ខេត្តកំពង់ស្ពឺ ៖ មន្ត្រីគយម្នាក់បានបើករថយន្តឆ្លាមទៅបុករថយន្តដឹក អុសដើមប្រេងខ្យល់ ពីក្រោយពេញទំហឹង កាលពីវេលា៧យប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០ ១៣ តាមបណ្តោយផ្លូវជាតិលេខ៤ ជិតជ្រោះយាយម៉ៅ ក្នុងឃុំ ត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ភ្លាមៗ នៅនិងកន្លែងកើតហេតុ ។
ជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិតនេះ មានឈ្មោះ ខាំ លីចំរើន ជាមន្ត្រីគយ ហើយនៅមុនកើតហេតុ មានភ្លៀងស្រិចៗ ផងនោះ ជនរងគ្រោះបានបើរថយន្តកាមរីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2L-0756 ក្នុងទិសដៅពីលិចទៅកើត ធ្វើដំណើរចូលមករាជធានីភ្នំពេញ ។ មកដល់ចំណុចកើតហេតដែលមេឃងងឹតខ្លាំងនិងបើករថយន្តលឿនផងនោះ បានជ្រុលទៅបុករថយន្តដឺកឈើមួយគ្រឿង ពាក់ស្លាក់លេខ តាកែវ 3A-0284 ពីក្រោយពេញទំហឹង បណ្តាលឲ្យឈើបុកធ្លាយកញ្ចក់ ហើយជ្រុលមកជុងជនរងគ្រោះជាប់នៅក្នុងរថយន្ត និងបណ្តាលឲ្យស្លាប់ភ្លាមៗ តែម្តង។
សមត្ថកិច្ចបានបញ្ជាក់ថា តាមស្ថានភាពនៅកន្លែងកើតហេតុ រថយន្តដែលដឹកអុសដើមប្រេងខ្យល់ ធ្វើដំណើរយឺតៗ ត្រង់ចំណុចឡើងទួលយាយម៉ៅ តែដោយសារតែរថយន្តឆ្លាមមានល្បឿនលឿននិងខ្វះការប្រុងប្រយ័ត្នផងនោះ ទើបជ្រុលទៅបុកនិងរថយន្តដឹកអុសពេញទំហឹងតែម្តង។ ទោះជាយ៉ាងណា អ្នកបើកបររថយន្តដឹកអុសដើមប្រេងខ្យល់ បានគេចខ្លួនបាត់ហើយ។ មួយរយះចុងក្រោយនេះ មានករណីគ្រោះថ្នាក់ ចរាចរកើតឡើងគួរឲ្យព្រួយបារម្ភនៅលើកំណាត់ផ្លូវជាតិលេខ៤៕
