​កុងតឺន័រ​ក្រុមហ៊ុន SK បង្កហេតុ​នោះ​នៅឡើយ​។​

         គួររំឭកថា កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី យប់​ថ្ងៃទី​៧ មីនា ឆ្នាំ​២០១៣​កន្លង​ទៅនោះ​តារាចម្រៀង​ឈរ​តំណែង​កំពូល ខេមរៈ សិរីមន្ត រួម​ជាមួយនឹង​ក្រុមការងារ​៨​នាក់​(​រួមមាន​ក្មេង​ម្នាក់​) បានធ្វើ​ដំណើរ​តាម​រថយន្ត​ម៉ាក Tundra ពណ៌​ស​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ច្រៀង​នៅក្នុង​ការប្រគំ​តន្ត្រី​មួយ​ហើយ​ក៏បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​នៅលើ​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ​២១១-២១២ ស្ថិតក្នុង​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ គ្រោះថ្នាក់​ដ៏​រន្ធត់​មួយ​នេះ បាន​បង្កឡើង​ដោយ​រថយន្ត​កុងតឺន័រ​ក្រុមហ៊ុន SK បុក​ពេញទំហឹង​ទៅលើ​រថយន្ត​Tundra របស់​តារា ខេមរៈ សេរី​មន្ត បណ្តាល​ឲ្យ​ក្រុមការងារ​របស់​ពួកគេ​ស្លាប់​៤​នាក់​ភ្លាមៗ ក្នុងនោះ​មានកូន​ប្រុស​តារា​កំប្លែង​ល្បី​នាយ កុយ និង​កូនប្រុស​តារាចម្រៀង​អា​យ៉ៃ​យាយ ណា​ង ឯ​ចំពោះ​តារាចម្រៀង ខេមរៈ សេរី​មន្ត រងរបួស​ស្រាល​។​

         ​បន្ទាប់ពី​ធ្វើ​ពិធី​បុណ្យសព​អ្នកស្លាប់ និង​ធ្វើ​ពិធីសូត្រមន្ត​រំដោះគ្រោះ​នៅនឹងកន្លែង​កើតហេតុ​ដោយមាន​ព្រះសង្ឃ​ចំនួន​១០០​អង្គ​ចូលរួម​នោះ នៅពេលនេះ តារាចម្រៀង ខេមរៈ សេរី​មន្ត ត្រូវបាន​មន្ត្រីប៉ូលិស​អះអាងថា គេ​បានដាក់​ពាក្យបណ្តឹង​រួចហើយ រីឯ នាយ កុយ និង​យាយ ណា​ង គ្រួសារ​ជនរងគ្រោះ​ផ្សេងទៀត ក៏​គ្រោង​នឹង​បានដាក់​ពាក្យបណ្តឹង​លើ​រថយន្ត​កុងតឺន័រ​របស់​ក្រុមហ៊ុន SK នោះដែរ​។​

         ​លោក ព្រហ្ម ពៅ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ បាន​ប្រាប់ថា​ក្រុមគ្រួសារ​ជនរងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ផ្ទួនៗ​គ្នា​ទាំងពីរ​ករណី កាលពី​ព្រលប់​ថ្ងៃទី​៧ មីនា និង​ពាក់កណ្តាល​អា​ធ្រា​ត្រ​ឆ្លង​ចូល​ថ្ងៃទី​៨ មីនា នោះបាន​ចូលខ្លួន​មក​ដាក់​ពាក្យបណ្តឹង​ជា​បណ្តើរៗ​ហើយ​។ លោក​បាន​បញ្ជាក់ថា គ្រួសារ​របស់​តារាចម្រៀង ខេមរៈ សេរី​មន្ត នាយ កុយ យាយ​ណា​ង និង​ក្រុមគ្រួសារ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ក៏បាន​អញ្ជើញ​ចូលមក​ដាក់ពាក្យ​បណ្តឹង​បណ្តើ​រហើយ​ដែរ​កាលពី​រសៀល​ថ្ងៃទី​១០ ខែមីនា​កន្លងទៅនេះ​។​

         ​លោក​បានបញ្ជាក់​ប្រាប់ថា​៖«​ខេមរៈ សេរី​មន្ត បានមក​ដាក់ពាក្យ​បណ្តឹង​រួចហើយ ឪពុក​គេ​មក​ដាក់ តែ​នាយ​កុយ និង​យាយ​ណា​ង មិនទាន់​បានដាក់​ទេ​»​។​ ​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​នេះ​បងប្អូន និង​ឪពុក របស់​តារាចម្រៀង ខេមរៈ សេរី​មន្ត ក៏បាន​ចេញមុខ​ដើម្បី​ដោះស្រាយ​និង​ដាក់​បណ្តឹង​ដែរ​។ លោក ខេមរៈ ភា​រុណ​ប្រាប់ថា​៖«​នៅថ្ងៃនេះ​(​ថ្ងៃទី​១០) លោកឪពុក​ខ្ញុំ គាត់​ក៏បាន​ទៅ​ចូលរួម​ក្នុង​ពិធីសូត្រមន្ត​ដែលមាន​លោក​១០០​អង្គ​នៅ​កន្លែងកើតហេតុ​នោះដែរ ហើយ​បន្ទាប់មក គាត់​ក៏បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ប្តឹង​ភាគី​បង្ក​គ្រោះថ្នាក់​នោះ​ហើយ​ដែរ នៅ​ស្នងការ​ខេត្ត​ព្រះសីហនុ​»​។​

         ​កំពុង​ស្ថិតនៅ​កន្លែង​ធ្វើ​ពិធី​បុណ្យសព​របស់​កូនប្រុស ជី វីរៈ លោក ជួង ជី ហៅ កុយ ឲ្យ​ដឹងថា លោក និង​យាយ ណា​ង នឹងដាក់​ពាក្យបណ្តឹង​លើ​ក្រុមហ៊ុន SK និង​អ្នកបើកបរ​បង្កហេតុ​នៅក្រោយពេល​លោក​ធ្វើ​ពិធី​បុណ្យសព​កូនប្រុស​រួច​។​ ​តារា​កំប្លែង​ល្បីឈ្មោះ​ជាច្រើន​សម័យកាល​រូបនេះ​បាន​បញ្ជាក់ថា​៖«​ខ្ញុំ​នឹងដាក់​ពាក្យបណ្តឹង​ទៅលើ​ក្រុមហ៊ុន​នោះ​(​ក្រុមហ៊ុន SK) ពិសេស​អ្នក​បើកឡាន នៅពេល​ពិធីបុណ្យ​ធ្វើ​រួចរាល់ ដើម្បី​ឲ្យ​គេ​មក​បំភ្លឺថា គ្រោះថ្នាក់​នោះ​កើតឡើង​យ៉ាងម៉េច​ហើយ​នៅពេលនេះ​ស្ងាត់ឈឹង មិន​បានឃើញ​តំណាង​ក្រុមហ៊ុន​នោះមក​ចូលរួម​ពិធី​រំលែក​ទុក្ខ​គ្រួសារ​នៃ​សព​ទេ វា​ជា​រឿង​មិនគួរ​ឲ្យ​ជឿ​…»​។​

​ធ្លាយ​រឿង​ប្រពន្ធ​កូន ខេមរៈ សេរី​មន្ត ក៏​ស្ថិតក្នុង​គ្រោះថ្នាក់​នោះដែរ​

         ​ការមិន​ព្រម​ចេញមុខ​មក​បកស្រាយរ​បស់​តារាចម្រៀង ខេមរៈ សេរី​មន្ត ខណៈដែល​លោក​ទទួលរង​របួសស្រាល​បំផុត​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បានសម្លាប់​ក្រុមការងារ​រួម​ដំណើរ​ក្នុង​រថយន្ត​តែមួយ​ជាមួយ​លោក​អស់​៤​នាក់​នោះ បាន​បង្ក​ជាការ​សង្ស័យថា តារាចម្រៀង ខេមរៈ សេរី​មន្ត កំពុង​គេចវេះ​ពី​ការបកស្រាយ ស្របពេល​ដែលមាន​គេ​អះអាងថា ខេមរៈ សេរី​មន្ត ភ័យខ្លាច​គេ​ដឹង​ពី​រឿង​លោក​មាន​ប្រពន្ធ និង​កូន ខណៈ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ប្រពន្ធ​កូនលោក​ក៏បាន​រួម​ដំណើរ​ជាមួយ​ដែរ​។​

         ​ប្រជាជន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅពេល​គ្រោះថ្នាក់​នោះ គេ​បានឃើញ​តារាចម្រៀង ខេមរៈ សេរី​មន្ត បាន​នាំ​នារី​ពីរ​នាក់​ចេញពី​រថយន្ត​គ្រោះថ្នាក់​នោះ ដោយ​រួមមាន​ក្មេង​អាយុ​ជាង​មួយឆ្នាំ​ម្នាក់​ផងដែរ​ដែល​គេ​ដាក់​ការសង្ស័យថា នារី និង​ក្មេង​ម្នាក់​នោះ​ត្រូវជា​ប្រពន្ធ និង​កូន​របស់​តារាចម្រៀង ខេមរៈ សេរី​មន្ត​។​

         ​លោក ព្រហ្ម ពៅ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ បាន​ទទួលស្គាល់ថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​របស់​តារាចម្រៀង ខេមរៈ សេរី​មន្ត ពិត​ជាមាន​ក្មេង​ម្នាក់​មែន​។​

         ​លោក​បាន​មានប្រសាសន៍ថា​៖«​តាម​របាយការណ៍​យើង នៅក្នុង​គ្រោះថ្នាក់​នោះ នៅក្នុង​រថយន្ត ខេមរៈ សេរី​មន្ត មាន​ក្មេង​តូច​ម្នាក់​អាយុ​១​ឆ្នាំ​៤​ខែ តែ​ក្នុង​គ្រោះថ្នាក់​ហ្នឹង​ក្មេង​នោះ​អត់​មានអី​ទេ ពេល​យកទៅ​មន្ទីរពេទ្យ​គ្រួសារ​គេ​ក៏បាន​យកទៅ​ផ្ទះ​វិញ​ទៅ​!»​។​

         ​ក្រោយពេល​គ្រោះថ្នាក់​បន្តិច លោក ខេមរៈ ភា​រុណ បងប្រុស​បង្កើត​របស់​តារាចម្រៀង ខេមរៈ សេរី​មន្ត បាន​ឲ្យ​ដឹងថា ប្អូនប្រុស​របស់លោករ​ងរ​បួស​បន្តិចបន្តួច​មិន​ស្មើនឹង​ដួល​កង់​ផង តែ​សេរី​មន្ត មាន​បញ្ហា​សតិអារម្មណ៍​ធ្ងន់ធ្ងរ​បន្តិច​។ ប៉ុន្តែ​គេ​បាន​ដំណឹង​ថា តារាចម្រៀង ខេមរៈ សេរី​មន្ត បាន​ទៅ​ចូលរួម​ក្នុង​ពិធី​បុណ្យសព​កូនប្រុសរ​បស់​យាយ ណា​ង ដូច្នេះ​គេ​បាន​សន្និដ្ឋានថា ខេមរៈ សេរី​មន្ត មិនមាន​បញ្ហា​អ្វី​នោះឡើយ ហើយ​ការ​គេច​មិន​ព្រម​បង្ហាញមុខ ព្រោះតែ​តារាចម្រៀង​រូបនេះ​ខ្លាច​គេ​ដឹង​ដំណឹង​លោក​មានកូន​និង​ប្រពន្ធ ដែល​នៅក្នុង​គ្រោះថ្នាក់​ដ៏​រន្ធត់​នោះ​កូន ប្រពន្ធ​លោក​ក៏បាន​រួម​ដំណើរ​ដែរ​។​

         ​តារាចម្រៀង ខេមរៈ សេរី​មន្ត មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បានទេ កាលពី​ម្សិលមិញ​ដោយសារ​ទូរស័ព្ទ​របស់​លោក​បាន​បិទ​។ រីឯ​លោក ខេមរៈ ភា​រុណ ដែលជា​អ្នកនាំពាក្យ និង​ជា​បងប្រុស​ក៏​មិនអាច​សុំ​ការបំភ្លឺ​បានដែរ ព្រោះ​ទូរស័ព្ទ​មិនអាច​ទទួល​ការហៅ​ចូល​បាន​។​

         ​គេ​បានដឹងថា ខេមរៈ សេរី​មន្ត បាន​នាំយក​ថវិកា​ផ្ទាល់ខ្លួន​របស់លោក​ចំនួន​៥៤០​ដុល្លារ​ទៅ​ចូល​បុណ្យសព​កូនប្រុស​យាយ ណា​ង ហើយ​លោក​ថែមទាំង​រៀបរាប់​ពី​ដំណើររឿង​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នោះ​ទៀតផង​។​

         ​នៅពេលនោះ លោក សេរី​មន្ត បាន​ប្រាប់​គ្រួសារ​យាយ ណា​ង ថា នៅមុន​ពេល​គ្រោះថ្នាក់​ចរាចរណ៍​នោះ អ្នក​នៅក្នុង​រថយន្ត​នោះ​អ្នកខ្លះ​គេង​លក់ អ្នកខ្លះ​ទៀត​ពាក់​កាស​ស្តាប់​ចម្រៀង ហើយ​នៅពេល​រថយន្ត​កុងតឺន័រ​នោះ​បើក​សំដៅ​មក​រថយន្ត​លោក​បានឃើញ​មុនគេ ហើយ​បាន​ស្រែក​ឲ្យ​អ្នក​ក្នុង​រថយន្ត​ក្រាបចុះ ហើយ​លោក​ក៏​ឱន​ចុះ​ដែរ ទើប​រួច​ជីវិត​។​

         ​គ្រួសារ​នៃ​សព​របស់​យាយ ណា​ង បាន​បន្តថា សេរី​មន្ត បាន​ប្រាប់ថា ពេលនោះ​លោក​បាន​សន្លប់​មួយសន្ទុះ​ក៏​ដឹងខ្លួន​វិញ ហើយក៏​បាន​ប្រមូលរបស់​មានតម្លៃ​មួយចំនួន​ហើយក៏​នាំគ្នា​ដើរ​ចុះទៅ​ផ្ទះ​របស់​អ្នកភូមិ​សុំ​ឲ្យ​គេ​ជួយ​។​

         ​លោក ឡាយ សុក​ចំរើន នាយក​គ្រប់គ្រង​ផលិតកម្ម​សាន់​ដេ បាន​បញ្ជាក់ថា លោក​មិន​បានដឹង​ពី​ស្ថានភាព សេរី​មន្ត ច្បាស់​ទេ តែ​ពេល​ស្ថានភាព​លោក ខេមរៈ សេរី​មន្ត ស្រួលបួល ហើយ​គាត់​អាចនិយាយបាន​នោះ​លោក​នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ​ដើម្បី​ឲ្យ​ដឹង​ជា​សាធារណៈ​អំពី​គ្រោះថ្នាក់​នេះ​៕ ប្រភព postkhmer​

130312_20b