អំពើពុករលួយ​ក្នុងការ​ដោះដូរ​បន្ទប់​ស្នាក់នៅ ក្នុង​ពន្ធនាគារ​ព្រៃ​ស​

, , Comment closed

         ​រាជធានី​ភ្នំពេញ ៖ ក្រុម​ស្ត្រី​ជា​អ្នកទោស​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស ឬ ម​២ បាន​លើកឡើងថា មាន​អំពើពុករលួយ និង​អយុត្តិធម៌ ក្នុងការ​គ្រប់គ្រង​អ្នកទោស​នៅក្នុង​ពន្ធនាគារ ពាក់ព័ន្ធ​ការដោះដូរ​បន្ទប់ ឬ​អគារ​ស្នាក់នៅ​ទន្ទឹម​ពេលដែល​អង្គការ​សង្គម​ស៊ីវិល​រកឃើញថា ស្ទើរតែ​គ្រប់​ពន្ធនាគារ​នៅ​កម្ពុជា សុទ្ធតែ​ផ្ទុក​អ្នកទោស​ហួស​ចំណុះ និង​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ស្ត្រី និង​អនីតិជន​ដែល​កំពុង​រស់នៅក្នុង​បន្ទប់​តូចចង្អៀត​ទាំងនោះ​។

         ​ស្ត្រី​ជា​អ្នកទោស​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹងថា គាត់​ធ្លាប់​ត្រូវ​មន្ត្រី​ពន្ធនាគារ​តម្រូវ​ឲ្យ​បង់ប្រាក់​ចំនួន ៥០​ដុល្លារ ដើម្បី​ដូរ​ទៅ​ស្នាក់នៅ​បន្ទប់​អាគារ «​ក​» ឬ​អាគារ អា «A»​។ ប៉ុន្តែ​គាត់​ស្នាក់នៅ​ក្នុង​អាគារ​នោះបាន​មិន​ដល់ ២​ខែ​ផង ស្រាប់តែ​មន្ត្រី​ពន្ធនាគារ​ដោះដូរ​ឲ្យ​គាត់​មក​រស់នៅ​អាគារ «​គ​» ឬ​អាគារ សេ «C» ដោយសារតែ​គាត់​មិនមាន​លុយ​សូក​មន្ត្រី​ទាំងនោះ​។ មានការ​បញ្ជាក់ថា អាគារ «​ក​» មាន​ទីធ្លា​ទូលាយ​ជាង​អាគារ «​គ​» ហើយ​ចំនួន​មនុស្ស​ស្នាក់នៅ​ក៏​ដាក់​តិច និង​ទូលាយ​ជាង ទើប​ធ្វើ​ឲ្យ​អ្នក​រស់នៅក្នុង​ពន្ធនាគារ​ចង់ទៅ​ស្នាក់នៅ​អាគារ​នោះ​។​

         ​ម្យ៉ាង​មន្ត្រី​ពន្ធនាគារ​តែង​បើកទ្វារ​ឲ្យ​អ្នកទោស​នៅក្នុង​អាគារ «​ក​» ចេញ​ដើរ​ហាត់ប្រាណ​ទៀងទាត់​តាម​ម៉ោង​កំណត់​ពី​ម៉ោង ៨ ដល់​ម៉ោង ១០​ព្រឹក​។ រីឯ​អ្នកទោស​ស្នាក់នៅ​អាគារ «​គ​» វិញ បើទោះបីជា​អ្នកទោស​ដូចគ្នា​ក៏ពិតមែន ប៉ុន្តែ​គ្មាន​លុយ​សូក​មន្ត្រី​ពន្ធនាគារ​នោះ គឺ​ត្រូវ​ដេក​ចង្អៀត​ណែន ម្យ៉ាង​ការបើកទ្វារ​ឲ្យ​ចេញ​ដើរ​ហាត់ប្រាណ​ក៏​យឺតយ៉ាវ គឺ​រហូតដល់​ម៉ោង ៩​ព្រឹក ទើប​បើក​ឲ្យ​ចេញ ហើយ​ឆ្មាំ​គុក​តម្រូវ​ឲ្យ​ចូលក្នុង​បន្ទប់​មុនគេ​ថែមទៀត​។​

         ​ស្ត្រី​ជា​អ្នកទោស​ដដែល​បន្តថា ប្រសិនបើ​អ្នកទោស​ណា​មាន​លុយ​ពី ៥០ ទៅ ១០០​ដុល្លារ​នោះ អាច​ដោះដូរ​ទៅ​នៅ​អាគារ «​ក​» បាន​ភ្លាមៗ​។ មួយវិញទៀត អាគារ​អ្នកទោស​ដែល​មិនមាន​លុយ​សូក​ឲ្យ​មន្ត្រី​ពន្ធនាគារ ជារឿយៗ​មន្ត្រី​ពន្ធនាគារ​ឧស្សាហ៍​ចុះមក​ឆែកឆេរ​ញឹកញាប់ ធ្វើ​ឲ្យ​ពួកគាត់​បាត់បង់​របស់​មួយចំនួន និង​ជួនកាល​ឆ្មាំ​ពន្ធនាគារ​ជា​បុរស​ទាំងនោះ​សម្រុក​មក​ឆែកឆេរ​ចំពេល​ដែល ស្ត្រី​អ្នកទោស​ងូតទឹក ឬ​ចោមពុង​គេង​ក៏មាន ដែល​ទង្វើ​ទាំងនោះ​មិនគួរ​គប្បី​នោះទេ​។​

         ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត បាន​ឲ្យ​ដឹងថា នេះ​ជា​មូលហេតុ​មួយ​ក្នុងចំណោម​មូលហេតុ​ជាច្រើន​ដែល​ធ្វើ​ឲ្យ​មាន​អំពើ ពុករលួយ​ក្នុង​ពន្ធនាគារ រួម​មានការ​សូកប៉ាន់​ដល់​មន្ត្រី​ពន្ធនាគារ​ជា​ថ្នូរ​បាន​កន្លែង​ស្នាក់ នៅ​ទូលាយ សូកប៉ាន់​សុំ​ចេញ​ដើរ​ហាត់ប្រាណ ដែល​សុំ​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រលោក​ពិនិត្យឡើងវិញ ហើយ​សុំ​ឲ្យ​អនុវត្ត​យ៉ាងណា​ឲ្យ​មាន​ភាពស្មើគ្នា​ចំពោះ​អ្នកទោស​។ លោក ខ្លូត ដា​រ៉ា ប្រធាន​ពន្ធនាគារ​ព្រៃ​ស (​ម​២) មិនទាន់​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បានទេ ៕

image001