ដេញ​បង្ក្រាប​រថយន្ដ​លុ​ច្ស​ស៊ី​ស​ដឹកឈើ​គ្រញូង​តាមផ្លូវ​ជាតិ​លេខ​២១ តាំងពី​ស្រុក​ស្អាង​មក​ចាប់បាន​នៅ​ចាក់អង្រែលើ​

, , Comment closed

         ​ខេត្តកណ្តាល ៖ កម្លាំង​សមត្ថកិច្ច​បាន​ដេញ​បង្ក្រាប​រថយន្ដ​លុ​ច្ស​ស៊ី​ស ៤៧០ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2L-1668  ដឹកឈើ​គ្រញូង ដោយ​ប្រើប្រាស់​រថយន្ដ​បំពាក់​ស៊ី​រ៉ែ​ន យ៉ាង​ប្រកិត​តាំងពី​ឃុំរ​ការ​ខ្ពស់ ស្រុក​ស្អាង ខេត្ដ​កណ្ដាល រហូតមកដល់​មុខ​រោងចក្រ​បារី សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ទើប​ស្ទាក់​ចាប់បាន បន្ទាប់ពី​រថយន្ដ​ល្មើស​ខាងលើនេះ បាន​បុក​រថយន្ដ​សមត្ថកិច្ច រួច​ជ្រុល​ទៅបុក​រ៉ឺម៉ក​ម៉ូតូ​កង់​បី ដឹក​ភេសជ្ជៈ ហើយ​បន្ដទៅ បុក​ដើម​លឿង​រាជ​កាលពី​វេលា​ម៉ោង ២​និង​៣០​នាទី រសៀល​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៣ ។​

         ​រថយន្ដ​លុ​ច្ស​ស៊ី​ស​ខាងលើ បើក​និង​ជិះ​ដោយ​បុរស​២​នាក់ ដឹកឈើ​គ្រញូង​ពេញ ត្រូវបាន​កម្លាំង​សមត្ថកិច្ច ដេញ​ពីក្រោយ តាំងពី​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ដ​កណ្ដាល ហើយ​រថយន្ដ​នេះ បាន​បុក​បា​រ៉ា​ស់​របស់​សមត្ថកិច្ច​ពីរ​បី​កន្លែង រាប់ទាំង​បា​រ៉ា​ស់​របស់​សមត្ថកិច្ច នៅ​ជិត​ផ្លូវ​ចូល​ភូមិគ្រឹះ​សម្ដេច​តេ​ជោ ហ៊ុន សែន ក្នុង​ក្រុង​តាខ្មៅ​ផងដែរ​។ ពេល​រថយន្ដ​ធ្វើដំណើរ​មកដល់​មុខ រោងចក្រ​បារី ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ពេល​ឃើញ​សមត្ថកិច្ច​ស្ទាក់​ពីមុខ អ្នកបើករថយន្ដ​បាន​បត់​រថយន្ដ​ថយក្រោយ ក៏​ប៉ះ​ជាមួយ​រថយន្ដ​សមត្ថកិច្ច រួច​ប៉ះ​ម៉ូតូ​អ្នកដំណើរ ហើយ​ជ្រុល​ទៅបុក​រ៉ឺម៉ក​កង់​បី ដឹក​ភេសជ្ជៈ និង​បុក​ដើម​លឿង​រាជ ទៅមុខ​លែងរួច​។​

         ​ក្រោយ​កើតហេតុ​ភ្លាមៗ អ្នកបើករថយន្ដ​លុស្ស​ស៊ី​ស និង​អ្នករួមដំណើរ​ទំនង​កម្មករ​របស់​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​គ្រញូង ត្រូវបាន​សមត្ថកិច្ច​វា​យ​ខ្នោះ រួចហើយ បញ្ជូនបន្ដ​ទៅ​ខេត្ដ​កណ្ដាល​វិញ​។ ទាក់ទិន​ការបង្ក្រាប​រថយន្ដ​លុ​ច្ស​ស៊ី​ស​ដឹកឈើ​គ្រញូង​ខាងលើនេះ ស្នងការ​នគរបាល​ខេត្ដ​កណ្ដាល លោក​ឧត្ដមសេនីយ៍ត្រី អ៊ា​វ ចំរើន បានឱ្យដឹងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា មាន​រថយន្ដ លុ​ច្ស​ស៊ី​ស​ខាងលើ បន្លំ​ដឹកឈើ​គ្រញូង លោក​បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច ដេញ​បង្ក្រាប តាំងពី​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ដ​កណ្ដាល រហូត​ចាប់បាន នៅមុខ​រោងចក្រ​បារី ។​

         ​លោក​ឧត្ដមសេនីយ៍ អ៊ា​វ ចំរើន បាន​បន្ដថា រថយន្ដ​លុ​ច្ស​ស៊ី​ស​ដឹកឈើ​គ្រញូង​ខាងលើនេះ បាន​បុក​បា​រ៉ា​ស់​របស់​សមត្ថកិច្ច លោក​ជា​បន្ដបន្ទាប់ តាំងពី​ស្រុក​ស្អាង​ដែល លោក​បាន​បញ្ជា​ឱ្យ​យក​ម៉ូតូ ដាក់​ជា​បា​រ៉ា​ស់ ប៉ុន្ដែ​រថយន្ដ​ដឹកឈើ​គ្រញូង​បាន​បុក​ម៉ូតូ​ទៀតផង ហើយ​ពេល​រថយន្ដ​ដឹកឈើ គ្រញូង​មកដល់​ជិត​ផ្លូវ​ចូល ភូមិគ្រឹះ​សម្ដេច តេ​ជោ លោក​បាន​បញ្ជា​ឱ្យ​យក​រថយន្ដ​ដាក់​ពាំង​ធ្វើជា​បា​រ៉ា​ស់ ប៉ុន្ដែ​រថយន្ដ​ដឹក​គ្រញូង បាន​បើករថយន្ដ​គេចផុត ។ ក្រោយ​ចាប់បាន​រថយន្ដ និង​វាយខ្នោះ​អ្នកបើករថយន្ដ​ទាំងពីរ​នាក់ កម្លាំង​សមត្ថកិច្ច​បាន​បញ្ជូនទៅ​កាន់​ស្នងការ​នគរបាល​ខេត្ដ​កណ្តាល​ដើម្បី​ចាត់ការ​បន្ដ ៕

08-m (2) 08-m (1) 08-m (1)