ប្រធាន​គណៈ​ពង្រឹង​ឃុំ​ព្រែក​គយ បំភ្លេច​ការសន្យា​ធ្វើ​ផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រែក​ស្នាយ

, , Comment closed

         ​ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ព្រែក​ស្នាយ ឃុំ​ព្រែក​គយ ស្រុក​ស្អាង ​ខេ​ត្ត​ក​ណ្តា​ល​ បាន​សម្តែង​ការខឹង​សម្បា​យ៉ាងខ្លាំង ចំពោះ​ប្រធាន​ក្រុម​គណៈ​ពង្រឹង​ប្រចាំ​ឃុំ​ព្រែក​គយ ដែល​បាន​ចុះទៅ​ឃោសនា បោកប្រាស់​ប្រជាពលរដ្ឋ​ថាជួយ​ធ្វើ​នេះ​ធ្វើ​នោះ ឬ​ជួសជុល​ផ្លូវលំ​ជាដើម ដើម្បី​សម្រួល​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​ក្រោយពេល​ពួកគេ​ឈ្នះឆ្នោត ឃុំ​-​សង្កាត់ កាលពី​ឆ្នាំ​២០១២ ក៏​ស្ងាត់​សូន្យឈឹង មិនឃើញ​ចុះទៅ​ធ្វើ​ផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ​តាម​ការសន្យា​នោះទេ​។

         ​តំណាង​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​បោះឆ្នោត ឃុំ​-​សង្កាត់ ឆ្នាំ​២០១២ ប្រធាន​គណៈ​ពង្រឹង​ឃុំ​ព្រែក​គយ បាន​ចុះទៅ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ហើយ​បាន​សន្យា​យ៉ាង​ច្បាស់លាស់​ថា បើ​ប្រជាពលរដ្ឋ​ទាំងអស់ បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ពួកគេ​នឹង​ជួយ​កសាង​ផ្លូវលំ​មួយ​ខ្សែ នៅក្នុង​ភូមិ​ព្រែក​ស្នាយ ទុកជា​ចំណងដៃ​ក្រោយពេល​ប្រកាស​លទ្ធផល​បោះឆ្នោត​ភ្លាមៗ​។ ប្រជាពលរដ្ឋ​បានបញ្ជាក់​ទៀតថា ផ្លូវលំ​មួយ​ខ្សែ​នោះ​មាន​ប្រវែង ១៦០​ម៉ែត្រ និង​មាន​ទទឹង ២,៨០​ម៉ែត្រ ត្រូវបាន​គណៈ​ពង្រឹង​ឃុំ​ព្រែក​គយ ដែលជា​ឧ​ត្ត​ម​សេនីយ៍​ម្នាក់ សន្យា​ធ្វើ​ការចាក់​ក្រួស​ក្រហម​ដើម្បី​សម្រួលការ​ធ្វើដំណើរ​ដឹក​ជញ្ជូន​កសិផល​របស់​ប្រជាពលរដ្ឋ ។

         ​ប៉ុន្តែ​មកដល់ពេលនេះ ប្រជាពលរដ្ឋ​បែរជា​អស់សង្ឃឹម​និង​ក្តៅក្រហាយ​យ៉ាងខ្លាំង ដោយសារតែ​មិនដែល​ឃើញ​ប្រធាន​គណៈ​ពង្រឹង​ឃុំ​ព្រែក​គយ ចុះទៅ​កាន់​ភូមិដ្ឋាន​របស់​ពួកគាត់ ហើយក៏​មិនដែល​ឮ ពី​ការកសាង​ផ្លូវលំ​នោះ នៅពេលណា​នោះដែរ បើទោះបីជា​ប្រជាពលរដ្ឋ​បាននាំគ្នា​ទៅ​បោះឆ្នោត ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​រួចហើយ​ក៏ដោយ​។ រហូតដល់​ថ្ងៃទី​២៥ ខែ ធ្នូ ឆ្នាំ​២០១២ គេ​សង្កេតឃើញ​ក្រុមការងារ​របស់​គណៈ​ពង្រឹង​ឃុំ​ព្រែក​គយ បាន​ចុះទៅ​វាស់វែង​ផ្លូវ​មួយ​ខ្សែ​នេះ​ម្តងទៀត ហើយ​បានប្រកាស​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រែក​ស្នាយ​កាប់​ដើមឈើ ដែល​ដុះ​នៅ​អម​សងខាង​ផ្លូវ​ចេញ ដើម្បី​ងាយស្រួល​ក្នុង​ការបញ្ជូន​គ្រឿងចក្រ​ចុះ​ឈូសឆាយ​កសាង​ផ្លូវ​នេះ ប៉ុន្តែ​មកដល់ពេលនេះ​នៅតែ​ស្ងាត់​សូន្យឈឹង​៕

10-m