ដឹកស្រូវ​លើស​ទម្ងន់​មិន​ព្រម​បង់ប្រាក់​ពិន័យ នាំគ្នា​ថយ​រថយន្ដ​បិទផ្លូវ​ជាតិ​លេខ​៦

, , Comment closed

         ​ខេត្តកំពង់ធំ ៖ អ្នកបើករថយន្ដ​ធុន​ធំ​ដឹកស្រូវ​បាន ថយ​រថយន្ដ បិទ​កំណាត់​ផ្លូវជាតិ​លេខ ៦ ស្ថិត នៅ​ក្នុងភូមិ​ស្ដុកស្ដម្ភ ឃុំ​ជ្រាប់ ស្រុក​សន្ទុក ខេត្ដ​កំពង់ធំ ត្រង់ចំណុច​ដែល​ក្រុមចម្រុះ​ដាក់​ជញ្ជីង​ថ្លឹង​រថយន្ដ បណ្តាល​ឲ្យ​កកស្ទះ​ចរាចរណ៍​តាំងពី​វេលា​ម៉ោង ៩​ព្រឹក ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០១៣ ហើយ​បាតុភាព​នេះ​កើតឡើង ដោយសារតែ​ពួកគេ​ខឹង​ការចាប់​រថយន្ដ ដើម្បី​ផាកពិន័យ ចំពោះ​ដឹក​លើស​ទម្ងន់​។​

         ​សមត្ថកិច្ច​បានឱ្យដឹង​ថា រថយន្ដ​ដឹកស្រូវ​ធុន​ធំ​ចំនួន ៦​គ្រឿង ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ដាក់​ជញ្ជីង​ថ្លឹង​រថយន្ដ​ចល័ត របស់​ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​សាធារណការ ចាប់​ឃាត់​កាលពី​ល្ងាច​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០១៣ បន្ទាប់ពី​រកឃើញថា រថយន្ដ​ទាំងនេះ ដឹកទំនិញ​លើស​ទម្ងន់​ដើម្បី ធ្វើការ​ផាកពិន័យ តប​តាម​បទបញ្ជា​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​។ ដោយសារតែ​ខឹង​សមត្ថកិច្ច​ឃាត់​រថយន្ដ ដឹក​លើស​ទម្ងន់ ដើម្បី​ធ្វើការ​ផាកពិន័យ​នោះ ម្ចាស់ រថយន្ដ​ដឹកទំនិញ​ទាំងនេះ បាន​ថយ​រថយន្ដ​បិទ​កំណាត់​ផ្លូវជាតិ លេខ​៦ រួចហើយ​ចាក់សោ​ទ្វារ​ចោល ដើរចេញ​ធ្វើឱ្យ​កកស្ទះ​ចរាចរណ៍ ។​

         ​ស្នងការ​នគរបាល​ខេត្ដ​កំពង់ធំ លោក​ឧត្ដមសេនីយ៍ត្រី ផាន់ សុ​ផេ​ន បាន​ឲ្យ​ថា កម្លាំង​អន្ដរក្រសួង ដោយមាន​ការចូលរួម​ពី​កម្លាំង​នគរបាល និង​កម្លាំង​អាវុធហត្ថ​បាន​ឃាត់​រថយន្ដ ដឹកស្រូវ​លើស​ទម្ងន់ ដើម្បី​ធ្វើការ​ផាកពិន័យ​ទៅតាម​ផ្លូវច្បាប់ ។ ក្នុងចំណោម​រថយន្ដ​ទាំង​៤ គ្រឿង​ខាងលើ គឺ​ពិនិត្យឃើញថា លើស​ទម្ងន់ ក្នុង​១​គ្រឿងៗ ចាប់ពី​១៩​ទៅ​២០ តោន ។ បើ​គិត​តាមច្បាប់ រថយន្ដ​១​គ្រឿង ដែល​ដឹក​លើស​ទម្ងន់​ខាង លើ​នេះ ត្រូវ​ផាក ពិន័យ​ចាប់ពី ៨​លាន​ដល់ ១៤​លាន​រៀល ប៉ុន្ដែ ដោយសារតែ​ម្ចាស់ រថយន្ដ​មិន​ព្រម ទើបបានជា​ពួកគេ​ថយ រថយន្ដ​ដាក់​ទទឹងផ្លូវ បណ្ដាលឱ្យ​កកស្ទះ ចរាចរណ៍​តែម្ដង ។​

         ​សម្ដេចនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​ព្រមាន​ចំពោះ​រថយន្ដ ដឹកទំនិញ​លើស​ទម្ងន់ ដែលនាំឱ្យ​ខូច​ផ្លូវ និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ផ្សេងៗ ហើយ​បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​ចាត់វិធានការ​ឱ្យ​តឹងរឹង ពោល​ត្រូវ​ផាកពិន័យ​រថយន្ដ ទាំងនោះ​ទៅតាម​ផ្លូវច្បាប់ ។ សម្ដេច​តេ​ជោ​បាន​បញ្ជាក់ថា បន្ទាប់ពី​ផាកពិន័យ ហើយ មិន​ត្រូវឱ្យ​រថយន្ដ​ដឹក​លើស​ទម្ងន់​ទាំងនោះ ធ្វើដំណើរ​ទៅបាន​ឡើយ ពោល ត្រូវ​រើ​ទំនិញ​ចេញ ឱ្យដល់​កម្រិត​ដែល​ត្រូវ កំណត់​ទើប​អនុញ្ញាត​ឱ្យទៅ ។ ចំពោះ​ទង្វើ​របស់​អ្នកបើករថយន្ដ ដឹកទំនិញ​លើស​ទម្ងន់ ខាងលើនេះ ជា​សកម្មភាព ប្រឆាំង​អាជ្ញាធរ​សាធារណៈ ដែល​តម្រូវឱ្យ កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ប៉ុន្ដែ​ករណីនេះ​ស្ថិតក្រោម​ការសម្របសម្រួល និង​ដោះស្រាយ​ពី​សំណាក់​អន្ដរក្រសួង និង​អាជ្ញាធរ​ខេត្ដ ៕

10-m