នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ និង​មន្ត្រី​កាំកុងត្រូល បង្ក្រាប​រថយន្ត​ដឹក​មាន់​អត់​ច្បាប់​ជាង​មួយ​ពាន់​ក្បាល​ ​

, , Comment closed

         ខេត្តបន្ទាយមានជ័យ ៖ មាន់​រស់​មួយ​រថយន្ត​ប្រហែល​១.០០០​ក្បាល​ដែល​ឈ្មួញ​លួច​នាំចូល​តាម​ច្រក របៀង​ខាងត្បូង​ផ្លូវជាតិ​លេខ​៥ នៅ​ក្រុង​ប៉ោយប៉ែត ត្រូវបាន​កម្លាំងចម្រុះ​រួមមាន នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រ​សួ​ង​ម​ហា​ផ្ទៃ​ នគរបាល​សេដ្ឋកិច្ច​ខេត្ត និង​មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្តបន្ទាយមានជ័យ ស្ទាក់​ចាប់បាន​លើផ្លូវ​ក្បែរ​ព្រំដែន​កម្ពុជា​ថៃ​ត្រង់ចំណុច​ផ្លូវ ក្នុងភូមិ​កូនដំរី សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​យប់​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៣ ។​

         ​អនុវត្តន៍​តាម​បទបញ្ជា របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ហាមឃាត់​ការនាំ​ឆ្លងដែន​ចូល​កម្ពុជា​នូវ​ផលិតផល​បក្សី​ដែល​គ្មាន ច្បាប់​អនុញ្ញាត​និង​ជា​ប្រភព​ឆ្លង​រាលដាល​ជំងឺផ្ដាសាយបក្សី សមត្ថកិច្ច​ចម្រុះ​បាន​បង្ក្រាប​មាន់​ទាំងនោះ​ដែល​ត្រូវ​ឈ្មួញ​នាំ​ឆ្លង​អូរ​ពី ប្រទេស​ថៃ ចូលមក​កម្ពុជា​ខណៈដែល​ជំងឺផ្ដាសាយបក្សី​កំពុងតែ​រាលដាល​។ សត្វ​មាន់​ប្រហែល​១.០០០​ក្បាល​នោះ​ត្រូវបាន​នាំមក​កាន់​ស្នាក់ការ​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​សុខភាព តាម​គោលការណ៍​របស់​ថ្នាក់លើ​។​

         ​មុនពេល​ឈានដល់​ការបង្ក្រាប​នេះ សមត្ថកិច្ច​បានធ្វើការ​ស្រាវជ្រាវ ហើយ​ឃាត់​រថយន្ត​មួយគ្រឿង​ម៉ាក CANTEB ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-8888 ដែល​ដឹក​មាន់​រស់​ចំនួន ១២០​ទ្រុង​ជ័រ ស្មើនឹង ១.០០០ ក្បាល​។ តាម​ការត្រួតពិនិត្យ​មាន់​ទាំងអស់​គ្មាន​លិខិតអនុញ្ញាត​ដោយ​នាំចូល​ពី ប្រទេស​ថៃ តាម​ច្រករបៀង​ស្តង់​តា​ការ ដែល​ស្ថិតនៅ​សង្កាត់​ផ្សារកណ្ដាល​ក្រុង ប៉ោយប៉ែត​។ ក្នុងការ​បង្ក្រាប​នេះ​សមត្ថកិច្ច​ចម្រុះ​ដែល​រួមមាន​លោក ហុក ចិ​ត្រា នគរបាល​សេដ្ឋកិច្ច​ក្រសួង និង​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​ក៏បាន​ត្រួតពិនិត្យ ទៅលើ​សត្វ​មាន់​ទាំងនោះ​ជាមួយ​មន្ត្រី​ជំនាញ​កាំកុងត្រូល​យ៉ាង​យកចិត្តទុកដាក់​ផងដែរ​៕

08-m