ការ​រំលូតកូន ការផឹក​គ្រឿង​ស្រវឹង នៅ​កន្លែងធ្វើការ​និង​អំពើហិង្សា​ជា​បញ្ហា​ទូទៅ ចំពោះ​ស្ត្រី​ក្នុង​វិស័យ​កម្សាន្ត​

, , Comment closed

         ​រាជធានី​ភ្នំពេញ ៖ របាយការណ៍​មួយ​ដែល​ចេញផ្សាយ​កាលពីពេល​ថ្មីៗ​នេះ​បាន ឲ្យ​ដឹងថា ការ​រំលូតកូន ការផឹក​គ្រឿង​ស្រវឹង នៅ​កន្លែងធ្វើការ និង​អំពើហិង្សា​ជា​បញ្ហា​ទូទៅ​ចំពោះ​បុគ្គលិក​ស្ត្រី​នៅក្នុង​វិស័យ​កម្សាន្ត រាប់ទាំង​អ្នក​ទាំងឡាយ ដែល​រួមភេទ​ជាមួយនឹង​អតិថិជន​ក្នុង​ទីក្រុង​ធំៗ​នៅ​កម្ពុជា​ផងដែរ​។​

         តាម​ការសិក្សា ដែល​ធ្វើឡើង​ដោយ​អង្គការ FHI 360 និង​អង្គការ យូ​នី​សេ​ហ្វ កម្ពុជា ដើម្បី​ពិនិត្យ​ហានិភ័យ​នៃ​មេរោគ​អេដស៍​ក្នុងចំណោម​អ្នករកស៊ី​ទាំងនោះ បាន​ឲ្យ​ដឹងថា ស្ត្រី​ភាគច្រើន ដែល​បាន​សាកសួរ​ពុំ​យល់ស្រប​ទៅនឹង​ការរួម​ភេទ​លើក​ទី ១ របស់ខ្លួន​ឡើយ ហើយ​បាន​ចូលទៅក្នុង​វិស័យនេះ ព្រោះថា ពួកគេ​ត្រូវ​ការប្រាក់​យ៉ាងខ្លាំង​។ របាយការណ៍​បាន​បញ្ជាក់ថា ចំពោះ​ស្ត្រី​រកស៊ី​ក្នុង​វិស័យ​កម្សាន្ត​ភាគច្រើន ការរួម​ភេទ​លើក​ទី​១ ពុំមាន​ការយល់ព្រម​ឡើយ ដែល​កើតឡើង​ក្នុង​បរិបទ​នៃ​អំពើ​រំលោភ ឬ​ការបង្ខិតបង្ខំ  មុនពេល​ពួកគេ​ដល់​វ័យ ១៨​ឆ្នាំ​។​

         ​របាយការណ៍​បាន​បន្តថា ការ​រំលូតកូន កើតមាន​ជាទូទៅ ចំណែកឯ​ការប្រើប្រាស់​វិធី​ពន្យារកំណើត​ក្រៅពី​ស្រោមអនាម័យ ពុំ​កើតមាន​ជាទូទៅ​ឡើយ​។ តាម​ការសាកសួរ​ស្ត្រី បុរស និង​មនុស្ស​ភេទ​ទី​៣ ចំនួន​៧៧ នាក់ ដែល​ធ្វើការ​នៅ​រាជធានី​ភ្នំ​-​ពេញ  ក្រុង​សៀមរាប ក្រុង​ប៉ោយប៉ែត និង​ក្រុងព្រះសីហនុ​នេះ បាន​រកឃើញថា បើទោះបីជា​សេវា​ផ្លូវភេទ លក្ខណៈ​ពាណិជ្ជកម្ម​កត្តា​ជំរុញ​ឲ្យ​ឆ្លង​មេរោគ​អេដស៍​ជា​លក្ខណៈ​ប្រមូល ផ្តុំ​ក៏ដោយ ក៏ប៉ុន្តែ​គេ​មានចំណេះដឹង​ត្រឹមត្រូវ​ខ្ពស់​អំពី​ការបង្ការ​មេរោគ អេដស៍​។​

         ​ភាគច្រើន​នៃ​ស្ត្រី​ដែល​បាន​ស្ទង់​មតិ ដែលមាន​អាយុ​ពី ១៨​ដល់​២៩​ឆ្នាំ បានធ្វើការ​នៅ​ហាង​ផឹកស៊ី កន្លែង​ខារ៉ាអូខេ ហាង​ម៉ាស្សា ឬ​ផ្ទះបន ចំណែកឯ​អ្នករកស៊ី​ភេទ​ប្រុស​ចំនួន ២៣ នាក់​និង​ភេទ​ទី​៣ ចំនួន​១៣ នាក់ គឺជា​អ្នករកស៊ី​ក្រៅ​ក្របខណ្ឌ​។ របាយការណ៍​នេះ បានផ្តល់​អនុសាសន៍​ថា រដ្ឋាភិបាល​គួរ​ផ្តោតលើ​ស្ត្រី​ដែល​បញ្ចប់​ការអប់រំ​ថ្នាក់មូលដ្ឋាន ស្ត្រី​ទាំងអស់ ដែល​បាន​ស្ទង់​មតិ​ពុំបាន​រៀន​ចប់​វិទ្យាល័យ​ដែល​អប់រំ​អំពី​ផ្លូវភេទ​ទេ ហើយ ការបង្ការ​យុវជន​កុំ​ឲ្យ​ចូល​រកស៊ី​ផ្លូវភេទ និង​ការការពារ​អ្នក​ទាំងឡាយ​ដែល​ស្ថិតក្នុង​វិស័យនេះ គួរ​ជា​អាទិភាព​៕