ព្រះសង្ឃ​ជាង​១០០​អង្គ និង​សាច់ញាតិ​ជនរងគ្រោះ សូត្រមន្ត​ស្រោច​ទឹក​រំដោះគ្រោះ នៅតាម​ផ្លូវជាតិ​លេខ​៤

, , Comment closed

         ​ខេត្ត​ព្រះសីហនុ ៖ កាលពី​វេលា​ម៉ោង ២​និង​៣០​នាទី​រសៀល ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០១៣ ព្រះសង្ឃ​នៅ​ភ្នំពេញ​ចំនួន​៥០​អង្គ និង​ព្រះសង្ឃ​នៅ​ខេត្ត​ព្រះសីហនុ​ចំនួន​៦០​អង្គ សរុប​ចំនួន​១១០​អង្គ បាន​និមន្ត​ទៅ​សូត្រមន្ត​ស្រោច​ទឹក​រំដោះ​នៅតាម​ផ្លូវជាតិ​លេខ​៤ ដែលមាន​គ្រោះថ្នាក់​ធំ​ដោយ​រថយន្ត​ឆេះ​ស្លាប់​មនុស្ស​៦​នាក់ នៅ​ចម្ការ​ដូងប្រេង និង​រថយន្ត​របស់​តារាចម្រៀង​ជួប​គ្រោះថ្នាក់​ស្លាប់​មនុស្ស​គួរ​ឲ្យ​រន្ធត់​ផងដែរ​។​

         ​តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា នៅ​រសៀល​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៣​នេះ  នាយ​កុយ ដែលជា​ឪពុក​របស់​យុវជន​ឈ្មោះ​ជីវ វីរៈ ក៏​នឹង​ទៅ​ក្រុងព្រះសីហនុ ដើម្បី​ដោះស្រាយ និង​ទាមទារ​សំណង​ឱ្យ​កូនប្រុស​របស់គាត់ លោកយាយ ណ​យ សំណាង ព្រមទាំង​អាណាព្យាបាល ជនរងគ្រោះ ដែល​បាន​ជួប​ឧ​ប្ប​តិ្ត​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​កុងតឺន័រ បុក​រថយន្ត​តារាចម្រៀង ខេមរៈ សិរីមន្ត កាលពី​រាត្រី​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ ២០១៣ ក៏បាន​ចូលរួម​ក្នុង​ពិធីសូត្រមន្ត​ផងដែរ​។​

         ​នៅតាម​បណ្តា​ដងផ្លូវ គេ​សង្កេតឃើញ មាន​ប្រជាពលរដ្ឋ​ជាច្រើន បាន​ចូលរួម​ហែរ​ហម អម​តាម​ដងផ្លូវ ព្រមទាំង​ដាក់​ទឹក អប់ផ្កា ប្រគេន ព្រះសង្ឃ ប្រោះព្រំ ដើម្បី នាំមក​នូវ​សិរី​សួស្តី សេចក្តីសុខ ចំពោះ​ខ្លួន​ផងដែរ ។ សូមបញ្ជាក់ថា ពិធី​និមន្ត​សូត្រមន្ត ប្រោស​ព្រំ តាម​ដងផ្លូវ បានធ្វើ​រួច​ម្តងមកហើយ កាលពី​ថ្ងៃទី​០៣ ខែមីនា នៅតាម​បណ្តោយ​វិថី ព្រះ​នរោត្តម ហើយ​ពិធី​ប្រោស​ព្រំ​លើក​ទី​២​នេះ គេ​សង្កេតឃើញ​មានការ​ឧបត្ថម្ភ​គាំទ្រ​ពី​ប្រជា​ពុទ្ធបរិស័ទ តាមរយៈ​ការផ្តល់​ជា​កម្លាំងចិត្ត​និង​ថវិកា​មួយចំនួន​ផងដែរ ដើម្បី​ព្រះសង្ឃ និង​ការចំណាយ​ផ្សេងៗ​៕

11-m