នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ សុខ​ស្រួល​ក្នុងការ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​និង​ការរានដី​ព្រៃ​លិច​ទឹក​

, , Comment closed

         ខេត្តកំពង់ធំ ៖ មន្ត្រីរដ្ឋបាល​ជលផល​ខេត្តកំពង់ធំ ក្រោម​ការដឹកនាំ​របស់​លោក ប៉ែន សុវណ្ណ​រិ​ទ្ធ មាន​ភាព​ធូររលុង​ខ្វះ​ការទទួលខុសត្រូវ ឃុបឃិត​ឲ្យ​មានការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ចាប់​ត្រី ក៏ដូចជា​ការ​រុករាន​ដីព្រៃ​ខុសច្បាប់ ផ្ទុយ​ពី​អនុសាសន៍​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​ទាមទារ​ឲ្យ​ប្រធាន​រដ្ឋបាល​ជលផល​គឺ​លោក ណៅ ធួ​ក ពិនិត្យមើល​បញ្ហា​នេះ​ឡើងវិញ​ជាបន្ទាន់​។​
​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​ក្រុម​ឈ្មួញ​មានឱកាស​ប្រើប្រាស់​អួន​ក្រឡា​ញឹក ធ្វើការ​ចាប់​ត្រី​យ៉ាង​អនាធិបតេយ្យ នៅ​ផ្ទៃ​បឹង​ទន្លេសាប ធ្វើ​ឲ្យ​វិនាស​ហិនហោច​ធនធាន​មច្ឆជាតិ ដែល​ក្នុងនោះ​ក្រុម​ឈ្មួញ​បាន​ចំណាយ​ប្រាក់​បង់​ឲ្យ​មន្ត្រី​ជំនាញ​ជលផល​របស់លោក ប៉ែន សុវណ្ណ​រិ​ទ្ធ ទៅតាម​ការចរចា​គ្នា ហើយ​សម្រាប់​អួន​មួយ​វង់​ក៏ត្រូវ​បង់លុយ​ឲ្យ​ជំនាញ​ជលផល​ប្រមាណ ១,៥​លាន​រៀល ។ ដោយឡែក​ទូក​ម៉ាស៊ីន ដែល​ធ្វើ​សកម្មភាព​អូស​អួន ឬ​ចាប់​ត្រី​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​ផ្សេងៗ​ទៀត ក៏ត្រូវ​បង់លុយ​ឲ្យ​ជំនាញ​ជលផល​ទៅតាម​ការទាមទារ​ផងដែរ​។​

         ​បើ​ទូក​មាន​ម៉ាស៊ីន​តូច ត្រូវ​បង់លុយ​ចាប់ពី​១០​ម៉ឺន​រៀល​ឡើងទៅ ហើយ​សម្រាប់​ទូក​ប្រើ​ម៉ាស៊ីន​ធំៗ​វិញ ក៏ត្រូវ​បង់លុយ​ចាប់ពី ២០​ទៅ​៤០​ម៉ឺន​រៀល​ផងដែរ​។ មន្ត្រី​ពុករលួយ​ថ្នាក់ក្រោម​កាន់តែ​មានឱកាស​ប្រមូល​ផលប្រយោជន៍​ពី​ការនេសាទ​ខុសច្បាប់ ផ្ទុយ​ពីបទ​បញ្ជា​របស់​រដ្ឋាភិបាល ហើយ​មន្ត្រី​ទាំងនោះ​ក៏បាន​បែងចែក​ជូន​ថ្នាក់លើ​របស់ខ្លួន ទើប​គ្មាន​ការ​នាំទៅ​ដាក់ពិន័យ​។ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ​មាន​អំពើ​ល្មើសច្បាប់​កើតឡើង​ច្រើនជាងគេ ហើយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់បាន​ព្រមាន​អភិបាល​ខេត្តកំពង់ធំ ជា​សាធារណៈ​អំពី​កំណើន​នៃ​បទល្មើស​នេសាទ​ក៏ដូចជា​ការកាប់​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​។​

         ប៉ុន្តែ​មកដល់​ម៉ោង​នេះ​លោក ប៉ែន សុវណ្ណ​រិ​ទ្ធ នៅតែ​ខ្វះ​ការទទួលខុសត្រូវ មិន​យកចិត្តទុកដាក់​អនុវត្តន៍​បទបញ្ជា​រប​ស់​រដ្ឋាភិបាល​ឲ្យ​មាន​ប្រសិទ្ធភាព​នោះទេ គឺ​ទាមទារ​ឲ្យ​លោក ណៅ ធួ​ក ពិនិត្យមើល​លក្ខណសម្បត្តិ​និង​ភាព​អសកម្ម​របស់លោក ប៉ែន សុវណ្ណ​រិ​ទ្ធ ឡើងវិញ​ជាបន្ទាន់​។ ដោយឡែក នៅ​តំបន់​វាល​ក្រោម​ដែល​មួយផ្នែក​ស្ថិតក្នុង​ភូមិសាស្ត្រ​ក្រុង​ស្ទឹងសែន និង​មួយផ្នែក​ទៀត​ស្ថិត​ក្នុងស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ គឺមាន​ករណី​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក ដែល​ភាសា​សាមញ្ញ​របស់​អ្នកស្រុក​តែង​លើកឡើងថា មាន​គេ​លួច​ដុត​ព្រៃ​លិច​ទឹក ដើម្បី​ទន្ទ្រាន​យកទៅ​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​អស់​ប្រមាណ ២០០​ហិកតា កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ប៉ុន្តែ​លោក ប៉ែន សុវណ្ណ​រិ​ទ្ធ បានធ្វើ​របាយការណ៍​ប​ញ្ជូ​ន​មក​ថ្នាក់លើ​ថា មាន​ករណី​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​អស់​ប្រមាណ​៨៥​ហិកតា ប៉ុណ្ណោះ​។​

         ​ចាប់តាំងពី​ត្រូវបាន តែងតាំង​ឲ្យ​ធ្វើជា​នាយ​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល​ខេត្តកំពង់ធំ បើទោះបីជា​មានការ​ប្រកាស​រំសាយ​ដែន​ឡូត៍​នេសាទ​ទាំង​៣៥​កន្លែង​ក៏ដោយ ក៏​លោក ប៉ែន សុវណ្ណ​រិ​ទ្ធ នៅតែ​មានឱកាស​ប្រមូល​ផលប្រយោជន៍​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​អនាធិបតេយ្យ​ដដែល ដូចជា​ករណី​ឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​ធ្វើការ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់ ការចេញលិខិត​ឲ្យ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ផល​នេសាទ ដែល​បង្កប់​នូវ​អំពើពុករលួយ  ហើយ​ភាព​ស្ងៀមស្ងាត់​ធ្វើ​មិនដឹងមិនឮ​ចំពោះ​សកម្មភាព​ដែល​ក្រុម​ឈ្មួញ​មួយចំនួន​ដុត​ព្រៃ​លិច​ទឹក ឬ​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​យកទៅ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ក៏​គេ​សង្ស័យថា មន្ត្រីជលផល​ថ្នាក់ក្រោម​បាន​ប្រមូល​លុយ​យកទៅ​សែនព្រេន​លោក ប៉ែន សុវណ្ណ​រិ​ទ្ធ ផងដែរ ៕

10-m