សុគន្ធ និសា ពិបាកចិត្ត​ស្រក​៥​គីឡូក្រាម​មុន​ទៅ​បារាំង​

, , Comment closed

         រាជធានី​ភ្នំពេញ ៖ ស្របគ្នា​នឹង​ការ​អះអាងថា សុគន្ធ និសា ពិបាកចិត្ត​នឹង​រឿង​អ្វីមួយ​នោះ នៅពេលនេះ​ហាក់ដូចជា​បញ្ជាក់ថា សុគន្ធ និសា សឹងតែ​លែង​ចង់​រស់​នៅលើ​ទឹកដី​កម្ពុជា​ដែល​នាង​មាន​រឿងរ៉ាវ​បែកបាក់​ស្នេហា​ពោរពេញ​ដោយ​ដាន​អនុស្សាវរីយ៍​មិន​នឹកស្មាន​នោះ​។ ជាមួយគ្នា​នឹង​ដំណឹង​មិន​សប្បាយចិត្ត​នេះ​គេ​បានឃើញ សុគន្ធ និសា ចាក​ចេញទៅ​ក្រៅប្រទេស​រហូត ហើយ​មុននឹង​ចេញទៅ​ប្រទេស​បារាំង​នេះ គេ​បានដឹងថា សុគន្ធ និសា ស្រក​ទម្ងន់​រហូតដល់​៥​គីឡូក្រាម​ឯណោះ​។​

         ក្រោយ​ត្រឡប់​មកពី​សម្តែង​ច្រៀង​នៅ​ទឹកដី​សហរដ្ឋអាមេរិក​វិញ​គេ​សង្កេតឃើញថា តារាចម្រៀង​ផ្លាស់​ទ្រនំ​ពី​ផលិតកម្ម​រស្មី​ហង្ស​មាស​ទៅ​ផលិតកម្ម​ថោ​ន នាង សុគន្ធ និសា ហាក់​មាន​ភាព​សោះកក្រោះ​ប្លែក​ជាង​មុន ហើយ​អ្នក​ជិតដិត​នឹង​តារា​ស្រី​មុខស្រស់​រូបនេះ​បានបញ្ជាក់​យ៉ាងច្បាស់​ថា សុគន្ធ និសា ពិបាកចិត្ត ហើយ​នៅពេលនេះ​នាង​បាន​ស្រក​ទម្ងន់​៥​គីឡូក្រាម។​

         ​នៅក្នុង​កម្មវិធី​ថត​ចម្រៀង​សម្រាប់​ពិធី​ចូលឆ្នាំ​ខ្មែរ​អ្នក​ស្និទ្ធស្នាល​នឹង នាង សុគន្ធ និសា បាន​និយាយ​ដោយ​អនាមិគ​ថា ក្រោយ​ត្រឡប់​មកពី​អាមេរិក​វិញ សុគន្ធ និសា ហាក់​ប្លែក​តែម្តង ដូចជា​ពិបាកចិត្ត​រឿង​អី​មួយ ហើយ​ឃើញ​អ៊ីចឹង ខ្ញុំ​អត់​ហ៊ាន​សួរនាំ​គេ​ទេ ខ្លាច​ប៉ះពាល់​អារម្មណ៍​នាង​។ ក្រៅពី​មិន​សប្បាយចិត្ត គេ​បានដឹងថា តារា​ដែល​ទើប​វិលត្រឡប់​មកពី​សហរដ្ឋ​អាមេរិក​កាលពី​យប់​ថ្ងៃទី​១៨ កុម្ភៈ នាង សុគន្ធ និសា បាន​ស្រក​គីឡូ​យ៉ាងច្រើន​ទៀតផង​។​

         ​ជំនួយការ​របស់​តារាចម្រៀង​រូបនេះ​ដែលមាន​ជំនាញ​ផ្នែក​ផាត់មុខ​ឲ្យ សុគន្ធ និសា បាន​ឲ្យ​សារព័ត៌មាន​ក្នុងស្រុក​ដឹងថា តារាចម្រៀង​ដែល​បែក​ស្នេហ៍​ពី​កវី សុខ ជំនោរ នាង សុគន្ធ និសា បាន​ស្រក​ទម្ងន់​អស់​ចំនួន​៥​គីឡូក្រាម ពោលគឺ​ពី​ទម្ងន់​៤៨ មក​៤៣​គីឡូក្រាម តែ​ប្រភព​ដដែល​នេះ​បាន​បញ្ជាក់ថា ការ​ស្រក​គីឡូ​របស់​តារា​រូបនេះ​គឺពាក់ព័ន្ធ​ការងារ​ដែល​នាង​នឹងត្រូវ​សម្រក​ទម្ងន់​ដើម្បី​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន Samsung មិនមែន​នាង​មានការ​ពិបាក​ចិត្តនឹង​រឿងរ៉ាវ​ស្នេហា​នោះឡើយ​។ ប៉ុន្តែ​ទោះបីជា​មានការ​បកស្រាយ​បែបនេះ​ក្តី ប្រភព​ជាច្រើន​នៅតែ​ដាក់​ការសង្ស័យថា តារា​រូបនេះ​ប្រហែលជា​នៅមាន​អារម្មណ៍​វិលវល់​ចំពោះ​បញ្ហា​ស្នេហា​នៅឡើយ ពិសេស​គឺ​ស្នាម​ដាន​ស្នេហា​ចាស់​ជាមួយ​លោក សុខ ជំនោរ​។​

         ​ជា​ញឹកញយ​គេ​តែងដឹងថា កវី​ចាញ់​ស្នេហ៍​លោក សុខ ជំនោរ រមែង​អន្ទង​ចិត្ត​តារាចម្រៀង សុគន្ធ និសា ខណៈដែល​ពួកគេ​ទាំង​មិនមែន​គ្រាន់តែ​ជា​គូស្នេហ៍​លេងសើច​ដូច​ស្នេហា​យុវវ័យ​ឡើយ ពោលគឺ​ស្នេហា​របស់​ពួកគេ​ទាំងពីរ​ប្រៀបបាន​នឹង​ប្តី​ប្រពន្ធ​ទៅហើយ ហើយ​ពួកគេ​ក៏បាន​ខិតខំ​ប្រឹងប្រែង​រកស៊ី​រួមគ្នា​តាំងពី​គ្រាក្រ​និង​រស់នៅ​ជាមួយគ្នា​ក្រោម​ដំបូលផ្ទះ​តែមួយ​ទៀតផង ដែល​ធ្វើ​ឲ្យ​កម្រង​អនុស្សាវរីយ៍​នៅតែ​ជា​ស្រមោល​រំឭក​ពួកគេ​ទាំងពីរ​ឲ្យ​នឹកឃើញ​គ្នា​គ្រប់​វិនាទី​នោះ​។​

         ​ជាមួយគ្នា​នោះ ការចេញ​ច្រៀង​នៅក្រៅ​ប្រទេស​ជាច្រើនលើក​ជាប់​គ្នា​ស្ទើរតែ​គ្មាន​ពេល​ជាន់ដី​កម្ពុជា​នោះ ក៏ត្រូវ​បាន​គេ​គិតថា នោះ​ក៏​ជា​មូលហេតុ​មួយ​ដែល សុគន្ធ និសា មាន​ចេតនា​ចង់​គេច​ពី​បញ្ហា​មិន​សប្បាយចិត្ត​ទាំងឡាយ​ដែរ​។​

         ​នៅពេលនេះ សុគន្ធ និសា បាន​ចាក​ចេញទៅ​សម្តែង​ច្រៀង​នៅ​ប្រទេស​បារាំង​បន្ត​ជាមួយនឹង​តារាចម្រៀង ណុប បា​យ៉ា​រិ​ទ្ធ រយៈពេល​មួយខែ​ហើយ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ក៏​នាង​បាន​បញ្ជាក់ថា នាង​បាន​ទៅដល់​ប្រទេស​បារាំង​ដែរ​ហើយ​។​

         ​តារាចម្រៀង​ដែល​អះអាងថា មិនអាច​រស់នៅ​ជាមួយនឹង​អតីត​គូស្នេហ៍​លោក សុខ ជំនោរ ក្នុង​សភាព​ដូច​ទឹក​និង​ប្រេង​នាង សុគន្ធ និសា បាន​ឲ្យ​ដឹង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា នាង​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​បន្តទៅ​កាន់​ប្រទេស​បារាំង​ដើម្បី​សម្តែង​ច្រៀង​នៅ​ទីនោះ​រយៈពេល​មួយខែ​កាលពី​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៣​។ ការ​ទៅដល់​ប្រទេស​បារាំង​នេះ គេ​សង្កេតឃើញថា សុគន្ធ និសា ហាក់​រីកមុខ​រីក​មាត់​ជាង​រស់នៅ​ប្រទេស​កម្ពុជា​ដែល​រួមរឹត​ដោយ​ភ្លើង​ស្នេហា​ចាស់​រៀបនឹង​រលត់​នោះ​។​

         ​គួរ​បញ្ជាក់ថា ក្រោយ​បែកបាក់​ស្នេហា​ជាមួយនឹង​កវីនិពន្ធ​លោក សុខ ជំនោរ មក សុគន្ធ និសា ហាក់​មាន​ភាពស្ងប់ស្ងាត់​នឹង​រឿង​ស្នេហា​ណាស់ ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ គេ​សង្កេតឃើញថា តារា​រូបនេះ​កំពុងមាន​ព័ត៌មាន​រួមរឹត​ដោយ​រឿងរ៉ាវ​ស្នេហា​ជា​បន្តបន្ទាប់ ម្តង​ជាមួយនឹង​បុរស​អាណិកជន​អាមេរិក ម្តង​ជាមួយនឹង​បុរស​ពោះម៉ាយ​អ្នកមាន​ទ្រព្យ​នៅ​ស្រុក​ខ្មែរ​។​

         ​តែ​ទោះបីជា​យ៉ាងណា​មិនទាន់មាន​ប្រភព​ណាមួយ ឬ​ម្ចាស់​សាមីខ្លួន​ផ្ទាល់​អះអាង​ពី​រឿង​ស្នេហា​នេះឡើយ ហេតុនេះហើយ​ទើប​គេ​គិតថា ការ​ស្រក​គីឡូ​របស់​តារា សុគន្ធ និសា មាន​ពាក់ព័ន្ធ​ខ្លាំង​នឹង​ការសម្រេចចិត្ត​ចំពោះ​រឿង​ស្នេហា​៕

130307_24 530101_100903790064933_178257724_n 130307_28a

ប្រភព postkhmer​