​លោក យ៉េន ថុល ឃុបឃិត​ឲ្យ​​ក្រុ​ម​អា​ជី​វ​ករ​ពិឃាតសត្វ​តាម​ផ្ទះ ផ្ទុយ​ពី​គោលការណ៍​របស់​ក្រសួងកសិកម្ម​

, , Comment closed

         ​ខេត្តកំពង់ចាម ៖ ក្រុមអាជីវករ​កាប់​ជ្រូក គោ សេះ នៅ​ទូទាំង​ក្រុង​កំពង់ចាម​បាន​រអ៊ូរទាំ​ពី​ការ​គាប​ជំរិត​បង្ខំ​ឲ្យ​បង់ប្រាក់​ពី​សំណាក់​អ្នកម៉ៅការ​ភាស៊ី​សត្តឃាត​ក្រុង​កំពង់ចាម ដែល​គេ​ស្គាល់​ថា​ឈ្មោះ យ៉េន ថុល ហើយ​គាត់​ក៏​ជា​ចៅសង្កាត់​សំបួរមាស​ផងដែរ ប៉ុន្តែ​រាល់​អំពើ​ដែល​លោក យ៉េន ថុល បាន​ប្រព្រឹត្ត​ក្នុង​ការទារ​ភាស៊ី​ពី​ក្រុមអាជីវករ​ដែល​រកស៊ី​ពិឃាតសត្វ ខុសពី​គោលការណ៍​សៀវភៅ​បន្ទុក​បែបណាក៏ដោយ ក៏​មន្ត្រី​ជំនាញ​ពេទ្យសត្វ​របស់លោក នង ម៉េង​ហៀ​ង និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិនដែល​ឮមាត់ ឮ​ក ពី​បញ្ហា​នេះ​ទេ​។

         ​ក្រុមអាជីវករ​លើកឡើង​ថា អ្នកម៉ៅការ​ភាស៊ី​សត្តឃាត​នៅ​ក្រុង​កំពង់ចាម គឺ​លោក យ៉េន ថុល ដែល​បាន​ចាត់តាំង​ឲ្យ​កូនស្រី​របស់គាត់​ធ្វើ​ការងារ​ជំនួស​កំពុង​អនុវត្តន៍​ខុស​សៀវភៅ​បន្ទុក​យ៉ាងធ្ងន់ធ្ងរ​តាមរយៈ​ការបង្ខំ​ឲ្យ​ក្រុមអាជីវករ​ពិឃាត​ជ្រូក គោ សេះ បង់លុយ​ក្នុង​កម្រិត​ខ្ពស់​រហូតដល់​៣​ដង​ឯណោះ​ហើយ​ការ​ពិឃាតសត្វ​ទៀតសោត មិនបាន​អនុលោម​ទៅតាម​គោលការណ៍​ណែនាំ​របស់​ក្រសួងកសិកម្ម​ដែល​តម្រូវ​ឲ្យ​មានការ​រៀបចំ​សត្តឃាតដ្ឋាន​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​ជំងឺឆ្លង និង​ប៉ះពាល់​ដល់​បរិស្ថាន​នៅពេល​សម្លាប់សត្វ​។

         ​មានការ​បញ្ជាក់​ផងដែរ​ថា ក្នុង​ជ្រូក​មួយ​ក្បាល​អ្នកម៉ៅការ​ភាស៊ី​សត្តឃាត បាន​តម្រូវ​ឲ្យ​បង់ប្រាក់​ចំនួន​១៣០០០​រៀល ហើយ​គោ ឬ សេះមួយ​ក្បាល ត្រូវ​បង់ប្រាក់​ចំនួន ១៥០០០​រៀល ហើយ​ការប្រមូល​លុយ​ភាស៊ី​ពិឃាតសត្វ​គឺជា​សិទ្ធិផ្តាច់មុខ​របស់លោក យ៉េន ថុល ដែល​គាត់​មាន​តំណែង​ជា​ចៅសង្កាត់​សំបួរមាស នៅ​ក្រុង​កំពង់ចាម​ផង គឺ​លោក យ៉េន ថុល បាន​ដើរតួនាទី​ជា​មន្ត្រី​សាធារណៈ​ផង និង​ជា​ឈ្មួញ​ផង ធ្វើ​ឲ្យ​មានទំនាស់​ផលប្រយោជន៍ ហើយ​ក្រុមអាជីវករ​ពិឃាតសត្វ​នៅ​ទូទាំង​សង្កាត់​សំបួរមាស កំពុង​ជួប​ផល​លំបាក​យ៉ាងខ្លាំង​។

         ​សូមបញ្ជាក់ថា យោងតាម​សៀវភៅ​បន្ទុក ដែលមាន​ការឯកភាព​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានកំណត់​យ៉ាងច្បាស់​ថា ការប្រមូល​ភាស៊ី​ពិឃាតសត្វ គឺ​ជ្រូក​មួយ​ក្បាល ត្រូវ​បង់ប្រាក់​ត្រឹមតែ ៣០០០​រៀល ហើយ​គោមួយ​ក្បាល​ត្រូវ​បង់ប្រាក់​ចំនួន ៣៥០០​រៀល​ប៉ុណ្ណោះ ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង គឺ​លោក យ៉េន ថុល បាន​បង្ខំ​ឲ្យ​ក្រុមអាជីវករ​បង់ប្រាក់​ថ្លៃ​ពិឃាត​ជ្រូក​មួយ​ក្បាល​តម្លៃ ១៣០០០​រៀល ហើយ​សម្រាប់​គោ ឬ​សេះមួយ​ក្បាល ត្រូវ​បង់ប្រាក់ ១៥០០០​រៀល​។ គេ​មិនដែល​ឃើញ​មន្ត្រី​ជំនាញ​ពេទ្យសត្វ​របស់លោក នង ម៉េង​ហៀ​ង ត្រួតពិនិត្យ​បញ្ហា​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​តួនាទី​របស់ខ្លួន ឬ​គោលការណ៍​របស់​ក្រសួងកសិកម្ម​នោះទេ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​សកម្មភាព​ពិឃាតសត្វ​ដែល​គ្មាន​ការត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​។​

         ​ជំនាញ​ពេទ្យសត្វ​របស់លោក នង ម៉េង​ហៀ​ង ហាក់ដូចជា​ធូររលុង​ខ្វះ​ការទទួលខុសត្រូវ​មិនបាន​ត្រួតពិនិត្យ​ចំពោះ​ការនាំ​ចូល​សត្វ​មកពី​វៀតណាម​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ គឺ​ចាំ​រាប់​តែ​ក្បាល​ឡាន​យកលុយ​ប៉ុណ្ណោះ​។ ដោយឡែក លោក យ៉េន ថុល ក៏​មិនដែល​ខ្វល់ខ្វាយ​អ្វី​ដែរ ឲ្យ​តែ គាត់​មានឱកាស​គាប​ជំរិត​ឲ្យ​ក្រុមអាជីវករ​បង់លុយ​ទៅតាម​ការទាមទារ​រប​ស់គា​ត់ គឺ​ចប់​រឿង​ទៅហើយ ចង់​មានការ​សម្លាប់សត្វ​មាន​ជំងឺ​យកទៅលក់​ក៏​គាត់​មិន​ឈឺក្បាល​ដែរ​។​

         ​ភាពអនាធិបតេយ្យ​នៃ​ការ​ពិឃាតសត្វ​តាម​ផ្ទះ​ដែល​ទទួលបាន​ភ្លើង​ខៀវ​ពី​លោក យ៉េន ថុល នោះ​កំពុង​បង្ក​ផលប៉ះពាល់​២​យ៉ាង គឺ​ទី​១ ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន​អនាម័យ អាច​ចម្លងជំងឺ​ពី​សត្វ​ទៅ​មនុស្ស និង​ទី​២ ពិបាក​ក្នុងការ​គ្រប់គ្រង​ប្រាក់ចំណូល​ពន្ធ​ពិឃាតសត្វ ហើយ​រឿង​ដែល​លោក យ៉េន ថុល មិន​ចង់​ប្រមូល​ក្រុមអាជីវករ​ឲ្យ​ចូលទៅ​ពិឃាតសត្វ​នៅ​ទីសត្តឃាត​ក៏​ព្រោះតែ​គាត់​ពិបាក​ក្នុងការ​គាប​ជំរិត​ឲ្យ​ក្រុមអាជីវករ​បង់លុយ​លើសពី​សៀវភៅ​បន្ទុក​៕

08-m