ឃាត់​រថយន្ត​ដឹក​ស៊ីម៉ង់ត៍ របស់​ក្រុមហ៊ុន​សេងហុង​ហេង ដែល​បំផ្លាញ​ផ្លូវ​ក្នុងភូមិ​ឲ្យ​ធ្វើ​កិច្ចសន្យា​

, , Comment closed

         ​ក្រុង​ប៉ោយប៉ែត ៖​ ប្រជាពលរដ្ឋ និង​នគរបាល​មូលដ្ឋាន​បាន​ឃាត់​រថយន្ដ​ធុន​ធំ​៣​គ្រឿង​ដែល​ដឹក​ស៊ីម៉ង់​ត៍របស់​ក្រុមហ៊ុន​សេង ហុង​ហេង កាលពី​ម៉ោង​៣​ទៀបភ្លឺ​ថ្ងៃទី ១០ ខែមីនា ឆ្នាំ​២០១៣ ស្ថិតនៅតាម បណ្ដោយ​ផ្លូវលំ​មួយ​ក្នុង ភូមិ​ដុង​អា​រា​ញ់ សង្កាត់​និ​មិ​ត្ដ ក្រុង​ប៉ោយប៉ែត ខេត្ដ​បន្ទាយមានជ័យ ឱ្យធ្វើ​កិច្ចសន្យា បន្ទាប់ពី​រថយន្ដ​ដឹក​ស៊ីម៉ង់ត៍​ទាំង​៣​គ្រឿង​នេះ ដឹក​លើស​ទម្ងន់ បង្ក​ឱ្យ​ខូច​ផ្លូវ​ដែល​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ប្រចាំថ្ងៃ ។

         ​សមត្ថកិច្ច​បានឱ្យដឹង​ថា អ្នកបើករថយន្ដ​ផ្ទុក​លើស​ទម្ងន់​បង្ក​ឱ្យ​ខូច​ផ្លូវ​ធ្ងន់ធ្ងរ​ទី​១-​ឈ្មោះ ប៊ុន ចំរើន ភេទ ប្រុស​អាយុ​៤៥​ឆ្នាំ បើកបរ​រថយន្ដ​ម៉ាក អ៊ី​ស៊ុយ​ហ្ស៊ុ​យ ពាក់​ស្លាក​លេខ​ស្វាយរៀង 3A-0727, ទី​២-​ឈ្មោះ សឿន រស់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ បើកបរ​រថយន្ដ​ម៉ាក​ហ្វ៊ុ​យ​ហ្សូ​ពណ៌​ត្រេអ៊ី ពាក់​ស្លាក​លេខ​ស្វាយ រៀង 3A-0484 និង​ទី​៣-​ឈ្មោះ ឯក សំខាន់ ភេទ ប្រុស អាយុ​៣០​ឆ្នាំ បើករថយន្ដ​ម៉ាក​ហ៊ី​ណូ ពណ៌​លឿង ពាក់​ស្លាក​លេខ​ស្វាយរៀង 3A-0727 ។

         ​ករណី​ដែល​ប្រជាពលរដ្ឋ​ឃាត់​រថយន្ដ​ទាំងនោះ​ព្រោះ តែ​ពួកគេ​ផ្ទុកទំនិញ​លើស​ទម្ងន់​បំផ្លាញ​ផ្លូវ ហើយ​បានគេច​ពី​ស្ថានីយ​ថ្លឹង​រថយន្ដ នៅ​ចំណុច​កូនដំរី ស្ថិត​ក្នុងភូមិ​កូនដំរី សង្កាត់​-​ក្រុង​ប៉ោយប៉ែត ។ រថយន្ដ​ទាំង​៣​គ្រឿង​ខាងលើនេះ​មុន​មកដល់ ចំណុចកើតហេតុ​ពួកគេ​បានចេញ​ដំណើរ ពី​ប៉ោយប៉ែត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៥ លុះ​មកដល់​ផ្លូវ​កូនដំរី​ពួកគេ​ក៏​បើក គេច​ពី​ស្ថានីយ​ថ្លឹង​រថយន្ដ​មក​តាមផ្លូវ ជាតិ​លេខ​៥៩​វិញ ហើយ​កាត់​តាម​ផ្លូវលំ មុខ​វត្ដ​កូប​ធំ ឡើងទៅ​ផ្លូវ​កើតហេតុ​ឆ្ពោះ ចូលមក​ផ្លូវជាតិ​លេខ​៥​វិញ ។

         ​តាម​ស្ដង់ដារ រថយន្ដ​អាច​រត់​លើផ្លូវ​លំ​មួយ​នេះ​បាន ត្រឹមតែ​ដឹក​ទម្ងន់​៣៥​តោន​ប៉ុណ្ណោះ ប៉ុន្ដែ ខ្នាត​រថយន្ដ​របស់​ក្រុមហ៊ុន​សេង ហុង​ហេង គឺ​បាន​ផ្ទុកទំនិញ​លើស​រហូត​ជាង​១០​តោន លើ​ទម្ងន់​៣៥​តោន​ក្នុង​មួយ​រថយន្ដ ទើប ធ្វើឱ្យ​ផ្លូវ និង​លូ​បាក់ស្រុត​គ្មាន​សល់ ។  រថយន្ដ​ដឹក​លើស​ទម្ងន់​របស់​ក្រុមហ៊ុន​សេង ហុង​ហេង បាន​ដឹក​និង​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវលំ​ក្នុង ភូមិ​មួយ​ខ្សែ​នេះ​អស់​រយៈពេល​ជាង​១​ខែ កន្លងមកហើយ ធ្វើឱ្យ​ប្រព័ន្ធ​លូបង្ហូរទឹក បាក់ស្រុត​ជាច្រើន​កង់​៕

image001