ទិ​ត្យ រី​យ៉ា វិល​រក​អាជីព​សិល្បៈ​ព្រោះ​ជា​ពី​ជំងឺ​មិនមែន​បេះដូង​រងរបួស​ទេ​

, , Comment closed

         ​រាជធានី​ភ្នំពេញ ៖ ជិត​២​ឆ្នាំ​ដែល​វត្តមាន​តួ​ឆ្នាស​ឈា្ន​នី​ស​ក្នុង​ខ្សែភាពយន្ត​ភាគ​រឿង «​ផ្កា​រីក​ពេញ​រដូវ​» របស់​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍ កញ្ញា ទិ​ត្យ រី​យ៉ា បាន​ដើរ​ចេញពី​សង្វៀន​សិល្បៈ​ភាពយន្ត ខណៈដែល​ប្រជាប្រិយភាព​កំពុងតែ​ស្ទុះ​ឡើង​នោះ​។ ប៉ុន្តែ​អ្វីដែល​គួរ​ភ្ញាក់ផ្អើល​នោះ កាលពីពេល​ថ្មីៗ​នាង បានបង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​សម្ពោធ​ទស្សនា​វ​ដ្តី​មួយ ដែល​ពេលនោះ​នាង​បាន​ខ្សឹបប្រាប់​មិត្តភក្តិ​ថា​៖ «​ខ្ញុំ​វិល​ចូល​សិល្បៈ​វិញ​ហើយ​សូមជួយ​គាំទ្រ​ផង​»​។​

         ​គួរ​រំឭក​ផងដែរ ទិ​ត្យ រី​យ៉ា គឺជា​អតីត​កញ្ញាឯក​ប្រ៊ី​ជ​ស្តូ​ន (Bridgestone) ឆ្នាំ​២០០៧ ក្នុង​ជ័យលាភី​លេខ​៣ ជំនាន់​កញ្ញា ម៉ាក់ សែន​សូ​នី​តា​។ ក្រោយ​ទទួលបាន​ភ្លើង​ខៀវ​ដើរ​ក្នុង​វិថី​ដ៏​ពោរពេញ​ការប្រកួតប្រជែង​នោះ​នាង​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​បង្ហាញ​ម៉ូដ​ប្រចាំ​ក្រុមហ៊ុន​មួយ និង​សម្ដែង​កាយវិការ​ខារ៉ាអូខេ​ឲ្យ​ផលិតកម្ម​ទាំង​ក្នុង និង​ក្រៅប្រទេស​។​

         ​ប៉ុន្តែ​ដោយឡែក​ផ្នែក​ខាង​សម្តែង​ខ្សែភាពយន្ត​នោះ នាង​អះអាងថា​៖ «​ការ​លេចមុខ​ខ្ញុំ​នៅក្នុង​ពិភព​សិល្បៈ​រយៈពេល​៣​ឆ្នាំមុន​ខ្ញុំ​សម្រាក​នោះ ខ្ញុំ​ធ្លាប់បាន​សម្តែង​ខ្សែភាពយន្ត​មិន​ក្រោម​២០​រឿង​ឡើយ​តែ​ក្នុងចំណោម​រឿង​ទាំងអស់នោះ​ខ្ញុំ​សម្តែង​ជា​តួឯក​នោះ​មាន​តែមួយ​រឿង​ទេ​គឺ​រឿង «​វិទ្យាល័យ​ខ្មោច​»​។​

         ​យ៉ាងណាមិញ​ក្នុង​តំណែង​ជា​តួឯក​ដ៏​កម្រ​របស់​កញ្ញាឯក​ប្រ៊ី​ជ​ស្តូ​ន លេខ​៣​ឆ្នាំ​២០០៧​នេះ មិនត្រូវ​បាន​មហាជន​ស្គាល់​នាង​ប៉ុន្មាន​នោះទេ​ខណៈដែល​មហាជន​បែរជា​ស្គាល់​នាង​ច្រើន​ក្នុង​តំណែង​ជា​តួរង​វិញ​ទិ​ត្យ រី​យ៉ា បាន​ប្រាប់ថា​៖ «​ក្នុង​ដំណើរ​សកម្មភាព​សម្តែង​ដ៏​ផុសផុល​នៃ​រយៈ​កាលបី​ឆ្នាំ​ក្រោយពី​ខ្ញុំ​ជាប់​ជា​កញ្ញាឯក​ប្រ៊ី​ជ​ស្តូ​ន​នោះ ខ្ញុំ​ក៏​មុជ​ចូលក្នុង​សង្វៀន​សិល្បៈ​យ៉ាងជ្រៅ តែ​មហាជន​មិនសូវ​ជា​ស្គាល់​ខ្ញុំ​ប៉ុន្មាន​ទេ បើទោះជា​ខ្ញុំ​ធ្លាប់​ទទួលបាន​តំណែង​ជា​តួឯក​ក្នុង​រឿង វិទ្យាល័យ​ខ្មោច​ក៏ដោយ​»​។​

         ​ប៉ុន្តែ​នាង​បានបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា​៖ «​មហាជន​ចាប់ផ្តើម​ស្គាល់​ខ្ញុំ​ច្រើន​ហើយ​ជា​ពេលដែល​ពួកគាត់​ស្អប់​ខ្ញុំ​ច្រើន​ដែរ ពេល​វត្តមាន​ខ្ញុំ​លេចធ្លោ​ខ្លាំង​ក្នុង​តំណែង​ជា​តួ​ឆ្នាស​ឈ្នានីស​គេ​គ្មាន ស្រាកស្រាន្ត​ក្នុង​រឿង​ផ្កា​រីក​ពេញ​រដូវ​ដែល​ចាក់​បញ្ចាំង​ក្នុង​កញ្ចក់​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ពេល​ប៉ុស្ដិ៍​នេះ​បើក​ដំណើរការ​ដំបូង​នោះ​»​។​

         ​ប៉ុន្តែ​ខណៈ​វត្តមាន​តារា​សម្តែង​ដែល​ផុស​ចេញពី​ការប្រឡង​កញ្ញា​ប្រ៊ី​ជ​ស្តូ​ន ឆ្នាំ​២០០៧ ដែលមាន​កំណើត​មកពី​ខេត្តកំពត​សម្បូរ​ធនធាន​អំបិល​កំពុងតែ​ផ្ទុះឡើង​នូវ​ប្រជាប្រិយភាព​ក្នុង​ពិភព​សិល្បៈ​នោះ​បែរជា​នាង​បាន​បន្សាត់​ខ្លួន​ចេញពី​ពិភព​នេះ​ទៅវិញ​។​

         ​ពេលនោះ​ដែរ ក៏មាន​លេចឮ​នូវ​ពាក្យ​ចចាមអារ៉ាម​ថា ស្រី​ស្រស់​សម្ដី​មុត​ពូកែ​ឈា្ន​នី​ស​គេ​ក្នុង​រឿង​ផ្កា​រីក​ពេញ​រដូវ​បាន​លាដៃ​បាយៗ​ពី​សិល្បៈ​ហើយ ព្រោះថា​នាង​កំពុង​ត្រូវបាន​បុរស​អ្នកមាន​ទ្រព្យ​ដ៏​ស្តុក​ម្នាក់​ទំនុកបម្រុង​ដោយ​មិន​ឲ្យ​នាង​ពិបាក​រក​កម្រៃ​ហាលថ្ងៃ​ហាលភ្លៀង​ទៀត​ដែរ​។ ប៉ុន្តែ​ព័ត៌មាន​ដ៏​រសើប​កប់​ក្នុង​ចិត្ត​មហាជន​ជិត​២​ឆ្នាំនេះ មិនត្រូវ​បាន​កុលាប​ទិសនិរតី​វ័យ​២២​ឆ្នាំនេះ​ទទួលស្គាល់​ឡើយ ដោយ​នាង​និយាយ​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ទទួលស្គាល់ថា ក្រោយពី​ខ្ញុំ​លេចមុខ​ក្នុង​រឿង​ផ្កា​រីក​ពេញ​រដូវ ពេលនោះ​ខ្ញុំ​ដើរ​ចេញពី​សិល្បៈ​មែន តែ​ខ្ញុំ​មិនមែន​ដូច​ពាក្យ​គេ​ថា ខ្ញុំ​ទៅ​រស់នៅ​ក្រោម​ការ​ទំនុកបម្រុង​រប​ស់បុរ​ស​អ្នកមាន​ទ្រព្យ​ណា​ម្នាក់​នោះទេ​»​។​

         ​យ៉ាងណាក៏ដោយ​ទិ​ត្យ រី​យ៉ា ក៏បាន​សម្ដែង​វិប្បដិសារី​ថា​៖ «​ឱកាស​ពីរ​ឆ្នាំ​ដែល​ខ្ញុំ​ចាក​ចេញពី​សិល្បៈ​ដែល​ធ្វើ​ឲ្យ​គេ​ភាន់ច្រឡំ​ថា ខ្ញុំ​ទៅ​មាន​ស្នេហា​ជាមួយ​អ្នកមាន​ទ្រព្យ​នោះ​គឺ​ខ្ញុំ​មិន​ត្រឹមតែ​ស្តាយ​កិ​តិ្ត​យស ដែល​បោក​ផ្ទប់​ដោយ​រឿងអាស្រូវ​ទាំង​វ័យក្មេង​នោះទេ​។ ខ្ញុំ​ក៏​ស្តាយ​ដែរ បើ​ខ្ញុំ​កុំ​ឃ្លាតឆ្ងាយ​ពីស​ង្វៀន​សិល្បៈ​ម្ល៉េះ​កេរ្តិ៍ឈ្មោះ​ខ្ញុំ​ក៏​មិនត្រូវ​បាន​មហាជន​ភ្លេច​ឡើយ​»​។​

         ​ប៉ុន្តែ​កាលៈទេសៈ​បង្ខំ​មិនអាច​ឲ្យ​ខ្លួន​បន្តបាន​ហើយ​នាង​បាន​បញ្ជាក់ថា​៖ «​នោះ​មកពី​សុខភាព​របស់ខ្ញុំ​មិន​អនុគ្រោះ​ចំពោះ​ខ្ញុំ​ឡើយ​។ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ជំងឺ​ក្រពះ​ខ្ញុំ​រុករាន​គ្មាន​ស្រាកស្រាន្ត​មានពេលខ្លះ​ត្រូវបាន​គ្រួសារ​នាំចូល​ពេទ្យ​ទាំងយប់​ក៏មានដែរ​»​។​

         ​បន្ថែម​លើ​ការអះអាង​នោះ​ស្រី​ស្រស់​រាង​ស្វែ​ល​ច្រឡឹង ទិ​ត្យ រី​យ៉ា ក៏បាន​សំណូមពរ​ដល់​មហាជន​ផងដែរ​ថា​៖ «​ពេលនេះ​សុខភាព​ខ្ញុំ​អាច​ឲ្យ​ខ្ញុំ​បន្ត​វិស័យ​សិល្បៈ​បាន​ហើយ​។​ខ្ញុំ​នេះ​ក៏​វិល​វិញ​ហើយ​ដែរ តែ​ក៏​សូម​សំណូមពរ​សុំ​ឲ្យ​មហាជន​ទាំងឡាយ​ជួយ​គាំទ្រ​ផងដែរ​»៕ ប្រភព postkhmer​

08-m (2)