មន្ត្រី​កងរាជអាវុធហត្ថ​បើក​ប្រដេញ​រថយន្ត​ដឹក​ជន្លង់ម្រេច​ធ្លាក់​ថ្នល់​ក្រឡាប់​ពីរ បី ត្រឡប់​

, , Comment closed

         ​ខេត្តក្រចេះ ៖ មន្ត្រី​កងរាជអាវុធហត្ថ​បាន​បើក​ប្រដេញ​រថយន្ត​ដឹក​ជន្លង់ម្រេច ដែល​មិនបាន​ឈប់​ចូល បង់លុយ បង្កើត​ឲ្យ​មាន​ករណី​គ្រោះ​ចរាចរណ៍​មួយ​គួរ​ឲ្យ​រន្ធត់ នៅ​ចំណុច​ភូមិ​ព្រែកក្ដី ឃុំ​ស្នួល ខេត្តក្រចេះ នៅវេលា​ម៉ោង ប្រហែល៨ យប់ ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៣ ។

         ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា រថយន្ត​កាមរី​ឆ្លាម​ពណ៌​ខ្មៅ បើកបរ​ដោយ​ឈ្មោះ ប៉ាង សុជាតិ ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តក្រចេះ ហើយក៏​ជា​សមាជិក​ក្រុមចម្រុះ ឈរជើង​នៅ​ចំណុច​រដ្ឋបាល​ព្រៃឈើ​ឃ្សឹ​ម បាន​បើករថយន្ត​ប្រដេញ​រថយន្ត​សាំ​យ៉ុង​ដឹក​ជន្លង់ម្រេច លុះដល់​ចំណុចកើតហេតុ​ខាងលើ រថយន្ត​កាមរី​ឆ្លាម​នោះបាន​ធ្លាក់​ពីលើ​ថ្នល់​ពីរ បី ត្រឡប់​បណ្ដាល​ឲ្យ​រថយន្ត ខូចខាត​ទាំងស្រុង ហើយ​ម្ចាស់​រថយន្ត​មាន​គ្រោះថ្នាក់​ជា​ទម្ងន់ ។​

         ​បើតាម​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ពួកគេ​បានឃើញ​រថយន្ត កាមរី​ឆ្លាម​ពណ៌​ខ្មៅ​បើកបរ​ដោយ​ឈ្មោះ ប៉ាង សុជាតិ បើករថយន្ត​ពី​ជើង ទៅ​ត្បូង​ប្រដេញ​រថយន្ត សាំ​យ៉ុង​ដឹក ជន្លង់ម្រេច​ក្នុង​ល្បឿន​យ៉ាង​លឿន នៅពេល​ដល់​ចំណុចកើតហេតុ​ខាងលើ ក៏បាន​ក្រឡាប់​ធ្លាក់​ពីលើ​ថ្នល់​ទៅ ។

         ​បើតាម​សម្ដី​លោក ទូច ប៊ុ​ន្នី មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្នួល និង​ជា​ប្រធាន​ក្រុមចម្រុះ​បាន​ប្រាប់​អ្នកកាសែត​ថា ជនរងគ្រោះ​បាន​ប្រាប់​គាត់​អំពី មូល​ហេតុដែល​បណ្ដាល​ឲ្យ​ក្រឡាប់​រថយន្ត​នោះ ដោយសារ​រូបគាត់​បើកឡាន​ល្បឿ​លឿន ហើយ​គាត់​កាន់ចង្កូត ដៃ​ម្ខាង និយាយ​ទូរស័ព្ទ​បណ្ដើរ លុះដល់​ចំណុច​ផ្លូវ​ខូចខាត​បានគេច​ផ្លាកសញ្ញា​ធ្វើ​ផ្លូវ​ក៏​ធ្លាក់​ពីលើ​ថ្នល់ជាតិ​ទៅ គាត់​មិនបាន​ដេញ​រថយន្ត​នោះទេ គឺ​គាត់​បើករថយន្ត​តែម្នាក់ឯង​។

         ​យ៉ាងណាក៏ដោយ​ម្ចាស់​រថយន្ត​មាន​គ្រោះថ្នាក់​ជា​ទម្ងន់ ត្រូវបាន​បញ្ជូន​ព្យាបាល​នៅ​ប្រទេស​វៀតណាម ។​បើតាម​ប្រជាពលរដ្ឋ រស់នៅ​ស្រុក​ស្នួល​បាន​រិះគន់ថា​លោក ប៉ាង សុជាតិ បាន​ប្រើ​ស្បែក​ជា កងរាជអាវុធហត្ថ តាម​ប្រដេញ​រថយន្ត​ឲ្យ​ចូល​បង់លុយ ឲ្យ​តែ​ប្រជាពលរដ្ឋ​ដឹក​ជន្លង់ម្រេច​បន្តិចបន្តួច​មិន បាន​ចូល​បង់លុយ​ឲ្យ លោក ប៉ាង សុជាតិ បើករថយន្ត ប្រដេញ​ក្នុង​ល្បឿន​យ៉ាង​លឿន ដោយ​មិន​គិតពី​អាយុជីវិត​អ្នកធ្វើដំណើរ តាម​ដងផ្លូវ​នោះទេ៕ ​ដោយ គឹម ហ៊ា​ត​

12-m