ទឹម រដ្ឋា ទទួល​តំណែង​ក្នុង​កម្មវិធី​១៥​ម៉ឺន​ដុល្លារ​

, , Comment closed

         រាជធានី​ភ្នំពេញ ៖ ស្របពេល​ដែល​រៀប​ឫកពា​ផ្លាស់ប្តូរ​ចរិត​ធម្មជាតិ​ស្រគត់ស្រគំ មក​ចរិត​ឆ្មើងឆ្មៃ​ឆ្នាសឆ្នើម​ឈ្នានីស​ក្នុង​តំណែង​តួឯក​ឆ្នាស​ក្នុង​ខ្សែភាពយន្ត​ភាគ​ដែល​ផលិត​ដោយ​​ស្ថា​នី​យ​ទូ​រ​ទ​ស្ស​ន៍​​ស៊ី​ធី​អិន​រឿង​«​អ្នកមានគុណ​» នោះ​តារា​សម្តែង​និង​តារា​ម៉ូ​ដែល​រាង​ស្វែ​ល​នាង ទឹម រដ្ឋា ក៏​កំពុងតែ​ហាត់ពត់​សំឡេង​ដើម្បី​ឡើងកាន់តំណែង​ធ្វើជា​អ្នក​អត្ថាធិប្បាយ​ក្នុង​កម្មវិធី ហ្គេម​ដ៏​ធំ​មួយ​របស់​ទូរទស្សន៍ MY TV ដែល​ទើបនឹង​បង្កើត​មាន​ឈ្មោះថា «​រង្វាន់​១៥​ម៉ឺន​ដុល្លារ​»​។​

         និយាយ​តាម​ទូរស័ព្ទ​ពី​ស្ទូ​ឌូ​យោ​ស៊ី​ធី​អិន​នៅ​ចាក់អង្រែ​ក្រោម​ខណៈដែល​នាង​កំពុងតែ​មមាញឹក​ថត​រឿង​អ្នកមានគុណ​នោះ ទឹម រដ្ឋា បាន​បញ្ជាក់ថា​៖«​ខ្ញុំ​ទើបតែ​ចុះ​កុងត្រា​ធ្វើជា​ពិធី​ការិនី​អត្ថាធិប្បាយ​ក្នុង​កម្មវិធី​ហ្គេម​ដ៏​ធំ​មួយ​ដែល​ផលិត​ដោយ​ទូរទស្សន៍ MY TV ដែល​កម្មវិធី​ហ្គេម​ធំ​នោះ​មាន​ឈ្មោះថា រង្វាន់​១៥​ម៉ឺន​ដុល្លារ​»​។​

         ​ប៉ុន្តែ​យ៉ាងណា​ឱកាស​សាង​កេរ្តិ៍ឈ្មោះ​លើ​តំណែង​ជា​អ្នក​អត្ថាធិប្បាយ​ក្នុង​កម្មវិធី​ទូរទស្សន៍​របស់​តារា​សម្តែង​និង​តារា​ម៉ូ​ដែល​រាង​ខ្ពស់ស្រឡះ​នាង ទឹម រដ្ឋា នោះ​នៅ​មិនទាន់បាន​ដល់ដៃ​នៅឡើយ​។ នាង​បាន​ប្រាប់​បន្តថា​៖«​កម្មវិធី​ហ្គេម​ដែល​ខ្ញុំ​បាន​ចុះ​កុងត្រា​ធ្វើ​ពិធី​ការិនី​នោះ​នៅ​មិនទាន់​បើក​ដំណើរការ​នៅឡើយ​ទេ កម្មវិធី​នេះ​អ្នកបង្កើត​គាត់​កំពុង​រៀបចំ​ភ្លេង និង​ឆាក ទំនង​ដំណើរការ​ទៅដល់​ដើមខែ​៤​ឯណោះ​»​។ ប៉ុន្តែ​នាង​អះអាងថា​៖«​ក្នុង​កម្មវិធី​ហ្គេម​ធំ​មួយ​នេះ​ខាង​អ្នក​ផលិត​កម្មវិធី​គេ​តម្រូវ​ឲ្យ​មានតែ​ពិធី​ការិនី​ម្នាក់​ប៉ុណ្ណោះ គឺ​មានតែ​ខ្ញុំ​ដោយ​មិនចាំបាច់​ឲ្យ​មាន​ពិធីករ​ប្រុស​ឡើយ​»​។​

         ​តារា​សម្តែង​រូប​ស្រស់ រាង​ស្វែ​ល​ភ្នែក​ព្រឹម​ដែល​ទើប​ស្ងប់​ការរិះគន់​ពី​មហាជន​ពី​រូបភាព​សិច​ស៊ី​កាច់រាង​មាត់សមុទ្រ​រូបនេះ​បានបញ្ជាក់​ទាំង​ស្រពេចស្រពិល​ថា កម្មវិធី​ហ្គេម​នោះ​ដ្បិតថា នាង​បាន​ចុះ​កុងត្រា​ហើយ​មែន​តែ​នាង​នៅ​មិនទាន់​ដឹង​ឲ្យ​ប្រាកដថា​ហ្គេម​នោះ​ជា​ហ្គេម​ប្រភេទ​អ្វី​នោះទេ​។ តែ​គ្រាន់តែ​ដឹងថា ហ្គេម​នោះ​ប្លែក​ជាង​កម្មវិធី​ហ្គេម​ដែល​បាន​បង្កើត​មុនៗ​។​

         ​យ៉ាងណាមិញ​ដំណើរ​វិ​វត្ត​ខ្លួន​ពី​តារា​សម្តែងឡើង​គ្រង​តំណែង​ជា​អ្នក​អត្ថាធិប្បាយ​នោះ មិនត្រូវ​បាន​នាង​ប្រាកដ​លើ​សមត្ថភាព​របស់ខ្លួន​ប៉ុន្មាន​ទេ ដោយ​នាង​ពោល​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​ក៏​មិនដឹងថា​ខាង​អ្នក​ផលិត​កម្មវិធី​គាត់​មើលឃើញ​សមត្ថភាព​ពិសេស​ត្រង់ណា​របស់ខ្ញុំ​នោះទេ​។ បើ​និយាយ​ពី​សម្តែង​និង​ការដើរ​ម៉ូដ​ឬ​ការ​ច្រៀង​នោះ​ខ្ញុំ​មិន​ទាស់​ទេ តែ​ដល់ពេល​ឲ្យ​អត្ថាធិប្បាយ​នោះ​ដូចជា​នៅមាន​ផល​ពិបាក​ខ្លះៗ​ដែរ​ព្រោះ​កន្លងមក​យើង​មិន​ធ្លាប់​កាន់តំណែង​នេះ​»។​

         បើទោះជា​នាង​ពោល​យ៉ាង​ដូច្នេះ​ក្តី តែ​នាង​ក៏​មិន​ដកខ្លួន​ថយ​ពី​ឱកាស​ដែល​បង្ហាញមុខ​ក្នុង​កម្មវិធី​ទូរទស្សន៍​ដ៏​ធំ​មួយ​នេះដែរ ដោយ​នាង​បានបញ្ជាក់​យ៉ាង​មុតមាំ​នៅពេលនេះ​ថា​៖«​បើ​មិន​ប្រយុទ្ធ​ទេនោះ គេ​មិន​ថា​យើង​ជា​អ្នកក្លាហាន​ឡើយ ពេលនេះ​ខ្ញុំ​ក៏​ដូចគ្នា​ដែរ បើ​ខ្ញុំ​មិន​ឡើងទៅ​បញ្ចេញ​សមត្ថភាព​ដ៏​ក្លាហាន​ក្នុង​កម្មវិធី​ហ្គេម​នោះ​ទេនោះ​ខ្ញុំ​ក៏​មិនមាន​ឈ្មោះ​ជា​ពិធី​ការិនី​ពូកែ​និយាយ​ម្នាក់​នោះដែរ ហើយ​ការលើកឡើង​នេះ​ខ្ញុំ​នឹងធ្វើ​ឲ្យ​បានល្អ​មិន​ឲ្យ​ម្ចាស់​កម្មវិធី​ខកចិត្ត​ដោយសារតែ​រូបខ្ញុំ​នោះដែរ​»៕

09-m (2) 09-m (3) 09-m 09-m (1)

ប្រភព postkhmer​